ជាតិ
សេដ្ឋកិច្ច
ប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់អង់គ្លេសសម្រាប់កម្ពុជា ចាប់អនុវត្តនៅខែមេសា
15, Feb 2023 , 3:49 pm        
រូបភាព
លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មី​នៅក្នុងព្រះសីហនុ កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣
លោក Dominic Williams ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ផ្តល់បទសម្ភាសឱ្យសារព័ត៌មានថ្មី​នៅក្នុងព្រះសីហនុ កាលពីថ្ងៃទី១៣កុម្ភៈ ឆ្នាំ២០២៣
ដោយ៖ ម៉េង​ សៀវម៉ី 

ព្រះសីហនុ៖ អង់គ្លេស នឹងចាប់ផ្តើមអនុវត្តប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីសម្រាប់កម្ពុជា ក្នុងខែមេសា។​ ប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មថ្មីនេះ គឺមានលក្ខណៈនិងអត្ថប្រយោជន៍ស្រដៀងគ្នាទៅនឹងប្រព័ន្ធអនុពន្ធគ្រោះGSP។

 
Generalized System of Preferences (GSP) របស់ប្រទេសអង់គ្លេសសម្រាប់ផ្តល់ឱ្យប្រទេសកំពុងអភិវឌ្ឍន៍ នឹងត្រូវជំនួសដោយប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្ម Developing Countries Trading Scheme (DCTS)។ លោក Dominic Williams ឯកអគ្គរដ្ឋទូតប្រទេសអង់គ្លេសប្រចាំនៅកម្ពុជា បានលើកឡើងថា កម្ពុជា​ គឺស្ថិតក្នុងបញ្ជី​ដោយ​ស្វ័យ​ប្រវត្តិ​​ក្នុង​ចំណោម​ប្រទេស​ដែលទទួល​បាន​ផលពីប្រព័ន្ធអនុគ្រោះDCTS។
 
កន្លងមក កម្ពុជាទទួលបានអត្ថប្រយោជន៍រួចហើយពីប្រព័ន្ធអនុគ្រោះពន្ធGSP របស់រដ្ឋាភិបាលប្រទេសអង់គ្លេសក្នុងការនាំចេញសម្លៀកបំពាក់ ស្បែក កង់ ជាដើម ទៅកាន់ទីផ្សារប្រទេសនេះ ដោយគ្មានរបាំងពន្ធឡើយ។ សម្រាប់ប្រព័ន្ធអនុគ្រោះDCTS ដែលនឹងជំនួសGSPនេះ ត្រូវបានឱ្យកែលម្អនូវការអនុគ្រោះពន្ធច្រើន ទាក់ទងនឹងប្រភពដើមនៃទំនិញដែលបាននាំចេញពីកម្ពុជាទៅទីផ្សារអង់គ្លេស។
 
«ការផ្លាស់ប្តូរដ៏សំខាន់រវាង GSP និង DCTS គឺអំពីច្បាប់នៃប្រភពដើម»។ លោក Williams បាននិយាយមកកាន់សារព័តមានថ្មីៗ(ThmeyThmey) នាថ្ងៃទី១៣កុម្ភៈ ដោយបន្តថា ប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មថ្មីនេះផ្តល់ភាពកាន់តែងាយស្រួលសម្រាប់កម្ពុជា ក៏ដូចប្រទេសកំពុងអភិវឌ្ឍន៍ផ្សេងទៀត​ក្នុងការផលិតទំនិញដើម្បីនាំទៅកាន់ទីផ្សារប្រទេសអង់គ្លេស។  
 
បើតាមលោក Williams ប្រព័ន្ធអនុគ្រោះពន្ធ DCTS នឹងចាប់ផ្តើមអនុវត្តនៅខែមេសា ឆ្នាំ២០២៣ ហើយសម្រាប់កម្ពុជាមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលបានប្រព័ន្ធអនុគ្រោះប្រព័ន្ធដោយស្វ័យប្រវត្តិ។ លោកបានបញ្ជាក់ថា ៖ « DCTS នឹងបន្តដរាបណាកម្ពុជាជាប្រទេសអភិវឌ្ឍន៍តិចតួច ដែលកំណត់ដោយអង្គការសហប្រជាជាតិ»។
 
កម្ពុជាត្រូវបានចុះបញ្ជីជាប្រទេសអភិវឌ្ឍន៍តិចតួចបំផុតក្នុងពិភពលោកចាប់តាំងពីឆ្នាំ១៩៩១ ដោយអង្គការសហប្រជាជាតិ។ ការអភិវឌ្ឍសេដ្ឋកិច្ចឥតឈប់ឈរក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ នឹង អនុញ្ញាតឱ្យកម្ពុជាក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០។ 
 
«ដូច្នេះ​ យើង​រំពឹង​ថា​កម្ពុជា​នឹង​រីករាយ​ជាមួយ​ប្រព័ន្ធអនុគ្រោះពន្ធរបស់យើងសម្រាប់ប្រទេស​កំពុង​អភិវឌ្ឍន៍​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ទៀត»។ នេះការលើកឡើងរបស់ឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេសដែលសង្ឃឹម DCTS នឹងជួយជំរុញការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអង់គ្លេសបន្ថែមទៀត។
 
លោក Williams បាននិយាយដូច្នេះ៖ « ខ្ញុំសង្ឃឹមថា វានឹងកើនឡើង ពីព្រោះមានការផ្លាស់ប្តូរមួយចំនួននៅក្នុង DCTS ដែលធ្វើឲ្យអ្វីៗកាន់តែងាយស្រួលសម្រាប់កម្ពុជាក្នុងការនាំចេញទៅកាន់ចក្រភពអង់គ្លេស»។
 
អង់គ្លេសជាចំណែកទីផ្សារដ៏សំខាន់មួយក្នុងការបញ្ជាទិញទំនិញពីកម្ពុជា ដែលលក្ខណៈដូចនឹងទៅសហភាពអឺរ៉ុប។ ទំនិញដែលកម្ពុជានាំទៅទីផ្សារប្រទេសនេះមាន សម្លៀកបំពាក់ ស្បែកជើង កង់ និងកសិផលមួយចំនួន...ជាដើម។ 
 
ជុំវិញនៃអនុវត្តការប្រព័ន្ធអនុគ្រោះពន្ធថ្មីរបស់អង់គ្លេសសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍នេះ  កម្ពុជានឹងខិតខំជំរុញការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារប្រទេសបន្ថែមទៀត តាមរយៈការធ្វើពិពិធកម្មទំនិញ។ ជាពិសេស គឺជំរុញការនាំចេញផលិតផលកសិកម្ម។ 
 
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបាននិយាយប្រាប់សារព័ត៌មានថ្មីៗ(ThmeyThmey)យ៉ាងដូច្នេះ៖ «យើងចង់នាំចេញផលិតផលសម្គាល់ភូមិសាស្ត្រទំនិញ ដែលបច្ចុប្បន្នយើងមានច្រើនដែរគឺបាននាំទៅទីផ្សារអឺរ៉ុប ហើយយើងក៏ចង់នាំផលិតផលកសិកម្មបន្ថែមទៀតទៅកាន់បណ្តាប្រទេសនៅសហភាពអឺរ៉ុប រួមទាំងអង់គ្លេស ផងដែរ»។
 
ផលិតផលសម្គាល់ភូមិសាស្ត្រ(GI) របស់កម្ពុជាដែលត្រូវនាំចេញ និងទទួលបានការគាំទ្រខ្លាំងពីទីផ្សារអឺរ៉ុបនោះ គឺម្រេចកំពត និងស្ករត្នោត។ ក្រៅពីនេះក្រូចកោះទ្រង់ ក៏ជាផលិតផលសម្គាល់ភូមិសាស្ត្រ ផងដែរ ខណៈបច្ចុប្បន្ន កម្ពុជាត្រៀមចុះបញ្ជីនូវម៉ាកសម្គាល់ភូមិសាស្ត្រលើទំនិញចំនួន៤ប្រភេទទៀត។ ក្នុងនោះមាន អំបិលកំពតកែប, បង្កងតាកែវ, ទឹកត្រីកំពតកែប និងក្តាមថ្មកោះកុង។ 
 
បើតាមលោក ប៉ែន សុវិជាតិ លើសតែពីការជំរុញនាំចេញផលិតផលកសិកម្ម និង ផលិតផលសម្គាល់ភូមិសាស្ត្រទំនិញដែលបន្ថែមលើការនាំចេញផលិតផលក្នុងវិស័យកាត់ដេរ និងកម្មន្តសាល ហើយនោះ កម្ពុជាក៏កំពុងសិក្សាលទ្ធភាពក្នុងការបង្កើតទំនាក់ទំនងពាណិជ្ជកម្មស៊េរីទ្វេភាគីជាមួយអង់គ្លេស ផងដែរ។ «យើងបានសិក្សា ហើយឃើញសក្កានុពលច្រើនដែរ  តែ[ការសិក្សានោះ]មិនទាន់ចេញជារូបរាងទេ គ្រាន់ស្ថិតក្នុងការវាយតម្លៃបឋម»។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម  ដែលសម្លឹងឃើញអង់គ្លេសជាទីផ្សារសក្កានុពលមួយ ដែលអាចធ្វើឱ្យកម្ពុជាអាចពិពិធកម្មទីផ្សារបានបន្ថែមទៀត។ 
 
បើតាមលោក សុវិជាតិ ការធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយអង់គ្លេស គឺអាចមានភាពងាយស្រួល ពីព្រោះអង់គ្លេសបានចាក់ចេញពីសហភាពអឺរ៉ុប ដែលមិនក្នុងក្រមខណ្ឌរដ្ឋបាលគយអឺរ៉ុបទៀតឡើយ។
 
យោងតាមស្ថិតិពាណិជ្ជកម្មរបស់អគ្គនាយកដ្ឋាន និងរដ្ឋាករកម្ពុជា ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអង់គ្លេស សម្រេចបានក្នុងរង្វង់ទឹកប្រាក់ ៩៧៧លាននដុល្លារ ដែលក្នុងអត្រា ២៣,៩ភាគរយ ធៀនឹងឆ្នាំ២០២១៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com