ជាតិ
សេដ្ឋកិច្ច
កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភ្នំពេញ រកចំណូលបាន១២៦លានដុល្លារ ក្នុងឆ្នាំ២០២២
15, Feb 2023 , 9:59 pm        
រូបភាព
 រូបតំណាង យកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
រូបតំណាង យកពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ។
ដោយ:
ភ្នំពេញ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ នៅក្នុងឆ្នាំ២០២២ រកចំណូលបាន ១២៦លានដុល្លារអាម៉េរិក។ ចំណូល បានកើនឡើងប្រមាណ ២៩ភាគរយ បើធៀបនឹងឆ្នាំ២០២១។

 
លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែស្វ័យ័តក្រុងព្រះសីហនុ មានទំនិញឆ្លងកាត់ប្រមាណ ៥,៣លានតោន មានចំណូលប្រមាណ ៨៦លានដុល្លារអាម៉េរិក និងកំពង់ផែស្វយ័តភ្នំពេញ មានទំនិញឆ្លងកាត់ ៤,២លានតោន មានចំណូលប្រមាណ ៤០លានដុល្លារអាម៉េរិក។


 លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្លែងក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង។
 
លោក ស៊ុន ចាន់ថុល បានមានប្រសាសន៍ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ នៅថ្ងៃទី១៥-១៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ដោយបញ្ជាក់ថា ក្រសួង កំពុងអភិវឌ្ឍ និងធ្វើទំនើបកម្មចំណតផែកុងតឺន័រថ្មី តាមរយៈការសិក្សាជាមួយ JICA ដើម្បីប្រែក្លាយជាកំពង់ផែដ៏មានសក្ដានុពល ក្នុងការគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រ ។
 
បច្ចុប្បន្ន គម្រោងនេះ កំពុងស្ថិតក្នុងនីតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនសាងសង់ និងសិក្សាសមិទ្ធិលទ្ធភាព សាងសង់ផែកុងតឺន័រ ជំហានទី២ និងជំហានទី៣ ។ ក្នុងនោះ ជំហានទី២ រៀបចំប្រវែង៤០០ម៉ែត្រ ជម្រៅទឹក ១៦ម៉ែត្រ និង ជំហានទី៣ ប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ។
 
ចំណែកកំពង់ផែស្វយ័តភ្នំពេញវិញ មានទំនិញឆ្លងកាត់ប្រមាណ ៤,២លានតោន កើនឡើង ៩ភាគរយ និងចំណូលសរុបមានប្រមាណ ១៦៣ប៊ីលានរៀល (ប្រមាណ ៤០លានដុល្លារអាមេរិក) កើនឡើង ១៧,១០ភាគរយ ធៀបនឹងការអនុវត្តឆ្នាំ២០២១។
 
លោក ស៊ុន ចាន់ថុល បានបញ្ជាក់ថា កំពង់ផែស្វ័យតភ្នំពេញនេះ បានបញ្ចប់ការងារសាងសងមួយចំនួន រួមមានការងារសាងសង់ទីលានស្តុកកុងតឺន័រជំហានទី៣ ដំណាក់កាលទី២(ប្លង់B), ហេដ្ឋារចនាសម្ព័ន្ធគាំទ្រមួយចំនួននៅចំណតផែកុងតឺន័រ LM១៧, ការសាងសង់ស្ពានផែគីឡូលេខ៦ និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅចំណតផែពហុបំណងទន្លេបិទ(UM២) និង ការងារសាងសង់ស្ពានផែទេសចរណ៍ចំនួន ៣ទីតាំង នៅចំណតផែពហុបំណង(TS៣) ។
 
លោក ស៊ុន ចាន់ថុល បានបន្ថែមថា គម្រោងនេះ នឹងប្ដូរមុខមាត់នៃការដឹកជញ្ជូនតាមផ្លូវទឹក ដែលបានប្រើប្រាស់ផ្លូវទឹកទន្លេមេគង្គ។ បច្ចុប្បន្នរដ្ឋាភិបាលគ្រោងប្រើប្រាល់ផ្លូវទឹក តាមទន្លេបាសាក់មួយទៀត ដើម្បីកាត់បន្ថយលើការចំណាយដឹកជញ្ជូន កាត់បន្ថយតម្លៃ និងកាត់បន្ថយនីតិវិធី នៅពេលកាប៉ាល់ចេញពីផ្លូវទឹកកម្ពុជាទៅសមុទ្រ៕ 
 
 

Tag:
 កំពង់ផែស្វ័យព្រះសីហនុ
  សេដ្ឋកិច្ចជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com