ជាតិ
ក្រសួងកិច្ចការនារី ថាទង្វើអសីលធម៌របស់បុគ្គលមួយចំនួនតូចចំពោះស្ត្រី នាំឱ្យសាធារណជនថ្នាំងថ្នាក់រដ្ឋាភិបាល
16, Feb 2023 , 9:52 am        
រូបភាព
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី
ដោយ: រួបរួម
ក្រសួងកិច្ចការនារី តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន នាថ្ងៃទី១៥ ខែកុម្ភៈ បានសំដែងការសោកស្តាយ និងមិនគាំទ្រចំពោះរាល់សកម្មភាព និងទង្វើទាំងឡាយណា ដែលមានចរិតហិង្សា អសីលធម៌ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និងតម្លៃរបស់ស្ត្រីខ្មែរ។

 
សេចក្តីប្រកាសព័ត៌មាន ដោយមិនបានសំដៅចំពោះករណីណាមួយជាក់លាក់នោះ បានវាយតម្លៃថា សកម្មភាពដែលធ្វើឱ្យប៉ះពាល់កិត្តិយស និងតម្លៃស្ត្រីខ្មែរនោះ ផ្តល់គំរូមិនល្អ សម្រាប់យុវជន យុវតី កុមារា កុមារី ជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សី និងសសរទ្រូងរបស់ប្រទេសជាតិ។
 
«បាតុភាពនៃការប្រើប្រាស់ពាក្យសំដីមិនសមរម្យ អសុរោះ ប្រាសចាកសុជីវធម៌ និងសីលធម៌ តាមបណ្តាញសង្គម ដោយបុគ្គលមួយចំនួនតូច ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់បុគ្គលជាស្ត្រី ព្រមទាំងធ្វើឱ្យសាធារណជន មានការថ្នាំងថ្នាក់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់ និងការពារសិទ្ធិស្ត្រីគ្រប់រូប ដោយគ្មានការរើសអើង»។ ក្រសួងកិច្ចការនារី បានរៀបរាប់យ៉ាងដូច្នេះ។
 

ជាមួយគ្នានេះ ក្រសួងកិច្ចការនារី អំពាវនាវដល់បុគ្គលដែលមានវិវាទនឹងគ្នា ប្រកាន់យកនូវការដោះស្រាយដោយសន្តិវិធី។ ក្រសួងបង្ហាញការដឹងគុណ ចំពោះសាធារណជនដែលបានសំដែងការមិនពេញចិត្ត ចំពោះបាតុភាពអសកម្មទាំងឡាយ សំដៅលើកកម្ពស់សីលធម៌សង្គម សេចក្តីថ្លៃថ្នូរ របស់ពលរដ្ឋខ្មែរ ព្រមទាំងរក្សាតម្លៃស្ត្រីខ្មែរ។

នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ សាធារណជនមួយចំនួនបានបង្ហាញពីការមិនពេញចិត្ត ចំពោះអ្នកប្រើប្រាស់បបណ្តាញសង្គមដ៏ល្បីល្បាញមួយរូប ដែលបានសរសេរសារលើហ្វេសប៊ុក ក្នុងន័យប្រមាថ អ្នកកាសែតស្ត្រីម្នាក់នៃស្ថាប័ន VOD។
 
បង្ហោះលើហ្វេសប៊ុកនា ថ្ងៃទី១១ខែកុម្ភៈ អ្នកប្រើប្រាស់បណ្តាញសង្គមរូបនោះ បានសរសេររិះគន់ស្ត្រីអ្នកសារព័ត៌មានVOD ជាមួយនឹងខ្លឹមសារបន្ទាបតម្លៃស្ត្រី បន្ទាប់ពីបានរាយការណ៍និងចេញផ្សាយអត្ថបទក្រោមចំណងជើងថា៖ «មន្ត្រីរដ្ឋាភិបាលថា ការដែលលោក ហ៊ុន ម៉ាណែត ដើរតួនាទីជំនួសឪពុកក្នុងការផ្ដល់ជំនួយឱ្យតួកគី មិនមែនជារឿងខុសឆ្គង»។
 
 
កាលពីថ្ងៃទី១៤ ខែកុម្ភៈ ក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ បានរួមគ្នាសរសេរលិខិតទៅរដ្ឋមន្ត្រីក្រសួងកិច្ចការនារី ក្រសួងព័ត៌មាន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឱ្យចាត់វិធានការតឹងរឹង ចំពោះទង្វើរបស់លោក ផែង វណ្ណៈ ដែលបានប្រើប្រាស់មាតិកាមិនសមរម្យ ការប្រមាថ មាក់ងាយ និងបៀតបៀនទៅលើស្រ្តីអ្នកសារព័ត៌មាន ដើម្បីអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តី និងទប់ស្កាត់រាល់មាតិកាដែលបង្កប់នូវខ្លឹមសារប្រមាថមាក់ងាយ ដល់ស្រ្តី និងបុគ្គលគ្រប់អត្តសញ្ញាណយេនឌ័រ កុំឲ្យកើតឡើងបន្តទៀត៕
 

© រក្សាសិទ្ធិដោយ thmeythmey.com