ជាតិ
កំពង់ចាម ជាខេត្តអស់មីនទី៧
16, Feb 2023 , 6:59 pm        
រូបភាព
ភ្នំពេញ៖ ខេត្តកំពង់ចាម ត្រូវបានអាជ្ញាធរមីនប្រកាសជាខេត្តអស់មីនទី៧ នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម» និងឆ្ពោះទៅរកកម្ពុជា គ្មានមីនឆ្នាំ២០២៥។។ អង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នឹងបន្តបោសម្អាតមីនខេត្តចំនួន៤ ទៀត ឱ្យក្លាយជាខេត្តអស់មីន មុនថ្ងៃពិធីបុណ្យចូលឆ្នាំខ្មែរ។



បើតាមលោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ថ្លែងក្នុងពិធីការប្រកាសខេត្តកំពង់ចាមអស់មីន ខេត្តកំពង់ចាម គឺជាខេត្តទី៧ ត្រូវបានប្រកាសជាខេត្តអស់មីន បន្ទាប់ពីខេត្តស្ទឹងត្រែង ខេត្តកែប ខេត្តព្រៃវែង ភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តត្បូងឃ្មុំ ដែលត្រូវបានប្រកាសជាផ្លូវការ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។
  

លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ក្នុងពិធី ការប្រកាសខេត្តកំពង់ចាមអស់មីន។ រូបភាពពី៖ អាជ្ញាធរមីន
 
កម្លាំងបោសសម្អាតមីនរបស់មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (ស៊ីម៉ាក់) បានបោសសម្អាតមីនក្នុងខេត្តកំពង់ចាម លទំហំផ្ទៃដីសរុបចំនួន ០,៩៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ១១ ចម្ការមីន។ 
 
យ៉ាងណាមិញ អាជ្ញាធរមីន ​បានបញ្ជាក់បន្ថែមថា ខេត្តកំពង់ចាម នៅសល់ផ្ទៃដីសង្ស័យមានគ្រាប់បែកចង្កោម និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ប្រមាណជាង ៦៧ គីឡូម៉ែត្រក្រឡា ស្មើនឹង ៣៩០ ចម្ការគ្រាប់ទៀត ស្ថិតនៅពាសពេញខេត្ត។
 
ដោយឡែក ខេត្តចំនួន ០៤ ទៀត រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តស្វាយរៀង ខេត្តតាកែវ និងខេត្តកំពត នឹងត្រូវប្រកាសផងដែរ ជាខេត្តអស់មីន មុនចូលឆ្នាំខ្មែរខាងមុខនេះ ដោយប្រើប្រាស់ថវិកាពីគម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន ដំណាក់កាលទី១។
 
គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ផ្ទៃដីសង្ស័យមានមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅខេត្តកំពង់ចាម សរុបប្រមាណជាង ៤៦,២ គីឡូម៉ែត្រក្រឡា ដែលត្រូវបានបោសសម្អាតរួចរាល់។ ក្រៅពីនេះ ក៏បានរកឃើញ និងកម្ទេចចោលគ្រាប់មីនប្រឆាំងមនុស្សចំនួន ១៤០៦ គ្រាប់ មីនប្រឆាំងរថក្រោះ ១៤២ គ្រាប់ និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដទៃទៀត ៦៣ ៥៧៤ គ្រាប់ ដោយប្រតិបត្តិករជាតិចំនួន ២ រួមមានអង្គភាពស៊ីម៉ាក់ និងមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព៕
 

Tag:
 ខេត្តកំពង់ចាម
  មីន
© រក្សាសិទ្ធិដោយ thmeythmey.com