អន្តរជាតិ
កូរ៉េខាងជើង ព្រមានចាត់វិធានការឆ្លើយតបដ៏ខ្លាំងក្លាលើសមយុទ្ធកូរ៉េខាងត្បូង និងអាម៉េរិក
17, Feb 2023 , 4:59 pm        
រូបភាព
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព AFP
លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង។ រូបភាព AFP
កូរ៉េខាងជើង នៅថ្ងៃទី១៧ ខែកុម្ភៈ បានព្រមានថា កូរ៉េខាងត្បូង និងអាម៉េរិក នឹងប្រឈមការប្រឆាំងតបដ៏ខ្លាំងក្លា ប្រសិនបើប្រទេសទាំងពីរ បន្តអនុវត្តផែនការធ្វើសមយុទ្ធយោធារួមគ្នា។ កូរ៉េខាងជើង ក៏បានចោទសមយុទ្ធនោះផងដែរថា ធ្វើឱ្យមានភាពតានតឹងនៅក្នុងតំបន់។

 
ក្រសួងការបរទេសកូរ៉េខាងជើង បានចេញសេចក្តីថ្លែងការណ៍មួយនៅក្នុងថ្ងៃទី១៧ ខែកុម្ភៈ ជុំវិញចំណាត់ការរបស់អាម៉េរិកនៅក្នុងក្រុមប្រឹក្សាសន្តិសុខ (UNSC) និងសមយុទ្ធយោធារវាងក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន។ តាមរយៈសេចក្តីថ្លែងការណ៍បង្ហោះលើវេបសាយទីភ្នាក់ងារព័ត៌មាន KCNA ប្រទេសទាំងពីរនឹងរងការឆ្លើយតបខ្លាំងក្លា ប្រសិនបើបន្តអនុវត្តផែនការសមយុទ្ធយោធា។ 
 
«ក្នុងករណីអាម៉េរិក និងកូរ៉េខាងត្បូង បន្តអនុវត្តផែនការដែលប្រកាសរួចលើសមយុទ្ធយោធា ដែលកូរ៉េខាងជើងចាត់ទុកជាការត្រៀមខ្លួនសម្រាប់សង្រ្គាមឈ្លានពាន ពួកគេនឹងរងការប្រឆាំង និងចំណាត់ការឆ្លើយតបដ៏ម៉ត់ចត់»។ ក្រសួងការបរទេសកូរ៉េខាងជើង បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា បើអាម៉េរិកមានជម្រើសបង្ហាញសាច់ដុំ កូរ៉េខាងជើងក៏មានជម្រើសធ្វើបែបនេះដូចគ្នា។ 
 
បន្ថែមពីនេះ រដ្ឋាភិបាលក្រុងព្យុងយ៉ាង ក៏បានរិះគន់ក្រុងវ៉ាស៊ីនតោននៅក្នុងក្រុមប្រឹក្សាសន្តិសុខផងដែរ ទាក់ទិននឹងការដាក់ចំណាត់ការមកលើខ្លួន។ បើតាមក្រសួងការបរទេសកូរ៉េខាងជើង អាម៉េរិកបានបរាជ័យ ក្នុងការបើកកិច្ចប្រជុំទាក់ទិននឹងបញ្ហាកូរ៉េខាងជើង នៅខែមករាកន្លងមក ដើម្បីចាត់វិធានការលើកូរ៉េខាងជើងក្នុងការអនុវត្តសិទ្ធិការពារខ្លួន។ ពាក់ព័ន្ធនឹងសិទ្ធិការពារខ្លួននេះ ក្រុងព្យុងយ៉ាងទំនងសំដៅ ការពង្រឹងសមត្ថភាពអភិវឌ្ឍអាវុធ និងកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។​
 
បើតាមកូរ៉េខាងជើង អាម៉េរិក បានប្រើប្រាស់ក្រុមប្រឹក្សាសន្តិសុខ ដែលទទួលខុសត្រូវខ្ពស់លើការថែរក្សាសន្តិសុខ និងសន្តិភាពអន្តរជាតិ ទៅជាឧបករណ៍នៃគោលនយោបាយខុសច្បាប់របស់ខ្លួនចំពោះកូរ៉េខាងជើង ដែលមិនគួរអនុញ្ញាតឱ្យមានតទៅទៀតឡើយ។ 
 
ក្នុងសេចក្តីថ្លែងការណ៍ដដែលនោះ ក្រុងព្យុងយ៉ាង បានចាត់ទុកសកម្មភាពយោធារបស់អាម៉េរិក និងកូរ៉េខាងត្បូងបង្កឱ្យមានអស្ថិរភាព និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ និងពិភពលោកផង។ 
 
បន្ថែមពីនេះ កូរ៉េខាងជើង បានបង្ហាញការសោកស្តាយចំពោះសហគមន៍អន្តរជាតិ ដែលមិនមានសំឡេងតែមួយប្រឆាំងនឹងសកម្មភាព មិនសមរម្យរបស់អាម៉េរិក ដែលបំពាននឹងគោលការណ៍ និងគោលបំណងធម្មនុញ្ញអង្គការសហប្រជាជាតិ ជុំវិញការគោរពអធិបតេយ្យ និងការមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង។ 
 
សូមបញ្ជាក់ថា​ កន្លងមក អាម៉េរិក បានប្តេជ្ញាការពារកូរ៉េខាងត្បូង ក្រោមសមត្ថភាពពេញលេញរបស់ខ្លួនទាំងអស់ រួមទាំងអាវុធនុយក្លេអ៊ែរផង។ មិនតែប៉ុណ្ណោះ ក្រុងសេអ៊ូលបានហៅក្រុងព្យុងយ៉ាងជាសត្រូវថែមទៀតនៅក្នុង «សៀវភៅស» ថ្មីរបស់ខ្លួន៕ 
 

Tag:
 កូរ៉េខាងជើង
  កូរ៉េខាងត្បូង
  អាម៉េរិក
© រក្សាសិទ្ធិដោយ thmeythmey.com