អន្តរជាតិ
អ៊ុយក្រែនទទូចជាថ្មីឱ្យមេដឹកនាំពិភពលោក ពន្លឿនការផ្តល់អាវុធ មុនខួបឈ្លានពាន១ឆ្នាំ
18, Feb 2023 , 10:29 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងតាមប្រព័ន្ធវីដេអូនៅក្នុងសន្និសីទសន្តិសុខក្រុងម៉ូនិកក្នុងថ្ងៃទី១៧ ខែកុម្ភៈ។ រូបភាព AP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ថ្លែងតាមប្រព័ន្ធវីដេអូនៅក្នុងសន្និសីទសន្តិសុខក្រុងម៉ូនិកក្នុងថ្ងៃទី១៧ ខែកុម្ភៈ។ រូបភាព AP
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៧ ខែកុម្ភៈ បានជំរុញឱ្យមេដឹកនាំពិភពលោក ពន្លឿនការផ្តល់អាវុធ ដើម្បីទប់ជាមួយរុស្ស៊ី មុនខួបឈ្លានពាន ១ឆ្នាំ។ បើតាមលោក ហ្សេលេនស្គី វាគ្មានឡើយការផ្លាស់ប្តូរ ចំពោះជ័យជម្នះរបស់អ៊ុយក្រែន។

 
មុនខួបមួយឆ្នាំនៃរុស្ស៊ីចូលឈ្លានពានអ៊ុយក្រែន សន្និសីទសន្តិសុខក្រុងម៉ូនិច (Munich Security Conference) ត្រូវបានរៀបចំឡើងនៅថ្ងៃទី១៧ ខែកុម្ភៈ។ ក្នុងសន្និសីទនេះ លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ន ប្រធានាធិបតីអ៊ុយក្រែន ត្រូវបានអនុញ្ញាតឱ្យថ្លែងសុន្ទរកថា តាមប្រព័ន្ធវីដេអូ ខណៈមេដឹកនាំផ្សេង បានចូលរួមដោយផ្ទាល់។ 
 
«យើងត្រូវតែប្រញាប់ឡើង។ យើងត្រូវការល្បឿន...ល្បឿននៃការដឹកជញ្ជូនអាវុធ...ល្បឿននៃការធ្វើសេចក្តីសម្រេច ដើម្បីកម្រិតការវាយប្រហាររបស់រុស្ស៊ី»។ ប្រធានាធិបតីអ៊ុយក្រែន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថាគ្មានឡើយការផ្លាស់ប្តូរ ចំពោះជ័យជម្នះអ៊ុយក្រែន ។ 
 
ទន្ទឹមនឹងនេះ មេដឹកនាំអ៊ុយក្រែនក៏បានព្រមានផងដែរថា លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតី រុស្ស៊ី នឹងមិនបញ្ឈប់ការឈ្លានពានត្រឹមអ៊ុយក្រែនឡើយ។ ត្រង់ចំណុចនេះ លោកហ្សេលេនស្គី ទំនងចង់មានន័យថា រុស្ស៊ីក្រោមការដឹកនាំរបស់លោកពូទីន អាចនឹងឈ្លានពានប្រទេស ផ្សេងទៀត នៅពេលខាងមុខ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Al Jazeera។ 
 
ក្នុងសន្និសីទដដែល មេដឹកនាំអាល្លឺម៉ង់ និងបារាំង បានស្នើឱ្យមានការផ្តល់ជំនួយរថក្រោះ និងយោធាបន្ថែមទៅអ៊ុយក្រែន ដើម្បីទប់ជាមួយរុស្ស៊ីផងដែរ។ 
 
សូមបញ្ជាក់ថា ការជំរុញឱ្យមានការពន្លឿនអាវុធ និងជំនួយយោធាបន្ថែមខាងលើនេះ ធ្វើឡើងស្របពេលរដ្ឋាភិបាលក្រុងកៀវ រំពឹងថា នឹងមានការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ក្រុងមូស្គូ នៅក្នុងខួបមួយឆ្នាំនៃការឈ្លានពាន៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com