អន្តរជាតិ
សេតវិមាន៖ អាមេរិក និងចិននៅតែបន្តទំនាក់ទំនងការទូតប៉ុន្តែបិទទំនាក់ទំនងផ្នែកយោធា
18, Feb 2023 , 5:59 pm        
រូបភាព
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន។ រូបភាព AFP
លោក John Kirby អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន។ រូបភាព AFP
សេតវិមានបានលើកឡើងនាថ្ងៃទី១៧ខែកុម្ភៈថា ទំនាក់ទំនងការទូតរបស់អាមេរិកជាមួយចិននៅតែបើកចំហបន្ទាប់ពីការបាញ់ទម្លាក់បាឡុងស៊ើបការណ៍របស់ចិនថ្មីៗនេះ ប៉ុន្តែទំនាក់ទំនងរវាងយោធារបស់ប្រទេសទាំងពីរនៅតែបិទ។

 
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមានលោក John Kirby ថ្លែងនៅសន្និសីទកាសែត ថ្ងៃទី១៧ កុម្ភៈថា វាមិនមែនជាពេលវេលាត្រឹមត្រូវសម្រាប់ប្រមុខការទូតអាមេរិក លោកអាន់តូនី ប្លីងខិន ក្នុងការធ្វើដំណើរទៅចិននោះទេ បន្ទាប់ពីលោកបានពន្យារពេលការធ្វើដំណើរពីថ្ងៃទី ៥ និងទី៦ ខែកុម្ភៈជុំវិញរឿងបាឡុងចិន។ ប៉ុន្តែប្រធានាធិបតីអាម៉េរិក លោកចូ បៃឌិន នៅតែចង់ពិភាក្សាជាមួយប្រធានាធិបតីចិន លោកស៊ី ជីនភីង ក្នុងពេលដែលសមរម្យ។
 
បន្ថែមពីនេះ អ្នកការទូតចិន និងអាមេរិកនៅតែអាចរក្សាទំនាក់ទំនង ទោះបីជាមានភាពតាន តឹងជុំវិញហេតុការណ៍បាឡុងចិនក្ដី។
 
«ខ្ញុំទទួលស្គាល់ថាមានភាពតានតឹង ប៉ុន្តែរដ្ឋមន្រ្តីប្លីងខិននៅតែមានទំនាក់ទំនងបើកចំហជាមួយរដ្ឋមន្ត្រីការបរទេស (ចិន) ។ យើងនៅតែមានស្ថានទូតមួយនៅទីក្រុងប៉េកាំង ហើយក្រសួងការបរទេសក៏អាចទំនាក់ទំនងដោយផ្ទាល់ជាមួយបុគ្គលិកស្ថានទូតចិននៅទីនេះផងដែរ»។ លោក Kirby បានលើកឡើងបែបនេះរួចបន្តថា ជាអកុសលខ្សែទំនាក់ទំនងយោធាមិនបានបើកទេហើយនោះជាអ្វីដែលអាមេរិកចង់ឃើញក្នុងការកែប្រែ។ 
 
ជាការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Kirby បានបន្ថែមថា ទីក្រុងវ៉ាស៊ីនតោន មិនបានស្នើសុំការហៅទូរស័ព្ទជាផ្លូវការជាមួយលោកស៊ីទេ ប៉ុន្តែនោះមិនមានន័យថា វានឹងមិនកើតឡើងឡើយ ដោយប្រធានាធិបតីអាម៉េរិកនឹងសន្ទនាជាមួយចិននៅពេលណាមួយដែលសមស្រប។
 
ការអត្ថាធិប្បាយរបស់លោក Kirby បានកើតឡើងនៅពេលដែលមន្ត្រីអាមេរិកកំពុងសម្លឹង មើលលទ្ធភាពនៃកិច្ចប្រជុំរវាងលោកប្លីងខិន និងអ្នកការទូតកំពូលរបស់ចិនលោកវ៉ាង យីនៅក្រៅសន្និសីទសន្តិសុខ ក្រុងMunich ដែលបានចាប់ផ្តើមនៅថ្ងៃទី១៧ ខែកុម្ភៈ។
 
គួរបញ្ជាក់ថា ចិនបានកាត់ផ្តាច់បណ្តាញទំនាក់ទំនងយោធាទ្វេភាគីមួយចំនួន និងផ្នែកផ្សេង ទៀតនៃកិច្ចសន្ទនាទ្វេភាគីបន្ទាប់ពីដំណើរទស្សនកិច្ចកាលពីខែសីហាទៅកាន់កោះតៃវ៉ាន់ ដោយមន្ត្រីអាមេរិកនៅពេលនោះ។ កាលពីថ្ងៃទី១៦ ខែកុម្ភៈលោកបៃឌិននិយាយថា លោក រំពឹងនឹងពិភាក្សាជាមួយលោកស៊ីអំពីរឿងបាឡុងចិន៕

Tag:
 អាម៉េរិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com