ជាតិ
សិល្បះ
ស្ថានភាពជំងឺតារាកំប្លែងនាយ ក្តឹប កាន់តែធ្ងន់ធ្ងរ
18, Feb 2023 , 4:39 pm        
រូបភាព
តារាកំប្លែង នាយក្តឹប គ្រាដែលជំងឺលោកមិនទាន់ធ្ងន់ធ្ងរ។ រូបភាពនេះ ត្រូវបានផ្សាយនៅទំព័រហ្វេសប៊ុកសិល្បករកម្ពុជា និងសង្គម នៅអំឡុងខែមិថុនា ឆ្នាំ២០២២
តារាកំប្លែង នាយក្តឹប គ្រាដែលជំងឺលោកមិនទាន់ធ្ងន់ធ្ងរ។ រូបភាពនេះ ត្រូវបានផ្សាយនៅទំព័រហ្វេសប៊ុកសិល្បករកម្ពុជា និងសង្គម នៅអំឡុងខែមិថុនា ឆ្នាំ២០២២
ដោយ:
ភ្នំពេញ៖ លោក ឃុន ចាន់ក្តឹប ហៅនាយក្តឹប កំពុងធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរ ដោយសារជំងឺសម្ពាធសរសៃឈាម និងរោគបេះដូង។ លោកបានធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំ ប៉ុន្តែអំឡុងពេល៤ថ្ងៃចុងក្រោយនេះ ស្ថានភាពកាន់តែធ្ងន់ធ្ងររហូត មិនអាចពិសាអាហារបាន និងអាចត្រឹមដកដង្ហើមខ្លីៗ ទាំងបិទភ្នែកប៉ុណ្ណោះ។



លោក រស់ សុភ័ក ជាកូនប្រសាររបស់លោក ឃុន ចាន់ក្តឹប បានប្រាប់សារព័ត៌មានThmeythmeyថា ឪពុកក្មេករបស់លោកមានអាយុ ៦៣ឆ្នាំ ហើយជំងឺសម្ពាធសរសៃឈាម និងរោគបេះដូង បានធ្វើឱ្យលោក ចាន់ក្តឹប ធ្លាក់ខ្លួនឈឺរយៈពេល៤ឆ្នាំហើយមកហើយ។ លោក សុភ័ក បញ្ជាក់៖ «គាត់ឈឺសម្រាកលើកន្ទេលយូរហើយ។ ជាងកន្លះខែមកនេះគាត់ចាប់ផ្ដើមហូបមិនបាន។

កន្លងមកគាត់មិនដែលមានស្ថានភាពធ្ងន់បែបនេះទេ។ នេះជាលើកទី១ហើយដែលឃើញបែបនេះ។ បួនថ្ងៃចុងក្រោយនេះស្ថានភាពរបស់ពុក គឺហូបអីអត់កើតទេ ហូបទៅក្អួតៗ។

បើថ្ងៃនេះគាត់បានត្រឹមដកដង្ហែមខ្លីប៉ុណ្ណោះ និយាយមិនកើត ដៃជើងក៏កម្រើកមិនបាន»។ លោកបានបន្ថែមថា កន្លងមក ក្រុមគ្រួសារមិនសូវបានបង្ហោះពីស្ថានភាពជំងឺរបស់លោក ឡើយដោយសារខ្លាចសាធារណជន យល់ថាការបង្ហាញនោះ ជាការសុំជំនួយ។

«ខ្ញុំមិនមានអ្វីសំណូមពរច្រើនទេ គ្រាន់សុំឱ្យគាត់ ធ្វើដំណើរទៅដោយភាពថ្លៃថ្នូរ ក្នុងនាមជាតារាសម្ដែងជើងចាស់មួយរូប ដែលធ្លាប់ឱ្យមនុស្សមួយចំនួនធំមានស្នាមញញឹម»។ នេះជាការលើកឡើងរបស់លោក សុភ័ក។

សូមបញ្ជាក់ថា លោក លោក ឃុន ចាន់ក្តឹប មានកូន៥នាក់ រស់នៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕

Tag:
 សិល្បិៈ
  លោក ឃុន ចាន់ក្តឹប
© រក្សាសិទ្ធិដោយ thmeythmey.com