ជាតិ
សង្គមជាតិ
ពិធីចាប់ត្រីបឹងត្រពាំងក្រម នៅខេត្តត្បូងឃ្មុំ មានអ្នកចូលរួមជាង៦ម៉ឺននាក់
19, Feb 2023 , 2:29 pm        
រូបភាព
រូបភាពពីក្រសួងទេសចរណ៍
រូបភាពពីក្រសួងទេសចរណ៍
ពិធីចាប់ត្រីបែបបុរាណ នៅបរិវេណបឹងត្រពាំងក្រម ឃុំជាក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មានពលរដ្ឋជាង៦ម៉ឺននាក់បានចូលរួម។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ នៅថ្ងៃទី១៩ ខែកុម្ភៈ។


 
«ចាប់ត្រី» ជាពិធីប្រពៃណីមួយរបស់អ្នកខេត្តត្បូងឃ្មុំ ដែលធ្វើឡើងមួយឆ្នាំម្ដង ដើម្បីរម្លឹកពីសកម្មភាពពីបុរាណ និងរក្សាប្រពៃណីចាប់ត្រីពីបុរាណផងដែរ។ ពិធីចាប់ត្រីឆ្នាំនេះ ធ្វើឡើងរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៨ ខែកុម្ភៈ នៅបរិវេណបឹងត្រពាំងក្រម ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលមានអ្នកចូលរួមប្រមាណជាង៦ម៉ឺន មកពីខេត្តត្បូងឃ្មុំ ក្រចេះ កំពង់ចាម ព្រៃវែង និងស្វាយរៀងផងដែរ។
 
តាមការបញ្ជាក់របស់លោក អ៊ូច យឿន មេឃុំជាំក្រវៀន រយៈពេល៣ថ្ងៃដំបូង គេពុំទាន់ចុះចាប់ត្រីឡើយ ពោលគឺ គេបានមកជួបជុំគ្នា ដើរលេងកម្សាន្ត ទស្សនាទេសភាពជុំវិញតំបន់បឹងត្រពាំងក្រម និងធ្វើពិធីសែនសុំម្ចាស់ទឹកដី រហូតដល់ថ្ងៃទី១៨ ទើបគេចាប់ផ្ដើមចុះចាប់ត្រី។ ពិធីចាប់ត្រីនេះ គេប្រើប្រាស់ឧបករណ៍បែបបុរាណដូចជា អង្រុត ឈ្នាង ឆ្នុក ត្រក ទ្រូ និងលបជាដើម។
 
បឹងត្រពាំងក្រមមានត្រីច្រើនប្រភេទ ដូចជា ត្រីរ៉ស់ ត្រីដៀប ត្រីក្រាញ់ ត្រីឆ្លូញ ត្រីទួក ត្រីអណ្ដែង ត្រីកញ្ចុះ ត្រីកន្រ្តប់ ត្រីតាអោន និងត្រីកំភ្លាញជាដើម។ នេះបើតាមការបញ្ជាក់របស់លោកមេឃុំ យឿន ដោយបន្តថា ឆ្នាំនេះ ត្រីសម្បូរជាងឆ្នាំ២០២០ ហើយអ្នកចូលរួមក៏កើនឡើងផងដែរ បើធៀបនឹងឆ្នាំ២០២០ មានប្រមាណ២ម៉ឺននាក់ប៉ុណ្ណោះ៕

រូបភាពពីក្រសួងទេសចរណ៍៖






 

Tag:
 ពិធីចាប់ត្រី
© រក្សាសិទ្ធិដោយ thmeythmey.com