អន្តរជាតិ
លោក ហ្សេលេនស្គី ថា លោកម៉ាក្រុង ខ្ជះខ្ជាយពេលវេលាលើការពិចារណាចរចាជាមួយរុស្ស៊ី
20, Feb 2023 , 11:29 am        
រូបភាព
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៩ ខែកុម្ភៈបានអះអាងនៅក្នុងបទសម្ភាសមួយថា មេដឹកនាំបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង កំពុងខ្ជះខ្ជាយពេលវេលា ដោយខំពិចារណាចំពោះកិច្ចចរចាជាមួយរុស្ស៊ីជុំវិញរឿងសង្គ្រាមនៅអ៊ុយក្រែន។



កន្លងមក ប្រធានាធិបតីបារាំង អេម៉ានុយអ៊ែល ម៉ាក្រុង តែងអះអាងពីជំហររបស់ខ្លួនលើការបង្កើតឱ្យមានកិច្ចចរចាជាមួយទីក្រុងមូស្គូអំពីការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។ នៅថ្ងៃទី១៨ ខែកុម្ភៈ មេដឹកនាំបារាំងរូបនេះបានប្រាប់សារព័ត៌មានបារាំងមួយថា បារាំង​ចង់​ឱ្យរុស្ស៊ី​ចាញ់​ក្នុង​សង្រ្គាម​​ជាមួយ​អ៊ុយក្រែន ប៉ុន្តែ​មិន​ចង់ឱ្យទាំងខ្ទេចខ្ទីប្រទេស ហើយថែមទាំងបន្តថាជម្លោះនៅអ៊ុយក្រែននឹងត្រូវដោះស្រាយដោយការចរចា។ 
 
ថ្លែងក្នុងកិច្ចសម្ភាសជាមួយកាសែត Corriere della Sera របស់អ៊ីតាលី ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានឆ្លើយតបទៅនឹងការលើកឡើងរបស់លោក ម៉ាក្រុង វិញថា វាខ្ជះខ្ជាយពេលវេលា ហើយវានឹងក្លាយជាការសន្ទនាគ្មានប្រយោជន៍។ ប្រធានាធិបតីអ៊ុយក្រែន និងសមភាគីបារាំងបានជជែកគ្នានៅថ្ងៃទី១៩ ខែកុម្ភៈ តាមទូរស័ព្ទមុនលោក ហ្សេលេនស្គី ផ្ដល់បទសម្ភាសឱ្យកាសែតអ៊ីតាលី។ 
 
«វានឹងជាការសន្ទនាដែលគ្មានប្រយោជន៍។ តាមពិតទៅលោក ម៉ាក្រុង កំពុងខ្ជះខ្ជាយពេលវេលារបស់គាត់។ ខ្ញុំសន្និដ្ឋានថាយើងមិនអាចផ្លាស់ប្តូរអាកប្បកិរិយារបស់រុស្ស៊ីបានទេ»។
លោក ហ្សេលេនស្គី លើកឡើងបែបនេះក្នុងកិច្ចសម្ភាសរបស់កាសែតអ៊ីតាលី។ 
 
បើតាមទីភ្នាក់ងារព័ត៌មាន Reuters មេដឹកនាំអ៊ុយក្រែងបានលើកឡើងផងដែរថា ប្រសិនបើរុស្ស៊ីសម្រេចចិត្តផ្ដាច់ខ្លួនឯងដើម្បីចាប់យកសុបិននៃការកសាងសូវៀតឡើងវិញ នោះអ៊ុយក្រែននិងបណ្ដាប្រទេសសម្ពន្ធមិត្តមិនអាចធ្វើអ្វីបានទេ ព្រោះវាអាស្រ័យលើការជ្រើសរើសរបស់រុស្ស៊ីថាសហការ ឬមិនសហការជាមួយសហគមន៍នៃប្រជាជាតិដែលគោរពគ្នាទៅវិញទៅមក។

មេដឹកនាំអ៊ុយក្រែន ក៏មិនទទួលយករាល់ការលើកឡើងជុំវិញហេតុផលដែលថាការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច បណ្ដាលឱ្យរុស្ស៊ីផ្ដាច់ខ្លួនពីបណ្ដាប្រទេសលោកខាងលិចដែរ។ 
 
នាសន្និសីទសន្តិសុខទីក្រុង Munich នៅថ្ងៃទី១៧ ខែកុម្ភៈ លោក ម៉ាក្រុង បានជំរុញឱ្យសម្ពន្ធមិត្តបង្កើនការគាំទ្រផ្នែកយោធាសម្រាប់អ៊ុយក្រែន និងអះអាងថារុស្ស៊ីត្រូវតែចាញ់សង្គ្រាមនេះ។

លោក​បាន​ព្យាយាម​បញ្ជាក់​ពីជំហរគាំទ្ររបស់បារាំងដែលកើនឡើងកាន់តែខ្លាំងចំពោះក្រុងកៀវ តែក៏មិនភ្លេចលើកឡើងជាថ្មីពីការខិតខំធ្វើយ៉ាងណាឱ្យមានការចរចាជាមួយរុស្ស៊ី៕
 

Tag:
 បារាំង
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com