ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីមហាផ្ទៃ ប្រាប់ទៅអាជ្ញាធរ៖ រឿងតូចតាចប៉ុនណា ក៏ត្រូវដោះស្រាយជូនពលរដ្ឋដែរ
20, Feb 2023 , 12:13 pm        
រូបភាព
សម្តេច ស ខេង ចូលរួមធ្វើជាអធិបតីក្នុងពិធីឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សម្តេច ស ខេង ចូលរួមធ្វើជាអធិបតីក្នុងពិធីឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។
ដោយ៖ ទេពញាណ

ចំពោះសម្តេច ស ខេង បញ្ហាគ្រប់យ៉ាងរបស់ប្រជាពលរដ្ឋ ទោះជាបញ្ហាធំក្តី ឬតូចក្តី សុទ្ធតែសំខាន់ ដែលមន្រ្តីពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ និងត្រូវដោះស្រាយជូនពួកគាត់ បើពួកគាត់ស្នើសុំ។ សម្តេចឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ មិនចង់ឲ្យមន្រ្តី ព្រងើយកន្តើយនឹងបញ្ហាណាមួយរបស់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ដោយសារបញ្ហានោះតូចតាចឡើយ។


 
ក្នុងពិធីឆ្លងសមិទ្ធផលនានា នៅវត្តមុនីរស្មីព្រៃត្បែង ខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចរដ្ឋមន្រ្តីមហាផ្ទៃ ផ្តល់ការណែនាំទៅមន្រ្តីដូច្នេះថា៖«ប្រជាពលរដ្ឋលោកមានអី គឺយើងខ្ញុំ បើកចំហ ហើយមន្រ្តីទាំងអស់ ត្រូវបើកចំហដែរ អត់មានលាក់លៀមទេ មិនមែនមើលស្រាលថា រឿងកំប៉ិកកំប៉ុក រឿងតូចតាច អ្នកឯងមកលើកជាមួយខ្ញុំ អត់ទេ។ រឿងប៉ុនណាក៏ដោយ ឲ្យតែសំណើសំណូមពរ និងសេចក្តីត្រូវការចាំបាច់របស់ពួកគាត់ ត្រូវដោះស្រាយ»។
 
សម្តេចឧបនាយករដ្ឋមន្រ្តី ចាត់ទុកការដោះស្រាយរាល់សំណូមពររបស់ប្រជាពលរដ្ឋបែបនេះ ថាជាការបោសស​ម្អាតបញ្ហាអវិជ្ជមាន និងបញ្ហាអសកម្មឲ្យអស់ពីមូលដ្ឋាន។ ជាមួយគ្នានេះ សម្តេច ណែនាំឲ្យប្រជាពលរដ្ឋ ផ្តល់ព័ត៌មានពីបញ្ហារបស់ខ្លួនទៅអាជ្ញាធរ រាប់តាំងពីមេភូមិ មេឃុំ ចៅហ្វាយស្រុក ចៅហ្វាយខេត្ត ឬរហូតទៅដល់សម្តេចផ្ទាល់តាមរយៈហ្វេសប៊ុករបស់សម្តេច។ 
 
សម្តេច រម្លឹកខ្លីថា ពេលសម្តេច បង្កើតហ្វេសប៊ុក និងប្រកាសបើកចំហឲ្យប្រជាពលរដ្ឋ ដាក់សំណូមពរទៅសម្តេចតាមហ្វេសប៊ុក ក្នុងរយៈពេល២ឆ្នាំក្រោយមក មានសំណូមពរជាង២ពាន់ករណី ដែលប្រជាពលរដ្ឋ ដាក់ជូនសម្តេចតាមហ្វេសប៊ុក ត្រូវបានដោះស្រាយ៕ 
 

Tag:
 ស ខេង
  បញ្ហាពលរដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com