កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សម្តេច ហ៊ុនសែន៖ ប្រធានាធិបតីឡាវ នឹងចូលរួមកម្មវិធីបើកស៊ីហ្គេមនៅកម្ពុជា
20, Feb 2023 , 2:04 pm        
រូបភាព
សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុនសែន
សម្តេច ហ៊ុន សែន ក្នុងពិធីប្រគល់សញ្ញាបត្រដល់សិស្ស និស្សិតសាកលវិទ្យាល័យធនធានមនុស្ស។ រូបភាព៖ ហ្វេសប៊ុកសម្តេច ហ៊ុនសែន
ប្រធានាធិបតីឡាវ លោក ថងលូន ស៊ីសូលី នឹងមកចូលរួមកម្មវិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់សម្តេច នាយរដ្ឋមន្ត្រីហ៊ុន សែន ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រ ជូនដល់សិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតសាកលវិទ្យាល័យធនធាន​មនុស្សនៅថ្ងៃទី២០ ខែកុម្ភៈ ដោយបន្ថែមថា សម្តេចក៏បានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាមចូលរួមផងដែរ។


«ខ្ញុំបានអញ្ជើញប្រធានាធិបតីឡាវ ហើយគាត់នឹងមកចូលរួមកម្មវិធីបើកកីឡាស៊ីហ្គេមឆ្នាំ២០២៣»។ សម្តេច ហ៊ុន សែន បានស្នើទៅលោក ស៊ីសូលី ដូច្នេះអំឡុងទស្សនកិច្ចនៅប្រទេសឡាវកាលពីថ្ងៃទី១៤ ខែកុម្ភៈ។
 
៤ថ្ងៃបន្ទាប់ ពោលនៅថ្ងៃទី១៨ ខែកុម្ភៈ ក្នុងដំណើរទៅទីក្រុងហាណូយប្រទេសវៀតណាមដើម្បីចូលរួមកិច្ចប្រជុំគណបក្សទាំងពីរ សម្តេចហ៊ុន សែនក៏បានអញ្ជើញនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ឱ្យចូលរួមពិធីបើកការប្រកួតផ្លូវការការប្រកួតស៊ីហ្គេមលើកទី៣២នេះផងដែរ។
 
នៅចំពោះមុខនិស្សិត នាពិធីប្រគល់វិញ្ញាបនបត្រសាកលវិទ្យាល័យធនធាន​មនុស្ស ប្រមុខរដ្ឋាភិបាលកម្ពុជាបានរៀបរាប់ពីការអញ្ជើញនាយករដ្ឋមន្ត្រីវៀតដូច្នេះថា៖«ព្រឹត្តិការណ៍នេះយើងរង់ចាំ៦៤ឆ្នាំហើយ ដូច្នេះលោកនាយករដ្ឋមន្ត្រីវៀតមកចូលរួមផង។ យ៉ាងណាលោកផាម មិញជិញ ត្រូវពិនិត្យមើលវេលាសិន ហើយយ៉ាងហោចណាស់ប្រធានាធិបតីឡាវនឹងចូលរួមទស្សនកិច្ចនៅកម្ពុជាផង និងពិធីបើកស៊ីហ្គេមផង»។ សម្តេចបន្ថែមថា នៅពេលឡាវធ្វើស៊ីហ្គេមសម្តេចក៏បានទៅចូលរួមពិធីបើកដែរ។
 
នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានអរគុណដល់គណកម្មការរៀបចំកីឡាស៊ីហ្គេមទាំងអស់ដែលបានខិតខំរៀបចំព្រឹត្តិការណ៍នេះ ដោយចាត់ទុកការទទួលធ្វើម្ចាស់ផ្ទះកីឡាតំបន់អាស៊ានលើកដំបូងជាប្រវត្តិសាស្ត្រ មិនមែនជារឿងសាមញ្ញឡើយ។
 
«សម្តេចពិជ័យសេនា ទៀ បាញ់ លោកថោន ខុន និងលោក វ៉ាត់ចំរើន បានធ្វើការដ៏ល្អអំពីការរៀបចំកីឡានេះ ហើយគម្រោងថវិការដើម្បីដំណើរការព្រឹត្តិការណ៍ទាំងមូលមានចំនួន១២០លានដុល្លារ ដោយមិនគិតលើការសាងសង់ហេដ្ឋារចនាសម្ព័ន និងទីលានកីឡាមួយចំនួននោះទេ» នេះជាការបញ្ជាក់របស់សម្តច ហ៊ុន សែន។
 
ស្របពេលការប្រកួតនៅសល់៧៤ថ្ងៃទៀត នឹងចូលមកដល់ សម្តេចហ៊ុន សែន សង្ឃឹមថាម្ចាស់ផ្ទះកម្ពុជានឹងរៀបចំបានល្អ ជាពិសេការគ្រប់គ្រងព្រឹត្តិការណ៍ទាំងមូល ពោលគឺសំខាន់ជាងការឈ្នះមេដាយទៅទៀត។ មួយវិញទៀត ប្រមុខរដ្ឋាភិបាល ស្នើប្រជាពលរដ្ឋមិនថានៅភ្នំពេញ និងក្រុងនានាដែលត្រូវទទួលរៀបចំការប្រកួតប៉ុណ្ណោះទេ ត្រូវរក្សា និងបង្កើនគុណភាពអានាម័យ ដ្បិតមានអ្នកគាំទ្រ អ្នកទេសចរពីបរទេសច្រើនណាស់នឹងមកដល់កម្ពុជា។
 
ការប្រកួតផ្លូវការ និងពិធីបើកព្រឹតិ្តការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំលើកដំបូង នឹងធ្វើឡើងនៅថ្ងៃទី៥ ខែឧសភា ហើយបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com