កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អាំង សិរីពិសិដ្ឋ៖ ក្រុមបាល់ទះកម្ពុជា ចាញ់បារាំង ប៉ុន្តែទទួលបានការគាំទ្រលើសលុប
20, Feb 2023 , 8:59 pm        
រូបភាព
អ្នកគាំទ្រទស្សនាការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងកម្ពុជា និងយុវជនអាយុក្រោម ១៩ឆ្នាំបារាំង។ រូបពី ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ
អ្នកគាំទ្រទស្សនាការប្រកួតបាល់ទះមិត្តភាពអន្តរជាតិរវាងកម្ពុជា និងយុវជនអាយុក្រោម ១៩ឆ្នាំបារាំង។ រូបពី ក្រុមប្រឹក្សាក្រសួងមហាផ្ទៃ
ដោយ:
លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជាចាត់ទុកអ្នកគាំទ្រដែលបានចូលរួមទស្សនាដ៏ច្រើនជាកម្លាំងចិត្តដ៏ធំក្នុងការជំរុញឱ្យវិស័យកីឡាបាល់ទះកាន់តែរីកចំរើនទៅមុខ។ លោក សិរីពិសិដ្ឋ លើកឡើងដូច្នេះ ក្រោយបញ្ចប់ការប្រកួតមិត្តភាពអន្តរជាតិដែលក្រុមបាល់ទះជម្រើសជាតិកម្ពុជា ចាញ់ក្រុនមយុវជនអាយុក្រោម ១៩ឆ្នាំបារាំងនៅជើងទី១ នាវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៣។

 
«គ្រប់ប្រភេទកីឡាទាំងអស់គឺរស់ដោយសារទស្សនិកជន បើសិនជាគ្មានទស្សនិកជនគាំទ្រខ្ញុំជឿជាក់ថាវិស័យកីឡានោះមិនអាចរីកចំរើនទៅមុខបានទេ។ លទ្ធផលនៅថ្ងៃនេះដែលបងប្អូនប្រជាពលរដ្ឋកម្ពុជារបស់យើងមកទស្សនានៅទីលាននេះផ្ទាល់ដ៏ច្រើនកុះករ ធ្វើឱ្យខ្ញុំមានការភ្ញាក់ផ្អើលថាអ្នកគាំទ្រនៅកម្ពុជាពិតជាមិនធម្មតា»។ នេះជាការអះអាងរបស់លោក អាំង សិរីពិសិដ្ឋ មុនបន្ថែមថា ទោះក្រុមកម្ពុជា ចាញ់បារាំងក៏ពិតមែនតែ តែពួកគេបានឈ្នះទឹកចិត្តអ្នកគាំទ្រ ដ្បិតកម្រិតការប្រកួតកើនឡើង។


ស្មាត់ស្តាំ មឿន ម៉េឡាយ របស់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាលោតវាយបាល់ ក្នុងជំនួបទល់នឹងយុវជនបារាំងអាយុក្រោម ១៩ឆ្នាំ។
 
លោក អាំង សិរីពិសិដ្ឋ បន្តថា៖«ថ្ងៃនេះយើងចាញ់លទ្ធផលក្នុងការប្រកួតតែយើងឈ្នះមកវិញនូវអ្នកគាំទ្រដ៏ច្រើនសន្ធឹកសន្ធាប់រាប់ពាន់នាក់នៅក្នុងទីលានជាប្រវត្តិសាស្រ្តរបស់យើងនេះ»។ យ៉ាងណាលោកអគ្គលេខាធិការអះអាងថា ជំនួបជើងទី២ នៅថ្ងៃទី២២ ខែកុម្ភៈ នឹងមានការប្រកួតដ៏តានតឹងជាងលើកទី១នេះ ព្រោះកីឡាករទាំងអស់ស្គាល់ទឹកដៃគ្នាទៅវិញទៅមក។
 
គួបញ្ជាក់ថា ការប្រកួតបាល់ទះមិត្តភាពអន្តរជាតិជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីជើងទី១ កម្ពុជា ចាញ់ភ្ញៀវយុវជនបារាំងអាយុក្រោម ១៩ឆ្នាំដោយលទ្ធផល ៣-០ សិត (២៥-២៣, ២៥-២១, ២៥-២៣)៕
 
 

Tag:
 កីឡាបាល់ទះ
 កម្ពុជា
 បារាំង
 អាំង សិរីពិសិដ្ឋ
© រក្សាសិទ្ធិដោយ thmeythmey.com