អន្តរជាតិ
តាលីបង់ គ្រោងយកអតីតមូលដ្ឋានទ័ពបរទេសធ្វើជាតំបន់សេដ្ឋកិច្ចពិសេស
20, Feb 2023 , 9:29 pm        
រូបភាព
មូលដ្ឋានយោធា Bagram ដែលធ្លាប់កាន់កាប់ដោយអាម៉េរិក។ រូបថត Xinhua
មូលដ្ឋានយោធា Bagram ដែលធ្លាប់កាន់កាប់ដោយអាម៉េរិក។ រូបថត Xinhua
រដ្ឋបាលតាលីបង់ដែលកំពុងដឹកនាំអាហ្វហ្កានីស្ថាន នឹងដំណើរការគម្រោងដែលយកអតីតមូលដ្ឋានទ័ពបរទេសទៅធ្វើជាតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ធ្វើសកម្មភាពជំនួញជំនួសវិញ។ នេះបើតាមការលើកឡើងរបស់ឧបនាយករដ្ឋមន្ត្រីស្ដីទីនៃរដ្ឋាភិបាលតាលីបង់ទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃទី១៩ ខែកុម្ភៈ។



ជាមួយនឹងការបាត់បង់ជំនួយ និងការបង្កកលុយដោយប្រទេសជាច្រើន អាហ្វហ្កានីស្ថានក្រោមរដ្ឋបាលតាលីបង់ កំពុងពឹងផ្អែកលើខ្លួនឯងស្ទើរទាំងស្រុងដើម្បីជំរុញសេដ្ឋកិច្ចទូលាយ និងការវិនិយោគពីបរទេសឱ្យបានច្រើនផងដែរ។ 
 
ឧបនាយករដ្ឋមន្ត្រីស្ដីទីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចអាហ្វហ្កានីស្ថាន លោក Mullah Abdul Ghani Baradar នៅថ្ងៃទី១៩ ខែកុម្ភៈ បានអះអាងថា រដ្ឋបាលតាលីបង់នឹងប្រែក្លាយអតីតមូលដ្ឋានយោធាបរទេសទៅជាមជ្ឈមណ្ឌលពាណិជ្ជកម្មពិសេស ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅក្នុងប្រទេស។ 
 
«បន្ទាប់ពីការពិភាក្សាយ៉ាងម៉ត់ចត់ ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មគួរតែគ្រប់គ្រងជាបណ្តើរៗលើអតីតមូលដ្ឋានយោធារបស់កងកម្លាំងបរទេស ដោយបំប្លែងទីនោះទៅជាតំបន់សេដ្ឋកិច្ចពិសេស»។ លោក Mullah Baradar បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។ លោក Mullah Baradar បន្ថែមថា គម្រោងនោះនឹងចាប់ផ្តើមដោយផ្លាស់ប្តូរមូលដ្ឋានទ័ពនៅទីក្រុងកាប៊ុល និងខេត្ត Balkh នៅភាគខាងជើងប្រទេស។ 
 
បើតាមអ្នកនាំពាក្យតាលីបង់ លោក Zabihullah Mujahid មូលដ្ឋាន Bagram ស្ថិតក្នុងចំណោមមូលដ្ឋានយោធាដែលត្រូវបំប្លែងទៅជាតំបន់សេដ្ឋកិច្ចពិសេសក្រោមផែនការថ្មី។
Bagram ស្ថិតនៅភាគខាងជើង ចម្ងាយប្រហែល ៧០គីឡូម៉ែត្រពីទីក្រុងកាប៊ុល ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាម៉េរិកអស់រយៈពេលជិត២០ឆ្នាំក្នុងប្រតិបត្តិការប្រឆាំងអាល់កៃដា និងពួកតាលីបង់ដែលបះបោរនៅពេលនោះ។ វាត្រូវបានសាងសង់ និងកាន់កាប់ដោយសហភាពសូវៀតនៅពេលកាន់កាប់អាហ្វហ្កានីស្ថានផងដែរ។ 
 
សូមបញ្ជាក់ថា សេដ្ឋកិច្ចអាហ្វហ្គានីស្ថានបានជួបការលំបាកចាប់តាំងពីក្រុមតាលីបង់បានចូលកាន់កាប់ក្នុងឆ្នាំ២០២១ ក្រោយកងទ័ពអាម៉េរិក និងណាតូ ដកខ្លួនចេញបន្ទាប់ពីសង្គ្រាមរយៈពេល ២០ឆ្នាំ។ លើសពីនេះ ការរឹតត្បិតសិទ្ធិសេរីភាពស្ត្រី តាមរយៈការហាមមិនឱ្យចូលរៀន ក៏ដូចជាការហាមមិនឱ្យស្ត្រីធ្វើការក្នុងអង្គការក្រៅរដ្ឋាភិបាលជាដើមទៀតនោះ បានធ្វើឱ្យអាហ្វហ្កានីស្ថានរងសម្ពាធបន្ថែមពីការផ្អាកជំនួយអន្តរជាតិជាបន្តបន្ទាប់ ខណៈប្រជាជនជាងពាក់កណ្ដាលប្រទេសពឹងលើជំនួយមនុស្សធម៌នេះឯង។
 
ទោះជាយ៉ាងណាក៏ដោយ រដ្ឋបាលតាលីបង់បានរក្សាការប្រឹងប្រែងប្រឆាំងអំពើពុករលួយប្រកបដោយប្រសិទ្ធភាព បង្កើនការវិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសជិតខាង ហើយធនាគារពិភពលោកបានកត់សម្គាល់ថា ការនាំចេញរបស់អាហ្វហ្កានីស្ថានបានកើនឡើង អត្រាប្ដូរប្រាក់ក៏មានស្ថិរភាព នាំឱ្យទទួលបានប្រាក់ចំណូលយ៉ាងច្រើននៅក្នុងឆ្នាំ២០២២៕
 
 

Tag:
 អាហ្វហ្កានីស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com