កីឡាអន្តរជាតិ
អន្តរជាតិ
UCL៖ ប៉ះ Real លោក​ Klopp ថា Liverpool ត្រូវប្រកួត២លើកដ៏ពិបាក ដើម្បីឆ្លងផុតវគ្គ១៦ក្រុម
21, Feb 2023 , 4:49 pm        
រូបភាព
ក្រុមរងជើងឯក Liverpool ត្រូវបើកទ្វារកីឡដ្ឋាន Anfield ស្វាគមន៍ម្ចាស់ការពារតំណែងជើងឯក Real Madrid ក្នុងការប្រកួត UEFA Champions League ជើងទី១ វគ្គ១៦ក្រុម នៅរាត្រីថ្ងៃទី២១ ខែកុម្ភៈ​ វេលាម៉ោង ៣ អាធ្រាត្រ [ម៉ោងនៅកម្ពុជា]។ លោក Jurgen Klopp ថាហង្សក្រហមមានការប្រកួតដ៏អសច្ចារ្យពីរលើកឯណោះដើម្បីឆ្លងទៅវគ្គ៨ក្រុម។



«Liverpool ត្រូវតែលេងក្នុងការប្រកួតដ៏អស្ចារ្យចំនួនពីរ ដើម្បីឆ្លងផុតវគ្គ១៦ក្រុម ទល់ Real Madrid ដែលជាក្រុមមិនចាំបាច់លេងឱ្យអស់ពីសមត្ថភាពនោះទេ ដើម្បីឈានទៅវគ្គបន្ត»។ នេះជាការលើកឡើងបែបបន្ទាបខ្លួនលោក Klopp។
 
អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់អះអាងបែបនេះ ក្រោយ Liverpool ធ្លាក់ទម្រង់លេងខ្លាំងក្នុងការប្រកួតប៉ុន្មានសប្តាហ៍មុននៅក្របខណ្ឌ Premier League។ ហង្សក្រហមនៅចំណាត់
ថ្នាក់ទី៨ឯណោះក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបាន៣៥ពិន្ទុ ពីការប្រកួត២២លើក។ តែយ៉ាងណា ២ប្រកួតចុងក្រោយ Liverpool ធ្វើបានល្អឡើងវិញដោយរកបាន៦ពិន្ទុពេញ។
 
ឈ្នះ២ប្រកួតចុងក្រោយក្នុងលីគ Klopp គិត​ថា​ទម្រង់​លេង​របស់​ក្រុម​​ប្រហែល​ប្រសើរឡើងវិញមួយកម្រិត នៅពេល​ប្រកួត​ជាមួយ Real Madrid ដែល​ជា​ម្ចាស់​ជើងឯក Champions League ១៤ សម័យកាល នៅជើងទី១ វគ្គ១៦ក្រុម។
 
«ខ្ញុំពិតជាសប្បាយចិត្តដែលយើងធ្វើបានល្អនៅពេលនេះ ខុសពី៤សប្តាហ៍មុន ។ ប្រហែលជាយើងបានរកឃើញទម្រង់លេងត្រឹមត្រូវសម្រាប់ការប្រកួតទល់គូប្រជែងចាស់ ដែលជាគូប្រជែងដ៏ខ្លាំង។ យើងត្រូវលេង២ប្រកួតដ៏តឹងតែង ដើម្បី​ឱកាស​ទៅវគ្គបន្ត»។ Klopp បន្ថែមដូច្នេះ។
 
Liverpool បានរងបរាជ័យរួចមកហើយក្រោមថ្វីជើងរបស់ក្រុមដែលមានលោក Carlo Ancelotti ជាអ្នកចាត់ការនៅវគ្គផ្តាច់ព្រ័ត្រក្រខណ្ឌកំពូលអឺរ៉ុបនៅរដូវកាលមុនដោយលទ្ធផល ១-០។ 
ក្រោមការដឹកនាំរបស់លោក Klopp ហង្សក្រហមធ្លាប់ចាញ់ក្រុមអធិរាជសនៅវគ្គផ្តាច់ព្រ័ត្រ Champions League ម្តងដែរនៅរដូវកាល២០១៧-១៨ ដែលកាលនោះ Zinedine Zidane នៅដឹកនាំ។
 
ជំនួបមួយគូទៀតនៅវគ្គ១៦ក្រុម ជើងទី១នេះដែរ Eintracht Frankfurt ត្រូវបើកទ្វារផ្ទះទទួលភ្ញៀវក្រុមឡើងជើង Napoli នៅវេលាម៉ោង ៣ អាធ្រាត្រដូចគ្នា៕
 

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com