អន្តរជាតិ
រុស្ស៊ី​ធ្វើ​សមយុទ្ធ​យោធា​ជើង​ទឹក​ជាមួយ​អាហ្វ្រិក​ខាង​ត្បូង​និង​ចិន ចំ​ពេល​មាន​ការ​រិះគន់
21, Feb 2023 , 7:29 pm        
រូបភាព
បាតុករ​ជិះ​ទូក​ដោយ​មាន​ទង់ជាតិ​អ៊ុយក្រែន​ប្រឆាំង​នឹង​វត្តមាន​នាវា​ចម្បាំង​រុស្ស៊ី​ប្រភេទ Admiral Gorshkov ដែល​កំពុង​សំចត​នៅ​កំពង់ផែ​ក្រុង Cape Town​ ប្រទេស​អាហ្វ្រិកខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដើម្បី​ចូល​រួម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​ជើង​ទឹក​ចិន។
បាតុករ​ជិះ​ទូក​ដោយ​មាន​ទង់ជាតិ​អ៊ុយក្រែន​ប្រឆាំង​នឹង​វត្តមាន​នាវា​ចម្បាំង​រុស្ស៊ី​ប្រភេទ Admiral Gorshkov ដែល​កំពុង​សំចត​នៅ​កំពង់ផែ​ក្រុង Cape Town​ ប្រទេស​អាហ្វ្រិកខាង​ត្បូង​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ដើម្បី​ចូល​រួម​ធ្វើ​សមយុទ្ធ​ជាមួយ​កងទ័ព​ជើង​ទឹក​ចិន។
ដោយ: VOA
​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ បាន​ចាប់ផ្ដើម​ការ​ធ្វើ​សមយុទ្ធ​រយៈពេល ១០ ថ្ងៃ​ ជាមួយ​នឹង​នាវា​ចម្បាំង​របស់​រុស្ស៊ី ខណៈ​ពេល​ដែល​បស្ចិម​ប្រទេស​បង្កើន​ការ​ដឹក​ជញ្ជូន​សព្វាវុធ​ដើម្បី​ទៅ​ជួយ​ប្រទេស​អ៊ុយក្រែន។ សមយុទ្ធនេះ អនុវត្តកាលពី​ថ្ងៃ​ទី ១៧ ខែ​កុម្ភៈ​កន្លង​ទៅ​នេះ​ ។

 
នាវា​ចម្បាំង «Admiral Gorshkov» របស់​រុស្ស៊ី ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង Cape Town ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​កាលពី​ពាក់​កណ្ដាល​ខែ​កុម្ភៈ​កន្លង​ទៅ​នេះ មាន​ស្លាក​អក្សរ «Z» ដែល​ជា​និមិត្ត​សញ្ញា​គាំទ្រ​សង្គ្រាម​របស់​រដ្ឋាភិបាល​រុស្ស៊ី។
 
អ្នក​រិះគន់​នានា​បាន​និយាយ​ថា រូបភាព​នៃ​ទាហាន​អាហ្វ្រិក​ខាង​ត្បូង​ស្ថិត​នៅ​លើ​នាវា​ចម្បាំង​របស់​រុស្ស៊ី​នៅ​ក្នុង​ពេល​ជិត​ខួប​មួយ​ឆ្នាំ​នៃ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​នេះ​គឺ​ជា​សមិទ្ធផល​ដ៏​ជោគជ័យ​មិន​រំពឹងទុក​មួយ​សម្រាប់​រដ្ឋាភិបាល​រុស្ស៊ី​និង​ជា​រឿង​ដ៏​គួរ​អៀនខ្មាស​សម្រាប់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ដែល​ជា​ប្រទេស​របស់​លោក Nelson Mandela ដែល​ជា​អ្នក​ប្រយុទ្ធ​ដើម្បី​សេរីភាព។
 
ឯកអគ្គរដ្ឋទូត​អ៊ុយក្រែន​ប្រចាំ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​អ្នកស្រី Liubov Abravitova បាន​ប្រាប់ VOA ថា អ្នកស្រី​ថ្កោលទោស​ការ​ធ្វើ​សមយុទ្ធ​នេះ។
 
អ្នកស្រី​ថ្លែង​ដូច្នេះ​ថា៖ «វា​ជា​រឿង​ដ៏​គួរ​ឱ្យ​បារម្ភ​យ៉ាង​ខ្លាំង​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​រៀបចំ​សមយុទ្ធ​យោធា​ជាមួយ​នឹង​ប្រទេស [រុស្ស៊ី] ដែល​ជា​ប្រទេស​គឃ្លើន​និង​ឈ្លានពាន ដែល​ប្រើ​កងទ័ព​របស់​ខ្លួន​ប្រឆាំង​នឹង​ប្រទេស [អ៊ុយក្រែន] ដែល​ជា​ប្រទេស​មាន​សន្តិភាព ដោយ​នាំ​មក​នូវ​ការ​បំផ្លិចបំផ្លាញ​និង​ព្យាយាម​លុប​បំបាត់​ប្រជាជាតិ​អ៊ុយក្រែន»។
 
ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​ការពារ​ជំហរ​អព្យាក្រឹត្យ​របស់​ខ្លួន​ម្ដង​ហើយ​ម្ដង​ទៀត​ទាក់ទិន​នឹង​សង្គ្រាម​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​នេះ និង​សិទ្ធិ​របស់​ខ្លួន​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​ជាមួយ​នឹង​រុស្ស៊ី ដែល​ប្រទេស​រុស្ស៊ី​នេះ​ជា​សមាជិក​មួយ​ដូច​ទៅ​នឹង​អាហ្វ្រិក​ខាង​ត្បូង​ផង​ដែរ​នៅ​ក្នុង​ក្រុម​ប្រទេស BRICS។ ក្រុម​ប្រទេស BRICS នេះ​មាន​ប្រទេស​ជា​សមាជិក​ចំនួន ៥ គឺ​ប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និង​អាហ្វ្រិក​ខាង​ត្បូង។
 
រដ្ឋមន្ត្រី​ការបរទេស​អាហ្វ្រិក​ខាង​ត្បូង​អ្នកស្រី Naledi Pandor កាលពី​ខែ​មុន​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោក Sergey Lavrov ទៅ​កាន់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង និង​បាន​និយាយ​ថា រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​នឹង​មិន​ចាញ់​ការ​សម្លុត​ណា​មួយ​ឱ្យ​ជ្រើសរើស​ភាគី​ណា​មួយ​នោះ​ទេ។
 
គណបក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ (Democratic Alliance) ដែល​ជា​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង បាន​បញ្ជាក់​ថា ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​របស់​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​នៅ​ក្នុង​ការ​រៀបចំ​សមយុទ្ធ​នេះ​បាន​បង្ហាញ​ថា អាហ្វ្រិក​ខាង​ត្បូង​បាន​ទម្លាក់​ចោល​នូវ​ការ​ធ្វើ​ពុត​ណា​មួយ​ដែល​ថា​ខ្លួន​មាន​អព្យាក្រឹត្យ។
 
លោក Kobus Marais រដ្ឋមន្ត្រី​ការពារ​ជាតិ​នៃ​រដ្ឋាភិបាល​ស្រមោល​របស់​គណបក្ស​សម្ព័ន្ធភាព​ប្រជាធិបតេយ្យ​នេះ បាន​និយាយ​ថា សមយុទ្ធ​ដែល​មាន​ឈ្មោះ​ថា Mosi ទី​ពីរ​នេះ នឹង​មិន​ផ្ដល់​ផល​ប្រយោជន៍​ដល់​កងទ័ព​ជើង​ទឹក​ដែល​ចុះខ្សោយ​របស់​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​នោះ​ទេ ហើយ​ថវិកា​ចំណាយ​លើ​សមយុទ្ធ​នេះ​គួរតែ​ចំណាយ​លើ​អ្វី​ផ្សេង​ប្រសើរ​ជាង។
 
លោក Marais ថ្លែង​ដូច្នេះ​ថា៖ «ដោយសារ​សមត្ថភាព​កងទ័ព​ជើង​ទឹក​និង​ធនធាន​របស់​យើង​មាន​កម្រិត ហើយ​យើង​មាន​អាទិភាព​ខ្ពស់​ជាង​នេះ​ផ្សេងៗ​ទៀត យើង​អាច​ទទួល​បាន​ផល​ប្រយោជន៍​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ​ឬ​ក៏​មិន​ទទួល​បាន​ផល​ប្រយោជន៍​តែ​ម្ដង​ពី​សមយុទ្ធ Mosi ទី​ពីរ​នេះ ជា​ពិសេស​ពី​វត្តមាន​និង​លទ្ធភាព​នៃ​ការ​បាញ់​មីស៊ីល​លឿន​ជាង​សំឡេង»។
 
នាវា​ចម្បាំង Gorshkov របស់​រុស្ស៊ី​បំពាក់​ដោយ​មីស៊ីល Zircon ដែល​ជា​មីស៊ីល​លឿន​ជាង​សំឡេង។ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​របស់​រុស្ស៊ី​បាន​រាយការណ៍​ថា មីស៊ីល​នេះ​អាច​ត្រូវ​គេ​បាញ់​នៅ​ក្នុង​អំឡុង​ពេល​សមយុទ្ធ​នេះ។
 
មន្ត្រី​រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​បាន​ច្រានចោល​ការ​អះអាង​ដែល​ថា​ការ​បាញ់​មីស៊ីល​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​សមយុទ្ធ​រយៈពេល ១០ ថ្ងៃ​នេះ ដែល​នៅ​ក្នុង​សមយុទ្ធ​នោះ​ក៏​មាន​ការ​ចូលរួម​ពី​កងទ័ព​ជើង​ទឹក​ចិន​ផង​ដែរ។
 
ក្រសួង​ការពារ​ជាត​អាហ្វ្រិក​ខាង​ត្បូង​បាន​បញ្ជាក់​ថា នេះ​មិន​មែន​ជា​សមយុទ្ធ​លើក​ដំបូង​នោះ​ទេ​ជាមួយ​នឹង​រុស្ស៊ី និង​ថា​អាហ្វ្រិក​ខាង​ត្បូង​ក៏​ធ្លាប់​បាន​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​យោធា​ជាមួយ​នឹង​សម្ព័ន្ធមិត្ត​បស្ចិម​ប្រទេស​ផង​ដែរ។
 
ទោះជា​យ៉ាងណា​ក៏ដោយ នៅ​ក្នុង​ឆ្នាំ​នេះ ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បដិសេធ​ការ​អញ្ជើញ​ឱ្យ​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ពហុ​ជាតិ​ផ្លូវ​សមុទ្រ​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក​នៅ​ក្នុង​ឈូង​សមុទ្រ​ហ្គីណេ (Gulf of Guinea)។
 
លោក Steven Gruzd អ្នក​ជំនាញ​ផ្នែក​ប្រទេស​រុស្ស៊ី​នៃ​វិទ្យាស្ថាន​កិច្ចការ​អន្តរជាតិ​អាហ្វ្រិក​ខាង​ត្បូង (South Africa Institute of International Studies) បាន​និយាយ​ថា រដ្ឋាភិបាល​អាហ្វ្រិក​ខាង​ត្បូង​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​រវាង​ភាគី​ទាំង​សងខាង។
 
លោក​ថ្លែង​ដូច្នេះ​ថា៖ «ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​មិន​សម្លឹង​ឃើញ​អនាគត​ដែល​រុស្ស៊ី​និង​ចិន​គឺ​ជា​ដៃគូ​ដ៏​មាន​សារៈសំខាន់​ខ្លាំង​នោះ​ទេ ប៉ុន្តែ​ប្រទេស​នេះ​ក៏​នៅតែ​ព្យាយាម​ធ្វើ​ឱ្យ​មាន​តុល្យភាព​នៃ​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​នឹង​ក្រុម​បស្ចិម​ប្រទេស​ផង​ដែរ។ ប្រហែល​ជា​មាន​បញ្ហា​ខ្លះ​ដែរ ប៉ុន្តែ​យើង​មិន​ដឹង​ថា​ជា​បញ្ហា​អ្វី ដោយសារតែ​សហរដ្ឋ​អាមេរិក​ពិតជា​មិន​សប្បាយចិត្ត​នៅ​ពេល​ដែល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ចូលរួម​នៅ​ក្នុង​សមយុទ្ធ​ទាំង​នេះ»។
 
នៅ​ពេល​ដែល​គេ​សួរ​ឱ្យ​បញ្ចេញ​យោបល់​លើ​សមយុទ្ធ​នេះ ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា ខ្លួន​កត់​សម្គាល់​លើ​រឿង​នេះ​ដោយ​ក្ដី​បារម្ភ «នៅ​ពេល​ដែល​រុស្ស៊ី​នៅ​បន្ត​ការ​ឈ្លានពាន​ដ៏​ឃោរឃៅ​និង​ខុស​ច្បាប់​របស់​ខ្លួន​លើ​ប្រទេស​អ៊ុយក្រែន»។
 
ក្រសួង​ការបរទេស​អាមេរិក​បាន​បន្ថែម​ថា៖ «យើង​លើក​ទឹកចិត្ត​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​ឱ្យ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ផ្នែក​យោធា​ជាមួយ​នឹង​ប្រទេស​ប្រជាធិបតេយ្យ​ដូច​គ្នា ដែល​មាន​ការ​ប្ដេជ្ញា​ចិត្ត​ដូច​គ្នា​ចំពោះ​សិទ្ធិ​មនុស្ស​និង​នីតិរដ្ឋ»។
 
តាំងពី​ពេល​ដែល​រុស្ស៊ី​បាន​ឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ឆ្នាំ​មុន​មក មន្ត្រី​សហរដ្ឋ​អាមេរិក​បាន​ប៉ាន់​ប្រមាណ​ថា ជន​ស៊ីវិល​អ៊ុយក្រែន​រាប់​ម៉ឺន​នាក់​ត្រូវ​បាន​សម្លាប់ រួម​ជាមួយ​នឹង​ទាហានរហូត​ដល់​មួយ​សែន​នាក់​ឬ​ច្រើន​ជាង​នេះ​នៃ​ភាគី​នីមួយៗ។
 
ស្ថានទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​និង​ក្រសួង​ការពារ​ជាតិ​អាហ្វ្រិក​ខាង​ត្បូង​មិន​បាន​ឆ្លើយតប​ចំពោះ​សំណើ​សុំ​ឱ្យ​បញ្ចេញ​មតិ​យោបល់​នោះ​ទេ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com