អន្តរជាតិ
បេឡារុស នឹងបង្កើតកងកម្លាំងយោធាស្ម័គ្រចិត្តពី១០ម៉ឺនទៅ១៥ម៉ឺននាក់
21, Feb 2023 , 8:29 pm        
រូបភាព
ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅថ្ងៃទី២០ ខែកុម្ភៈបានបញ្ជាឱ្យបង្កើតកងកម្លាំងការពារជាតិស្ម័គ្រចិត្តថ្មីមួយក្រុម ដើម្បីឲ្យមានប្រជាជនកាន់តែច្រើនយល់ដឹងពីរបៀបប្រើអាវុធ និងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការឈ្លានពាន និងរក្សាសណ្តាប់ធ្នាប់សាធារណៈប្រកបដោយសន្តិភាព។



ក្រោយការធ្វើសមយុទ្ធទ័ពអាកាសរួមគ្នាជាមួយរុស្ស៊ីដើម្បីពង្រឹងសមត្ថភាពការពារខ្លួនកាលពីចុងខែមករា បេឡារុសនៅថ្ងៃទី២០ ខែកុម្ភៈបានប្រកាសបង្កើតកងកម្លាំងយោធាចេញពីការស្ម័គ្រចិត្តរបស់ប្រជាជនឱ្យបានពី១០ទៅ១៥ម៉ឺននាក់។ ប្រធានាធិបតីបេឡារុស លោក Alexander Lukashenko មានបំណងឱ្យប្រជាជនខ្លួនចេះប្រើអាវុធដើម្បីការពារការឈ្លានពាន និងរក្សាសន្តិសុខ។
 
«ស្ថានការណ៍មិនងាយស្រួលទេ។ ខ្ញុំបាននិយាយជាច្រើនដងហើយថា មនុស្សគ្រប់រូប មិនត្រឹមតែបុរសប៉ុណ្ណោះទេ យ៉ាងហោចណាស់ក៏គួរតែអាចប្រើអាវុធបាន»។ លោក Lukashenko បាននិយាយនៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិបែបនេះ។ ប្រធានាធិបតីរូបនេះបន្ថែមថា បុគ្គលនីមួយៗយ៉ាងហោចណាស់អាចការពារគ្រួសាររបស់ខ្លួន ផ្ទះសម្បែង ដី និងអាចការពារដល់ប្រទេសជាតិខ្លួននៅពេលចាំបាច់។
 
រដ្ឋមន្ត្រីការពារជាតិបេឡារុស លោក Viktor Khrenin បានអះអាងថា កងកម្លាំងការពារជាតិស្ម័គ្រចិត្តនឹងទទួលសមាជិកពី ១០ ទៅ ១៥ម៉ឺននាក់ ឬច្រើនជាងនេះប្រសិនបើចាំបាច់។ ការ​បង្កើត​កង​យោធា​នឹង​ផ្ដល់ផល​ល្អ​នៅតាម​​ភូមិ និងទី​ក្រុង។
 
បើយោងតាមវិទ្យាស្ថានអន្តរជាតិសម្រាប់សិក្សាយុទ្ធសាស្ត្រតុល្យភាពយោធាឆ្នាំ២០២២ បច្ចុប្បន្ន ចំនួនកងទ័ពផ្លូវការរបស់ប្រទេសនេះមានប្រហែល៤៨០០០នាក់ និងទាហានតាមព្រំដែនមានប្រហែល១២០០០នាក់។ 
 
លោក Lukashenko ដែលគាំទ្ររុស្ស៊ីក្នុងសង្គ្រាមអ៊ុយក្រែន ប្រឆាំងប្រទេសលោកខាងលិច បាននិយាយជាញឹកញាប់ថា កងទ័ពរបស់លោកត្រូវតែប្រយុទ្ធយ៉ាងរហ័ស ឃោឃៅ និងឱ្យស័ក្តិសមនៅពេលបេឡារុសរងការវាយប្រហារ។ បើតាមទីភ្នាក់ងារព័ត៌មាន Reuters លោកក៏បាននិយាយផងដែរថា បទពិសោធនៅអ៊ុយក្រែនបានបង្ហាញឱ្យឃើញថា ប្រទេសរបស់លោកត្រូវការការការពារខ្លួនបន្ថែម ប៉ុន្តែមិនបានបញ្ជាក់ថាការពារខ្លួនពីការឈ្លានពានដោយប្រទេសណាទេ។
 
ជាប្រទេសសម្ពន្ធមិត្តភ្ជាប់ទំនាក់ទំនងល្អិតល្មួតជាមួយរុស្ស៊ី បេឡារុសមិនរារែកបង្ហាញឆន្ទៈឈរជាមួយរុស្ស៊ីឡើយ ហើយបានព្រមព្រៀងគ្នាពង្រាយកងកម្លាំងនៅជាប់ព្រំដែនរដ្ឋណាតូមួយចំនួនទៀតផង។ 
 
គួរបញ្ជាក់ថា អឺរ៉ុប អាម៉េរិក និងប្រទេសដទៃទៀត បានដាក់ទណ្ឌកម្មលើការនាំចេញទំនិញរបស់អតីតរដ្ឋសូវៀតមួយនេះដែលមានតម្លៃរាប់ពាន់លានដុល្លារកាលពីខែឧសភា ដើម្បីឆ្លើយតបនឹងការគាំទ្ររុស្ស៊ី៕
 

Tag:
 បេឡារុស
© រក្សាសិទ្ធិដោយ thmeythmey.com