អន្តរជាតិ
ប្រធានាធិបតី​រុស្ស៊ី ប្រកាស​ផ្អាក​អនុវត្ត​សន្ធិសញ្ញា​រឹតត្បិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ជាមួយ​អាម៉េរិក​
21, Feb 2023 , 8:19 pm        
រូបភាព
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Reuters
លោកវ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព Reuters
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​ព្យួរ​សន្ធិសញ្ញា​រឹតត្បិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ New Start ដែល​សល់ តែមួយគត់​ជាមួយ​អាម៉េរិក​។

 
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បាន​ថ្លែង​សុន្ទរកថា​មួយ​ទៅកាន់​ប្រជាជាតិ​ខ្លួន ស្របពេល​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ឈានចូល​ខួប ១​ឆ្នាំ​។ ក្នុង​សុន្ទរកថា​ដែលមាន​អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​តាមដាន លោកពូ​ទីន បានប្រកាស​ផ្អាក​ការអនុវត្ត​សន្ធិសញ្ញា New Start ដែល​សល់ តែមួយគត់​ជាមួយ​អាម៉េរិក​។ សន្ធិសញ្ញា​នេះ មាន​គោលបំណង រឹតត្បិត​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​រវាង​ប្រទេស​ទាំងពីរ​សម្រាប់​លើ​អាវុធ​ផ្សេងៗ​។ 
 
«​ខ្ញុំ​ត្រូវបាន​ជំ​រុញឱ្យ​ប្រកាស​នៅថ្ងៃនេះ​ថា រុស្ស៊ី​កំពុង​ព្យួរ​ការចូលរួម​របស់​ខ្លួន​ក្នុង​សន្ធិសញ្ញា​អាវុធ​វាយប្រហារ​យុទ្ធសាស្ត្រ​»​។ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​សង្កត់ធ្ងន់​បែបនេះ ដោយ​បន្ថែមថា រុស្ស៊ី​ចាំបាច់​ត្រូវតែ​ត្រៀមខ្លួន​សម្រាប់​ការសាកល្បង​អាវុធ​នុយក្លេអ៊ែរ ប្រសិនបើ​អាម៉េរិក​ធ្វើបែបនេះ​ដែរ​។ 
 
​ទន្ទឹមនេះ លោកពូ​ទីន ក៏បាន​ទម្លាក់កំហុស​លើ​ប្រទេស​លោកខាងលិច និង​អ៊ុយ​ក្រែ​ន​ផង ដែល​ធ្វើឱ្យមាន​សង្គ្រាម​ផ្ទុះឡើង​។ មិន​ខុសពី​លើក​មុន​ឡើយ លោកពូ​ទីន ថា ការពង្រីក​ខ្លួន​របស់​អង្គការ​ណា​តូ និង​ប្រព័ន្ធ​ប្រឆាំង​រ៉ុក្កែត​របស់​អឺរ៉ុប ជា​អ្នក​បង្ករឿង​ចំពោះ​រុស្ស៊ី​។ 
 
​សន្ធិសញ្ញា New Start ត្រូវបាន​ចុះ​ហត្ថ​ដោយ​ប្រធានាធិបតី​អាម៉េរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​រុស្ស៊ី Dmitry Medvedev នៅក្នុង​ឆ្នាំ​២០១០​។ សន្ធិសញ្ញា​នេះ បាន​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ​២០១១​។ នៅក្នុង​ឆ្នាំ​២០២១ អាម៉េរិក​បាន​បន្ត​សន្ធិ​សញ្ញា​នេះ​រយៈពេល ៥​ឆ្នាំ​បន្ថែមទៀត ក្រោយ​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាម៉េរិក ឡើងកាន់តំណែង​។ 
 
​ក្រោយ​ប្រកាស​ព្យួរ​បែបនេះ ប្រមុខ​អង្គការ​ណា​តូ លោក Jens Stoltenberg បាន​ជំរុញ​ឱ្យ​លោកពូ​ទីន​ពិចារណា​ឡើងវិញ​។ បើតាម​លោក Stoltenberg ការផ្អាក​ការអនុវត្ត​របស់​រុស្ស៊ី មានតែ​បន្ត​ឱ្យ​សង្គ្រាម​កាន់តែ​រីកសាយ​ប៉ុណ្ណោះ​។ 
 
​ចំណែក​លោក Mikhail Ulyanov មន្ត្រី​រុស្ស៊ី​មួយរូប បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​ការផ្អាក​ការអនុវត្ត​សន្ធិសញ្ញា New Start មិនមែនជា​ការដើរ​ចេញ​ឡើយ ហើយ​រុស្ស៊ី​អាចមាន​លទ្ធភាព​ត្រលប់មក​អនុវត្ត​វិញ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com