អន្តរជាតិ
នាយករដ្ឋមន្ត្រីថៃ៖ ការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា
22, Feb 2023 , 9:59 am        
រូបភាព
នាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ​ ចន្ទអូចានា ថ្ងៃទី២១ ខែកុម្ភៈ បានថ្លែងថា​ លោកនឹងរំលាយ​សភា​នៅ​ខែ​ក្រោយមុនពេលការបោះឆ្នោតដែលអាចនឹងត្រូវធ្វើឡើងនៅថ្ងៃទី៧ ខែឧសភា។

 
អតីតមេទ័ពដែលកាន់អំណាចតាំងពីលោកដឹកនាំរដ្ឋប្រហារក្នុងឆ្នាំ២០១៤ លោក ប្រាយុទ្ធ ចន្ទអូចា និយាយថា គណៈកម្មការរៀបចំការបោះឆ្នោតត្រូវការពេលរហូតដល់ចុងខែនេះ ដើម្បីយល់ព្រម​លើ​ពេលវេលារៀបចំការបោះឆ្នោត ខណៈការរំលាយសភានឹងធ្វើឡើងនៅខែមីនា ដែលនឹងផ្ដល់ពេល វេលា​គ្រប់គ្រាន់សម្រាប់បេក្ខជនរៀបចំ។
 
«ប្រាកដហើយ ហេតុអ្វីក៏អត់?» លោកប្រាយុទ្ធបានសង្កត់ធ្ងន់បែបនេះពេលអ្នកសារព័ត៌មាន ម្នាក់​បាន​សាកសួរថា ការបោះឆ្នោតអាចនឹងធ្វើឡើងនៅថ្ងៃទី៧ ខែឧសភាឬយ៉ាងណា។
 
ការស្ទង់មតិលើជម្រើសកំពូលសម្រាប់មេដឹកនាំបន្ទាប់បង្ហាញថា លោក ប្រាយុទ្ធ វ័យ ៦៨ ឆ្នាំ ស្ថិតនៅលំដាប់ពីក្រោយអ្នកចំណូលនយោបាយថ្មីលោកស្រី Paetongtarn Shinawatra អាយុ ៣៦ឆ្នាំ ដែលជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីលោក ថាក់ស៊ីន ស៊ីណាវ៉ាត់។ លោកស្រី Paetongtarn តំណាងឱ្យគណបក្សប្រឆាំងភឿថៃ។
 
ជុំវិញការបោះឆ្នោតនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាល លោក Anucha Burapachaisri នៅថ្ងៃដដែល​បាន​បង្ហាញអំពីពេលវេលាដ៏លំបាកសម្រាប់ការបោះឆ្នោត​ដែលទំនងជានឹង​ធ្វើឡើ​ង​នៅ​ដើមខែឧសភា ជាមួយនឹងលទ្ធផលដែលនឹងប្រកាសនៅដើមខែកក្កដា។
 
បើតាមលោក Auncha សភាថ្មីនឹងជ្រើសរើសនាយករដ្ឋមន្ត្រីនៅចុងខែកក្កដា ហើយដាក់ឈ្មោះ​គណៈរដ្ឋមន្ត្រីនៅដើមខែសីហា ដោយរដ្ឋាភិបាលបច្ចុប្បន្នរបស់លោក ប្រាយុទ្ធ នឹងបម្រើការងារ​បណ្តោះអាសន្នសិន៕
 
 

Tag:
 ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com