អន្តរជាតិ
ខេត្តខ្លះរបស់ចិនចេញច្បាប់​ឈប់​សម្រាកមានប្រាក់ខែចំនួន​៣០​ថ្ងៃស​ម្រាប់អ្នករៀបការថ្មីដើម្បី​ជំរុញ​អត្រា​កំណើត
22, Feb 2023 , 2:39 pm        
រូបភាព
កាសែត People's Daily Health របស់បក្សកុម្មុយនីស្តចិន នៅថ្ងៃទី២១ ខែកុម្ភៈ បានចុះផ្សាយថា ខេត្តមួយចំនួននៅ​ចិនបានអនុម័តច្បាប់ឈប់សម្រាកមានប្រាក់ខែចំនួន​៣០​ថ្ងៃសម្រាប់គូស្នេហ៍ដែលទើបរៀបការថ្មីថ្មោងក្នុងគោលបំណងលើកទឹកចិត្តដល់ការរៀបអាពាហ៍ពិពាហ៍ដោយស្របច្បាប់ និងជំរុញអត្រាកំណើតក្នុងប្រទេសឡើងវិញ។



កន្លងមក ច្បាប់​ឈប់​សម្រាកមានប្រាក់ខែសម្រាប់គូស្នេហ៍ដែលទើបរៀបការថ្មីថ្មោងរបស់ចិន អនុញ្ញាតឱ្យអ្នកទើបរៀបការហើយថ្មីឈប់សម្រាក​អប្បបរមាចំនួន៣ថ្ងៃ។ យ៉ាងណាមិញ នៅខែកុម្ភៈនេះ ខេត្តនានានៅចិនអាចកំណត់ច្បាប់ឈប់សម្រាក​មានប្រាក់ខែស​ម្រាប់អ្នករៀបការថ្មីបានដោយខ្លួនឯង។ 
 
បើតាម សារព័ត៌មាន People's Daily Health ខេត្ត Gansu នៅភាគពាយ័ព្យប្រទេស និងខេត្តផលិតធ្យូងថ្មរបស់ចិន Shanxi ថ្មីៗនេះបានអនុញ្ញាតឱ្យពលរដ្ឋដែលទើបរៀបការរួចឈប់សម្រាកបានរហូតដល់៣០ថ្ងៃ ខណៈដែលទីក្រុងសៀងហៃអនុញ្ញាតឱ្យពលរដ្ឋឈប់ ១០ ថ្ងៃ និងខេត្ត Sichuan នៅរក្សាច្បាប់ឈប់សម្រាក៣ថ្ងៃដដែល។ 
 
«ការពន្យាពេលការឈប់សម្រាកពលរដ្ឋទើបរៀបការថ្មីថ្មោងគឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពមួយក្នុងការបង្កើនអត្រាកំណើត»។ លោក Yang Haiyang ព្រឹទ្ធបុរសនៃវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍សង្គមនៃសាកលវិទ្យាល័យ Southwestern នៃហិរញ្ញវត្ថុ និងសេដ្ឋកិច្ច បានលើកឡើងបែបនេះ។ 
 
លោកក៏បានបន្ថែមថា ការពន្យារពេលការឈប់សម្រាក​គឺផ្ដោតសំខាន់លើខេត្តនិងក្រុងមួយចំនួនដែលមានការអភិវឌ្ឍសេដ្ឋកិច្ចយឺត ​​ដើម្បីពង្រីកកម្លាំងពលកម្ម។ យ៉ាងណាមិញ លោកក៏បានបន្ថែមថា គោលនយោបាយគាំទ្រមួយចំនួនទៀតនៅតែចាំបាច់អនុវត្តដើម្បីជំរុញអត្រាកំណើត ដូចជាការឧបត្ថម្ភថ្លៃផ្ទះ និងការឈប់សម្រាកលំហែបិតុភាពសម្រាប់បុរសជាដើម។
 
យោងតាមទិន្នន័យផ្លូវការរបស់ចិន ចំនួនប្រជាជនសរុបរបស់ចិនបានធ្លាក់ចុះ​ជាលើកដំបូងកាលពីឆ្នាំមុនក្នុងរយៈពេល៦ទសវត្សរ៍មកនេះ ដែលជាចំណុចរបត់មួយត្រូវរំពឹងថា ជាការចាប់ផ្តើមនៃការធ្លាក់ចុះអត្រាចំនួនប្រជាជនរយៈពេលវែង។
 
ការធ្លាក់ចុះនៃចំនួនប្រជាជននេះ ភាគច្រើនគឺជាបណ្ដាលមកពីគោលនយោបាយ កូនមួយរបស់ចិនដែលអនុវត្តនៅចន្លោះឆ្នាំ ១៩៨០ និង ២០១៥ និងការកើនឡើងនៃការចំណាយលើការអប់រំ ដែលបានធ្វើឱ្យជនជាតិចិនជាច្រើនមិនចង់មានកូន៕
 

Tag:
 ចិន
© រក្សាសិទ្ធិដោយ thmeythmey.com