ប្រជាជនរស់នៅក្នុងទីក្រុងប៉េកាំងប្រទេសចិនដែលមានចំណូលទាប ក្នុងម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថម្ភចំនួន ៦ដុល្លារក្នុងមួយខែ។ បើតាមការបញ្ជាក់ពីអាជ្ញាធរទីក្រុងប៉េកាំង ការផ្តល់ប្រាក់នេះអាចជួយកាត់បន្ថយអតិផរណា ដោយសារតម្លៃអាហារឡើងថ្លៃខ្ពស់។
គណៈកម្មាធិការកំណែទម្រង់ និងការអភិវឌ្ឍន៍ទីក្រុងប៉េកាំងបានប្រកាសកាលពីចុងសប្តាហ៍មុនថា ប្រជាជនជាង ៣០០ពាន់នាក់ដែលមានចំណូលទាប នឹងទទួលបានប្រាក់ឧបត្ថម្ភ៤០យ័ន (៦ដុល្លារ) ក្នុងមួយខែ។ កញ្ចប់ជំនួយដំបូងនឹងត្រូវបានឧបត្ថម្ភក្នុងខែនេះ ហើយវាមិនច្បាស់ទេថាតើគោលការណ៍នេះនឹងមានរយៈពេលប៉ុន្មានយូរយ៉ាងណា។
«នៅក្នុងខែមករា តម្លៃអាហារនៅទីក្រុងប៉េកាំងបានកើនឡើង ៦,៦ភាគរយដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់កម្មវិធីជំនួយ។ យើងនឹងខិតខំរក្សាកម្រិតជីវភាពជាមូលដ្ឋានសម្រាប់អ្នកដែលមានតម្រូវការ»។ នេះបើតាមសារព័ត៌មាន Beijing Daily បានដកស្រង់សម្ដីមន្ត្រីគណៈកម្មាការមួយរូប។
ការប្រកាសនេះបានធ្វើឡើងនៅពេលដែលអតិផរណាតម្លៃម្ហូបអាហារបានកើនឡើង បន្ទាប់ពីរដ្ឋាភិបាលបានលុបចោលគោលនយោបាយសូន្យកូវីដរបស់ខ្លួនកាលពីចុងឆ្នាំមុន និងបានបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុដើម្បីជំរុញការងើបឡើងវិញនៃសេដ្ឋកិច្ច។
សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ (CPI) នៅចិនក្នុងខែមករាបានកើនឡើង២,១ភាគរយ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះតម្លៃអាហារកើនឡើងជាង៦ភាគរយ ភាគច្រើនដោយសារសាច់ជ្រូក និងផ្លែឈើ។
ប៉ុន្តែដំណឹងនៃការគាំទ្រជាផ្លូវការមិនសូវទទួលបានការគាំទ្រពីប្រជាពលរដ្ឋឡើយ។ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ចិន មនុស្សជាច្រើនត្អូញត្អែរអំពីតម្លៃនៃការរស់នៅខ្ពស់នៅទីក្រុងប៉េកាំង។ មនុស្សជាច្រើនរិះគន់ប្រព័ន្ធសន្តិសុខសង្គមនៅក្នុងប្រទេសចិន។ អ្នកខ្លះទៀតសម្ដែងការមិនពេញចិត្តនឹង រដ្ឋាភិបាលចំពោះការលើកលែងបំណុលរាប់ពាន់លានដុល្លារពីប្រទេសដទៃ។
ចិនបានអនុវត្តកម្មវិធីមួយដើម្បីគាំទ្រប្រជាជនដែលមានប្រាក់ចំណូលទាបចាប់តាំងពីឆ្នាំ ២០១១ ដោយផ្តល់ប្រាក់ដល់អ្នកដែលត្រូវការជំនួយ នៅពេលដែលសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់ ឬតម្លៃអាហារឈានដល់កម្រិតជាក់លាក់ណាមួយដែលអាជ្ញាធរបានកំណត់។ នៅចិន ទីក្រុង ឬតំបន់នីមួយៗមានស្តង់ដារផ្សេងៗគ្នា ដោយសារតម្លៃនៃការរស់នៅប្រែប្រួលពីកន្លែងមួយទៅកន្លែងមួយ។
ទោះជាយ៉ាងណាក៏ដោយ តំបន់ជាច្រើននៅក្នុងប្រទេសនេះក៏កំពុងប្រឈមមុខនឹងសម្ពាធផ្នែកហិរញ្ញវត្ថុផងដែរ ពីព្រោះរយៈពេល ៣ឆ្នាំនៃការអនុវត្តគោលនយោបាយសូន្យកូវីដ បណ្តាលឱ្យបាត់បង់ថវិការបស់ពួកគេ។ ការធ្លាក់ចុះនៃទីផ្សារអចលនទ្រព្យបានធ្វើឱ្យរដ្ឋាភិបាលក្នុងតំបន់បាត់បង់ប្រាក់ចំណូលមួយចំនួនធំផងដែរ៕