អន្តរជាតិ
រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន និងអូស្រ្តាលី ពិភាក្សាពីការល្បាតរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង
22, Feb 2023 , 4:29 pm        
រូបភាព
លោកRichard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី (ខាងឆ្វេង) ជាមួយសមភាគីហ្វីលីពីន Carlito Galvez នៅក្នុងសន្និសីទសារព័ត៌មានរួមនៅក្នុងក្រុងម៉ានីល នៅថ្ងៃទី២២ ខែកុម្ភៈ។ រូបភាព AFP
លោកRichard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី (ខាងឆ្វេង) ជាមួយសមភាគីហ្វីលីពីន Carlito Galvez នៅក្នុងសន្និសីទសារព័ត៌មានរួមនៅក្នុងក្រុងម៉ានីល នៅថ្ងៃទី២២ ខែកុម្ភៈ។ រូបភាព AFP
ប្រមុខការពារជាតិហ្វីលីពីន និងអូស្រ្តាលី នៅថ្ងៃទី២២ ខែកុម្ភៈ បានពិភាក្សាគ្នាជុំវិញការល្បាតរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ ជំនួបនេះ ធ្វើឡើងក្រោយនាវាល្បាតចិន បាញ់ភ្លើងឡាស៊ែរដាក់នាវាល្បាតហ្វីលីពីននៅពេលថ្មីៗនេះ។

 
ក្រោយការបាញ់ភ្លើងឡាស៊ែរដាក់នាវាល្បាតខ្លួនពីសំណាក់ចិន ហ្វីលីពីន បានជជែកជាមួយប្រទេសជាបន្តបន្ទាប់ជុំវិញការល្បាតរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ បន្ថែមពីលើអាម៉េរិក ហ្វីលីពីន បានពិភាក្សាជាមួយអូស្រ្តាលីថែមទៀត ជុំវិញបញ្ហានេះ។ 
 
«នៅថ្ងៃនេះ យើងពិតជាបានជជែកអំពីលទ្ធភាពល្បាតរួមគ្នា ហើយយើងនឹងបន្តធ្វើការងារនោះ និងសង្ឃឹមថាទទួលបានលទ្ធផលល្អក្នុងពេលឆាប់ៗនេះ»។ លោកRichard Marles រដ្ឋមន្រ្តីការពារជាតិអូស្រ្តាលី បានបញ្ជាក់បែបនេះ នៅក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយសមភាគីហ្វីលីពីន Carlito Galvez នៅក្នុងក្រុងម៉ានីល ដោយបន្តថា ដោយប្រទេសទាំងពីរប្តេជ្ញាចំពោះសណ្តាប់ធ្នាប់អន្តរជាតិ ប្រទេសទាំងពីរ បានគិតពិចារណាអំពីវិធីសាស្រ្ត ដែលអាចសហការជាមួយគ្នាបាននៅក្នុងវិស័យនេះ។ 
 
មុនជំនួបនេះ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក៏បានជជែកតាមទូរសព្ទជាមួយសមភាគីអាម៉េរិកផង ជុំវិញសេចក្តីសម្រេចលើការចាប់ផ្តើមឡើងវិញនៃប្រទេសទាំងពីរសម្រាប់សកម្មភាពរួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង។ រដ្ឋមន្រ្តីប្រទេសទាំងពីរ ក៏បានបង្ហាញក្តីបារម្ភចំពោះស្ថានការណ៍វិវដ្ដនៅក្នុងសមុទ្រចិនខាងត្បូងផង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។ 
 
នៅដើមខែកុម្ភៈកន្លងទៅ នាវាល្បាតចិន បានបាញ់ភ្លើងឡាស៊ែរ ដាក់នាវាល្បាតហ្វីលីពីនក្នុងគោលបំណងរារាំងមិនឱ្យឆ្ពោះទៅតំបន់ Second Thomas Shoal ដើម្បីផ្គត់ផ្គង់កម្លាំងទ័ពហ្វីលីពីននៅទីនោះ។ ប៉ុន្តែ អ្នកនាំពាក្យក្រសួងការបរទេសចិន បាននិយាយការពារសកម្មភាពយោធាខ្លួនថា នាវាល្បាតហ្វីលីពីន បានឆ្លងមកក្នុងដែនទឹកចិនដោយគ្មានការអនុញ្ញាត៕
 
 

Tag:
 ហ្វីលីពីន
  អូស្រ្តាលី
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com