ជាតិ
សង្គមជាតិ
យុវជនក្រីក្រ១លាន៥សែននាក់ នឹងបានរៀនជំនាញ ហើយទទួលប្រាក់ឧបត្ថម្ភពីរដ្ឋថែមទៀត
22, Feb 2023 , 5:09 pm        
រូបភាព
front សកម្មភាពយុវជន ទៅសម្ភាសសុំចូលបម្រើការងារតាមវិស័យផ្សេងៗ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីក្រសួងការងារ
front សកម្មភាពយុវជន ទៅសម្ភាសសុំចូលបម្រើការងារតាមវិស័យផ្សេងៗ ក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីក្រសួងការងារ
ដោយ៖ ទេពញាណ 

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំផែនការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជន១លាន៥សែននាក់ ដែលមកពីនៅគ្រួសារក្រីក្រ និងគ្រួសារងាយរងគ្រោះនៅទូទាំងប្រទេសកម្ពុជា ចាប់ពីឆ្នាំ២០២៣នេះទៅ ដោយរដ្ឋ ជាអ្នកឧបត្ថម្ភប្រាក់ដល់ពួកគេ។ នេះជាការប្រកាសរបស់លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ក្នុងពិធីបើកសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ក្នុងវិស័យការងារ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

 
លោក អ៊ិត សំហេង អះអាងថា ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនក្រីក្រនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោករដ្ឋមន្រ្តី លើកឡើងថា ក្រសួងការងារ កំពុងអនុវត្តផែនការមេ សម្រាប់អភិវឌ្ឍគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្តោតលើយុទ្ធសាស្ត្រ៤ គឺ ទី១ ការកសាង និងការកែលម្អហេដ្ឋារចនាសម្ព័ន្ធគ្រឹះស្ថានសិក្សា ទី២ ការបំពាក់ឧបករណ៍ និងសម្ភារៈបណ្តុះបណ្តាល ទី៣ ការពង្រឹងសមត្ថភាពអ្នកគ្រប់គ្រង មន្រ្តីជំនាញ និងគ្រូបច្ចេកទេស ទី៤ ការបង្កើនបរិមាណ និងគុណភាពជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ 
 

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ ថ្លែងក្នុងពិធីបើកសន្និបាតស្តីពីការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ ក្នុងវិស័យការងារ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់ោក អ៊ិត សំហេង

គេ ទើបនឹងបានឮសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសអំពីគម្រោងនៃការបណ្តុះបណ្តាលយុវជន១លាន៥សែននាក់នេះ ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យធនធានមនុស្ស កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។ ប្រមុខរដ្ឋាភិបាល បញ្ជាក់ដូច្នេះថា៖«យុវជនទាំងនោះ ពេលចូលរៀន មិនត្រឹមតែមិនបង់ប្រាក់ទេ តែរដ្ឋ ផ្តល់ប្រាក់ឧបតម្ភឲ្យ [ទៀត]»។ 
 
សម្តេចនាយករដ្ឋមន្រ្តី បន្តថា ការរៀបចំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនរហូត១លាន៥សែកនាក់នេះ គឺដើម្បីឲ្យកម្ពុជា មានធនធានមនុស្ស ក្នុងការបម្រើសេចក្តីត្រូវការ និងការវិនិយោគ ដែលមកពីក្រៅប្រទេស។ សម្តេច បន្តថា បច្ចុប្បន្ន កម្ពុជា បានក្លាយជាគោលដៅនៃការទាក់ទាញវិនិយោគ៕ 
 

Tag:
 ការងារ
  បណ្តុះបណ្តាលជំនាញ
  យុវជន
© រក្សាសិទ្ធិដោយ thmeythmey.com