ជាតិ
លោក ថោង ខុន ជំរុញឱ្យរៀបចំកញ្ចប់ទស្សនានៅ​តំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញទេសចរ
22, Feb 2023 , 6:59 pm        
រូបភាព
 រូបភាពពី ក្រសួងទេសចរណ៍
រូបភាពពី ក្រសួងទេសចរណ៍
ដោយ៖ សែម ប្រាក់ដាវ

ភ្នំពេញ៖ វិស័យអេកូទេសចរណ៍ និងសហគមន៍ទេសចរណ៍ ជាអនុវិស័យអេកូទេសចរណ៍ បានចូលរួមចំណែកទ្រទ្រង់ដល់វិស័យទេសចរណ៍ ក្នុងការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្រោយវិបត្តិកូវីដ-១៩ នាពេលកន្លងមក។  ក្រសួងទេសចរណ៍ ជំរុញការរៀបចំកញ្ចប់ទស្សនកិច្ច និងការនាំភ្ញៀវទៅកាន់តំបន់អេកូទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ និងបង្កើនការទស្សនានៅអេកូទេសចរណ៍ទាំងនោះ។



លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានជំរុញឱ្យការីទេសចរណ៍បង្កើនការលក់កញ្ចប់ទស្សនកិច្ចទៅកាន់សហគមន៍អេកូទេសចរណ៍អាស៊ាន និងសហគមន៍នានានៅកម្ពុជា។ ការបង្កើននេះ ដើម្បីជំរុញសក្តានុពលវិស័យអេកូទេសចរណ៍ឱ្យកាន់តែប្រសើរ ជាពិសេសលើកកម្ពស់ជីវភាពរស់នៅរបស់សហគមន៍ក្នុងមូលដ្ឋាន និងអភិរក្សធនធានជលផលនៃបណ្តាខេត្តជុំវិញតំបន់អេកូទេសចរណ៍។
  

លោក ថោង ខុន រដ្ឋមន្រី្តក្រសួងទេសចរណ៍។ រូបភាពពី ក្រសួងទេសចរណ៍
 
នៅតាមដងទន្លេមេគង្គលើ បានក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ តាមរយៈឆ្នេរខ្សាច់ ដើមឈើលិចទឹក ត្រី បក្សាបក្សី និងអាកាសធាតុអំណោយផល។ តាមដងទន្លេមេគង្គលើ  មានសហគមន៍អេកូទេសចរណ៍ចំនួន៥កន្លែង ត្រូវបានក្លាយជាទីទេសចរណ៍ធម្មជាតិ និងផ្សងព្រេង។ សហគមន៍ទាំងនោះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិរក្សធនធានធម្មជាតិ ជីវៈចម្រុះ ប្រព័ន្ធអេកូឡូស៊ី និងលើកស្ទួយជីវភាពសហគមន៍មូលដ្ឋាន។
 
ជាមួយគ្នានេះ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានផ្ដល់អនុសាសន៍មួយចំនួន ក្នុងនោះ ក្រសួង ស្ថាប័នពាក់ព័ន្ធ គាំទ្រការកំណត់តំបន់អេកូទេសចរណ៍អាទិភាព និង​ជំរុញការអភិវឌ្ឍ ក្រោមគោលការណ៍និរន្តរភាព និងការទទួលខុសត្រូវ។ បន្ថែមលើនេះ ត្រូវឯកភាពបន្តជំរុញការបញ្ចូលសកម្មភាព​ទេសចរណ៍ និងអេកូទេសចរណ៍ទៅក្នុងសហគមន៍ ដែលមានសក្ដានុពល គ្រប់ដែនសមត្ថកិច្ចក្រសួងស្ថាប័នទាំងអស់។
 
លើសពីនេះ សហគមន៍អេកូទេសចរណ៍ចំនួន២ បានទទួលពានរង្វាន់ស្ដង់ដាសហគមន៍អេកូទេសចរណ៍អាស៊ាន រួមមាន សហគមន៍អេកូទេសចរណ៍សម្រស់កោះហាន ក្នុងខេត្តស្ទឹងត្រែង និងសហគមន៍អេកូទេសចរណ៍ព្រៃធំអន្លង់ធំ ក្នុងខេត្តសៀមរាប។ សូមបញ្ជាក់ថា ក្រសួងទេសចរណ៍ បានអំពាវនាវ ដល់គ្រប់សមាគមន៍ទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងផ្នែកឯកជនពាក់ព័ន្ធចូលរួមឱ្យបានច្រើន ដើម្បីចាប់យកឱកាសផ្សព្វផ្សាយ និងការលក់កញ្ចប់ទស្សនកិច្ចទេសចរណ៍នៅកម្ពុជា៕
 

Tag:
 ThmeyThmey25
 ទេសចរណ៍
  អេកូទេសចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com