អន្តរជាតិ
លោកពូទីន៖ ទំនាក់ទំនងរុស្ស៊ីចិន ជាចំណុចក្នុងដ៏សំខាន់ក្នុងការរក្សាស្ថិរភាពអន្តរជាតិ
23, Feb 2023 , 10:09 am        
រូបភាព
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
លោកវ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន ចាប់ដៃជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាពយកពីវិមានក្រេមឡាំង
ចំពោះមុខអ្នកការទូតជាន់ខ្ពស់ចិន វ៉ាង យី ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃទី២២ ខែកុម្ភៈ បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងក្រុងប៉េកាំង និងក្រុងមូស្គូ គឺសំខាន់ ក្នុងការរក្សាស្ថិរភាពនៅលើឆាកអន្តរជាតិ។ លោកវ៉ាង យី តបវិញថា ក្រុងប៉េកាំងត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការឱ្យស៊ីជម្រៅ។

 
ក្នុងទស្សនកិច្ចនៅក្រុងមូស្គូ នៅថ្ងៃទី២២ ខែកុម្ភៈ លោក វ៉ាង យី នាយកការិយាល័យគណៈកម្មការកិច្ចការបរទេសនៃបក្សកុម្មុយនីស្តចិន បានជួបជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ 
 
«កិច្ចសហការរវាងចិន និងរុស្ស៊ី នៅឆាកអន្តរជាតិ គឺពិតជាសំខាន់ខ្លាំង ក្នុងការរក្សាស្ថិរភាពស្ថានភាពអន្តរជាតិ»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះទៅកាន់លោកវ៉ាង។ ជំនួបនេះ ធ្វើឡើងស្របពេលចិន កំពុងព្យាយាមធ្វើជាសន្ធានការី សម្រាប់ការដោះស្រាយជម្លោះនៅអ៊ុយក្រែន។ 
 
ជាការឆ្លើយតប លោកវ៉ាង បានអះអាងថា ជាមួយភាគីរុស្ស៊ី ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ។ បើតាមលោកវ៉ាង ទំនាក់ទំនងប្រទេសទាំងពីរ មិនបានប្រឆាំងដោយផ្ទាល់ចំពោះប្រទេសទីបីឡើយ ហើយក៏មិនបោះបង់ចំពោះជម្លោះឡើយ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
ក្នុងថ្ងៃដដែលនោះ លោកវ៉ាង ក៏បានជួបជាមួយប្រមុខការទូតរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ ផង។ យ៉ាងណាមិញ ភាគីទាំងពីរ មិនបានពិភាក្សាពីផែនការសន្តិភាពរបស់ចិនឡើយ។ តាមសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី២២ ខែកុម្ភៈ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានអះអាងថា ភាគីចិន បានសង្ខេបប្រាប់ភាគីរុស្ស៊ីពីមូលហេតុនៃវិបត្តិនៅអ៊ុយក្រែន ក៏ដូចជាចំណាត់ការលើការដោះស្រាយវិបត្តិនយោបាយ។ 
 
ទន្ទឹមនេះ លោកវ៉ាង បានប្រាប់លោកឡាវរ៉ូវថា ចិន និងរុស្ស៊ីតែងគោរពចំពោះការកសាងពហុភាគីនិយម និងជំទាស់ឯកតោនិយម និងសកម្មភាពបែបគំរាមសម្លុតរាល់គ្រប់ទម្រង់។ មន្រ្តីជាន់ខ្ពស់ចិន បានបន្ថែមថា មិនថាស្ថានការណ៍ពិភពលោកប្រែប្រួលយ៉ាងណាឡើយ ទំនាក់ទំនងជាមួយរុស្ស៊ី នឹងបន្តអភិវឌ្ឍដ៏ល្អ។
 
គួររំឮកថា រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង នៅថ្ងៃទី២១ ខែកុម្ភៈ បានផ្តល់សំណើស្វែងរកដំណោះស្រាយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន ស្របពេលសង្រ្គាមឈានចូលមួយឆ្នាំ។ ការផ្តល់សំណើស្វែងរកដំណោះស្រាយនេះ ធ្វើឡើងដោយសារចិនមានក្តីបារម្ភ ចំពោះការរីកសាយនៃជម្លោះ និងមិនអាចគ្រប់គ្រងបាន៕ 
 

Tag:
 រុស្ស៊ី
  ចិន
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com