ជាតិ
លោកស្រី ជា គឹមថា ឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំប្រទេសវៀតណាម
23, Feb 2023 , 10:11 am        
រូបភាព
លោកស្រី ជា គឹមថា កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ជូនដល់លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម
លោកស្រី ជា គឹមថា កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ជូនដល់លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម
ដោយ: រួបរួម
លោកស្រី ជា គឹមថា កាលពីថ្ងៃទី២២ ខែកុម្ភៈ បានប្រគល់សារតាំងរបស់ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហនុ ជូនដល់លោកស្រី Vo Thi Anh Xuan ប្រធានរដ្ឋស្តីទីនៃប្រទេសវៀតណាម។ បើគិតចាប់តាំងពីថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-វៀតណាម នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ១៩៦៧ លោកស្រីគឺជាឯកអគ្គរាជទូតស្ត្រីដំបូងរបស់កម្ពុជាប្រចាំប្រទេសជិតខាងមួយនេះ។

 
លោកស្រី ជា គឹមថា ក្លាយជាឯកអគ្គរាជទូតកម្ពុជាថ្មីប្រចាំប្រទេសវៀតណាម បន្តពីលោក ចាយ ណាវុធ ដែលបានផុតអណត្តិ ហើយទទួលបានការតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
 
«មន្ត្រីការទូត និងបុគ្គលិកនៃស្ថានឯកអគ្គរាជទូត សូមសម្តែងនូវមនោសញ្ចេតនាសប្បាយរីករាយ និងអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកជំទាវឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋសង្គមនិយមវៀតណាម និងសូមជូនពរលោកជំទាវទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តម»។ នេះជាសារជូនពររបស់មន្ត្រីស្ថានទូតកម្ពុជាប្រចាំវៀតណាមតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូត។
 
យោងតាមប្រវត្តិរូបដែលបង្ហោះនៅលើគេហទំព័រក្រសួងការបរទេស លោកស្រី ជា គឹមថា កើតនៅថ្ងៃទី១០ ខែមេសា ឆ្នាំ១៩៦១ នៅខេត្តកំពង់ចាម។ នៅឆ្នាំ១៩៨៣ លោកស្រី ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកសង្គមវិទ្យា នៅសាកលវិទ្យាល័យ Karl Marx ប្រទេសអាល្លឺម៉ង់។
 
 
សម្រាប់ការងារការទូត លោកស្រីធ្លាប់ធ្វើជាអគ្គទីប្រឹក្សាកុលស៊ុលនៃស្ថានទូតកម្ពុជាប្រចាំក្រុងតូក្យូ ហើយក្រោយមកជាឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុនពីឆ្នាំ២០១៥-២០១៨។ នៅក្រសួងការបរទេស លោកស្រីធ្លាប់កាន់តំណែងជាប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការមេគង្គ, ប្រធាននាយកដ្ឋានអាមេរិក និងប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ។
 
ពីឆ្នាំ២០១៨ ដល់២០២០ លោកស្រីជាអគ្គនាយិកាទទួលបន្ទុកអាស៊ីប៉ាស៊ីហ្វិក មុនក្លាយជាអនុរដ្ឋលេខាធិការក្រសួងការបរទេស៕
 

© រក្សាសិទ្ធិដោយ thmeythmey.com