ជាតិ
ទូតអូស្ត្រាលីថ្មី ចង់ស្គាល់ហាងគុយទាវដែលឆ្ងាញ់ជាងគេនៅកម្ពុជា ព្រោះលោកចូលចិត្ត
23, Feb 2023 , 3:21 pm        
រូបភាព
ដោយ: រួបរួម
«តើអ្នកស្គាល់ហាងគុយទាវណាដែលឆ្ងាញ់ជាងគេនៅប្រទេសកម្ពុជាទេ? បើស្គាល់ សូម comment នៅខាងក្រោមផង!»។ នេះជាសំណួរដែលបង្ហោះនៅលើបណ្តាញសង្គមផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា សម្រាប់ឃ្លីបវីដេអូជិត៣នាទី ដោយបញ្ជាក់ថា គុយទាវជាអាហារមួយ ក្នុងចំណោមអាហារខ្មែរជាច្រើនដែលឯកអគ្គរាជទូតថ្មី លោក ចាស្ទីន វ៉ាយអេត (Justin Whyatt) ចូលចិត្ត។

 
កាលពីថ្ងៃទី៩ ខែកុម្ភៈ លោក វ៉ាយអេត បានចូលគាល់ថ្វាយសារតាំងជូនព្រះករុណាព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នៅឯព្រះបរមរាជវាំង មុនពេលចាប់ផ្តើមតួនាទីជាផ្លូវការនៅក្នុងមុខតំណែងជាឯកអគ្គរាជទូតថ្មីរបស់អូស្ត្រាលីប្រចាំកម្ពុជា បន្តពីលោក Pablo Kang។
 
 
កម្ពុជាមិនមែនជាប្រទេសថ្មីនោះឡើយ សម្រាប់ឯកអគ្គរាជទូត វ៉ាយអេត ដោយលោកធ្លាប់បានមកបំពេញការងារជាមន្ត្រីទូតនៅប្រទេសនៃស្នាមញញឹមមួយនេះ ជាលើកដំបូង កាលពីជាង២០ឆ្នាំមុន រួចម្តងហើយ។ លើកនេះ លោកត្រឡប់មកវិញ ជាមួយនឹងភរិយា និងកូនទាំង៣នាក់។
 
«ខ្ញុំរីករាយចំពោះពេលវេលារបស់ខ្ញុំដែលបានរស់នៅក្នុងប្រទេសកម្ពុជាខ្លាំងណាស់ ខ្ញុំថែមទាំងជួបប្រពន្ធខ្ញុំនៅប្រទេសកម្ពុជាផងដែរ»។ លោក វ៉ាយអេត បាននិយាយរំលឹកយ៉ាងដូច្នេះក្នុងសំនៀងជាភាសាខ្មែរ អំពីអនុស្សារីយ៍នាពេលបំពេញការងារជាមន្ត្រីទូត ចន្លោះពីឆ្នាំ២០០២ ដល់ឆ្នាំ២០០៥។
 
ឯកអគ្គរាជទូតថ្មីរូបនេះ បានអះអាងពីការរួមចំណែកព្យាយាមពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតរវាងប្រទេសទាំង រួមមានសុខាភិបាល អប់រំ កសិកម្ម និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក៏ដូចជាការធ្វើការរួមគ្នាលើកិច្ចសហប្រតិបត្តិការពារជាតិ និងសន្តិសុខ។
 
ក្រៅពីការពង្រឹងការគាំទ្រសង្គមស៊ីវិល ការលើកកម្ពស់ប្រជាធិបតេយ្យ សិទ្ធិមនុស្ស លោក វ៉ាយអេត សង្ឃឹមបានជួបប្រជាជនខ្មែរនៅគ្រប់បណ្តាខេត្ត ដោយលោកចង់ស្វែងយល់ពីវប្បធម៌ខ្មែរ និងចង់ឱ្យភាសាអង់គ្លេសខ្លួន បានកាន់តែប្រសើរ។
 
«ខ្ញុំចង់ភ្លក្សរសជាតិម្ហូបខ្មែរជាច្រើនមុខ ហើយ ខ្ញុំរកហាងគុយទាវដែលឆ្ងាញ់ជាងគេនៅភ្នំពេញ»។ នេះជាការបញ្ជាក់របស់លោកឯកអគ្គរាជទូត វ៉ាយអេត ជាមួយនឹងសកម្មភាពបរិភោគគុយទាវនៅហាងមួយក្នុងផ្សារអូរឬស្សី។
 
គុយទាវជាអាហារមួយ ក្នុងចំណោមអាហារខ្មែរជាច្រើនដែលឯកអគ្គរាជទូត វ៉ាយអេត ចូលចិត្ត។
 
កម្ពុជាបានផ្លាស់ប្តូរច្រើនណាស់ ប្លែកពីពេលដែលលោកបានមក កាលពី២០ឆ្នាំមុន ប៉ុន្តែគុយទាវនៅតែឆ្ងាញ់ដដែល។ គុយទាវនៅតែមានរសជាតិឆ្ងាញ់ ដូចដែលគាត់ធ្លាប់ពិសារពីមុនមក។ នេះបើតាមការបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកផ្លូវការរបស់ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា៕
 

© រក្សាសិទ្ធិដោយ thmeythmey.com