អន្តរជាតិ
ចិន និងអាស៊ាន ឯកភាពជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅកម្រិតថ្មី
23, Feb 2023 , 3:59 pm        
រូបភាព
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង និង លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងក្រុងហ្សាការតាឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ។ រូបភាពយកពីក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង និង លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងក្រុងហ្សាការតាឥណ្ឌូណេស៊ី នៅថ្ងៃទី២២ ខែកុម្ភៈ។ រូបភាពយកពីក្រសួងការបរទេសចិន
រដ្ឋមន្រ្តីការបរទេសចិន លោក ឈីន កាង និង លោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅថ្ងៃទី២២ ខែកុម្ភៈ បានឯកភាពជំរុញភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅកម្រិតថ្មីមួយទៀត។ បើតាមប្រមុខការទូតចិន អាស៊ានជាអង្គការតំបន់ដ៏ជោគជ័យមួយ និងមានតួនាទីកាន់តែសំខាន់នៅលើឆាកតំបន់ និងអន្តរជាតិ។

 
ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីរយៈពេល ៣ថ្ងៃ លោក ឈីន កាងរដ្ឋមន្រ្តីការបរទេសចិន នៅថ្ងៃទី២២ ខែកុម្ភៈ បានជួបជាមួយលោក កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងក្រុងហ្សាការតា។ ភាគីទាំងពីរ បានឯកភាពអភិវឌ្ឍដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយទៅកម្រិតថ្មីមួយទៀត។
 
ដោយអាស៊ានជាអង្គការតំបន់ដ៏ជោគជ័យមួយ លោក ឈីន បានបញ្ជាក់ថា រដ្ឋាភិបាលក្រុងប៉េកាំងមានឆន្ទៈបន្តលើកតម្កើងទំនាក់ទំនងជាមួយអាស៊ាន ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងបន្តគាំទ្រលេខាធិការដ្ឋានអាស៊ាន ដើម្បីសម្រេចគោលដៅថ្មី​ នៅក្នុងកិច្ចសហប្រតិបត្តិការចិន-អាស៊ាន និងកិច្ចសហប្រតិបត្តិការអាស៊ីខាងកើត។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CGTN។ 
 
ទន្ទឹមនេះ ប្រមុខការទូតចិន បានយល់ថា តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិកកំពុងប្រឈមនឹងជម្រើសរវាងសន្តិភាព និងការប្រកួតប្រជែង រួមទាំងកិច្ចសហប្រតិបត្តិការ និងការបែងចែក។ យ៉ាងណាក៏ដោយ លោក ឈីន នៅតែបន្តគាំទ្រអាស៊ាន និងរួមគ្នាជាមួយអង្គការតំបន់មួយនេះ ដើម្បីដោះស្រាយបញ្ហាប្រឈម និងការបែងចែកបក្សពួក។ 
 
តាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន អាស៊ាន និងចិន បានឯកភាពពន្លឿនការដោះដូរធនធានមនុស្ស និងអភិវឌ្ឍទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។ មិនតែប៉ុណ្ណោះ ភាគីទាំងពីរ ក៏បានជជែកពីដំណើរនៃកិច្ចពិភាក្សាក្រុមប្រតិបត្តិសមុទ្រចិនខាងត្បូង (COC) ផង ដើម្បីថែរក្សា និងការពារសន្តិភាព រួមទាំងស្ថិរភាពនៅលើដែនសមុទ្រ។ 
 
បើតាមលោកឈីន រដ្ឋាភិបាលក្រុងប៉េកាំង នឹងបន្តចាត់ទុកអាស៊ានជាអាទិភាពរបស់ខ្លួន នៅក្នុងគោលនយោបាយប្រទេសជិតខាង រួមទាំងគាំទ្រយ៉ាងមុតមាំចំពោះការបង្រួមបង្រួមអាស៊ាន និងការកសាងសហគមន៍អាស៊ាន។ 
 
សូមបញ្ជាក់ថា​ នៅក្នុងឆ្នាំនេះ អាស៊ាន និងចិន បារព្ធខួប១០ឆ្នាំ នៃទំនាក់ទំនងកាន់តែជិតស្និទ្ធ និងខួប ២០ឆ្នាំ នៃការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ីអាគ្នេយ៍របស់ចិន៕ 
 
 

Tag:
 ចិន
  អាស៊ាន
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com