កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លីគខាប់៖ EDC ស្វាគមន៍ កោះកុងអេហ្វស៊ី, ទ័ព្ធ ទទួលព្រៃវែង ចំណែក គិរីវង់សុខសែនជ័យ ប៉ះ បឹងកេត
24, Feb 2023 , 11:29 am        
រូបភាព
ការប្រកួតក្រុមអគ្គិសនីកម្ពុជា មួយក្រុមកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
ការប្រកួតក្រុមអគ្គិសនីកម្ពុជា មួយក្រុមកងយោធពលខេមរភូមិន្ទ រូបពី Cambodian Premier League
ក្រុមបាល់ទាត់អគ្គិសនីកម្ពុជា ត្រូវប្រកួតជាមួយ កោះកុងអេហ្វស៊ីការប្រកួតពានរង្វាន់ខេមប៊ូឌានលីគខាប់ (Cambodian League Cup 2023)ពូល A នៅកីឡដ្ឋាន EDC វេលាម៉ោង ៣:៤៥ រសៀល។ លោកគ្រូបង្វឹក ទុំ សារ៉ាយ បញ្ជាក់ថាអគ្គិសនីកម្ពុជា ជួបបញ្ហារបួសកីឡាករ ចំណែក លោកគ្រូ ហុក សុជីវ័ន ថាកោះកុងមិនមានយុទ្ធសាស្ត្រអ្វីប្លែក ខុសពីរដូវកាលមុនៗឡើងយ។

 
នៅក្នុងពូល A បីក្រុមមានពិន្ទុស្មើគ្នា មានកងយោធពលខេមរភូមិន្ទ, វិសាខា និងគិរីវង់សុខសែនជ័យ ចំណែកកោះកុង និងអគ្គិសនីកម្ពុជា សុទ្ធតែជាក្រុម ដែលមិនមានពិន្ទុ។ 
  

ការប្រកួតកោះកុង ជាមួយគិរីវង់សុខសែនជ័យ រូបពី Cambodian Premier League
 
លោក ទុំ សារ៉ាយ គ្រូបង្វឹកក្រុមបាល់ទាត់អគ្គិសនីកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អគ្គិសនីកម្ពុជា កំពុងជួបបញ្ហាក្នុងការរៀបចំកីឡាករ ព្រោះមានសមាសភាព ៤រូបរបួស មិនអាចចូលរួមក្នុងជំនួបនេះ។ ចំពោះសមាសភាពកីឡាករ គ្រូបង្វឹករូបនេះ សុំមិនបញ្ចេញឈ្មោះទេ។ 
 
ម្យ៉ាងវិញទៀត លោក ទុំ សារ៉ាយ បានបញ្ជាក់ ការប្រកួតពានរង្វាន់ Cambodian League Cup មានសារសំខាន់ ក្នុងការបន្សាំកីឡាករ ក្មេងៗ អាយុក្រោម១៨ ឆ្នាំរបស់អគ្គិសនីកម្ពុជា ក្នុងការត្រៀមប្រកួតពានរង្វាន់ជើងឯកលីគកម្ពុជា។ ចំពោះរដូវកាលថ្មី នឹងចាប់ផ្ដើមនៅខែសីហា គ្រូបង្វឹកវ័យក្មេងនេះ មិនទាន់អាចបញ្ជាក់បានទេថា ក្លិប នឹងចូលរួមនៅលីគកំពូល ឬមួយក៏លីគ២។ 
 
«យើង មានការលំបាកសម្រាប់ប្រកួតនេះ ដោយសារមានកីឡាករសំខាន់ ៤រូបរបួស។ បើទោះជាការប្រកួតលីគខាប់សំខាន់ ប៉ុន្ដែ យើង ក៏ត្រូវផ្ដល់ឱកាសឲ្យកីឡាករក្មេងៗបង្ហាញសមត្ថភាព និងទទួលយកបទពិសោធន៍ប្រកួតលើទីលានផងដែរ។»។ គ្រូបង្វឹករូបនេះ បាននិយាយដូច្នេះ។
 
ចំណែក លោក ហុក ជីវ័ន គ្រូបង្វឹកក្រុមបាល់ទាត់កោះកុង បានប្រាប់សារព័ត៌មានថ្មីៗ តាមតេលេក្រាមពីការត្រៀមខ្លួនប្រកួត ជាមួយអគ្គិសនីកម្ពុជា ថាកោះកុង នឹងមិនត្រៀមលក្ខណៈអ្វីប្លែកទេ គ្រាន់តែធ្វើអ្វី ដែលក្រុមធ្លាប់អនុវត្តប៉ុណ្ណោះ។
 
ក្នុងថ្ងៃជាមួយគ្នានេះដែរ វេលាម៉ោង ៣:៤៥រសៀល គិរីវង់សុខសែនជ័យ ត្រូវស្វាគមន៍ បឹងកេត នៅទីលានបាល់ទាត់គិរីវង់ លុះចូលមកដល់វេលាម៉ោង ៦:៣០ល្ងាច ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ត្រូវ ជួបជាមួយព្រៃវែង នៅកីឡដ្ឋានស្ដាតចាស់។
 
គួរបញ្ជាក់ផងដែរថា ក្នុងពូល A ក្លិបបាល់ទាត់កងយោធពលខេមរភូមិន្ទ ឈរលេខ១ (បណ្ដោះអាសន្ន) មាន ៦ពិន្ទុ តាមពីក្រោយដោយវិសាខា លេខ២ មានពិន្ទុស្មើគ្នា ដូចទៅនិងលេង៣ ក្រុមគិរីវង់សុខសែនជ័យ។ ចំណែកព្រៃវែង ឈរចំណាត់ថ្នាក់លេខ៤, កោះកុង លេខ៥, បឹងកេត លេខ៦ និងអគ្គិសនីកម្ពុជា លេខ៧ មានសូន្យពិន្ទុដូចគ្នា៕
 

Tag:
 បាល់ទាត់
  League Cup
© រក្សាសិទ្ធិដោយ thmeythmey.com