កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
គុនខ្មែរ៖ ព្រំ សំណាង ថាញញើតកណ្តាប់ដៃកីឡាកររុស្ស៊ី Firdavszhov
24, Feb 2023 , 3:14 pm        
រូបភាព
កីឡាករគុនខ្មែរ ព្រំ សំណាង(ឆ្វេង) កាលប្រកួតជាមួយកីឡាករអង់គ្លេស ថូម៉ាស់ ខាផេនថឺ (ស្តាំ)។ រូបពី TF
កីឡាករគុនខ្មែរ ព្រំ សំណាង(ឆ្វេង) កាលប្រកួតជាមួយកីឡាករអង់គ្លេស ថូម៉ាស់ ខាផេនថឺ (ស្តាំ)។ រូបពី TF
ដោយ:
កីឡាករ ព្រំ សំណាង មានអារម្មណ៍ថាញញើតនឹងកណ្តាប់ដៃកីឡាករ Firdavszhov Naiimov កូនកាត់អូសបេសគីស្ថាន-រុស្ស៊ី បន្ទាប់ពីដឹងថា Firdavszhov ជាកីឡាករឃីកបុកស៊ីងល្អក្នុងការប្រើកណ្តាប់ដៃច្រើនជាងការទាត់ ។ សំណាង និយាយដូច្នេះ នាព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនចេញដំណើទៅទឹកដីថៃ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។

 
«ចេះតែព្រួយបារម្ភតិចតួចដែរ តែអត់សូវជាបញ្ហាអីប៉ុន្មានទេ គ្រាន់តែភ័យខ្លាចភ្លាត់ចូលដៃ ព្រោះគេកីឡាឃីកបុកស៊ីងល្អដៃ»។ កីឡាករប្រដាល់គុនខ្មែរ ព្រំ សំណាង និយាយទាំងរអារចំពោះកីឡាករប្រដាល់ឃីកបុកស៊ីង សញ្ជាតិរុស្ស៊ី Firdavszhov ក្រោយដឹងថាមានវ័យទើបតែ ២១ឆ្នាំ តែប្រវត្តិប្រកួតលើសង្វៀនមិនក្រោម ១០០លើកឡើយ។ តែយ៉ាងណាកីឡាករមានរហស្សនាមថា«តោកំណាចជង្គង់ទិព្វ» នៅតែជឿជាក់លើការខិតខំប្រឹងប្រែងហ្វឹកហាត់ និងការគាំទ្ររបស់ប្រជាជនកម្ពុជា។
 

កីឡាករគុនខ្មែរ ព្រំ សំណាង(ឆ្វេង) និងកីឡាកររុស្ស៊ី Firdaszhov (ស្តាំ)។ រូបពី TF
 
នេះជាលើកទីពីរសម្រាប់ការប្រកួតនៅលើសង្វៀន Thai Fight លក្ខណៈរុំអំបោះឆៅ របស់កីឡាករចាស់វស្សារមកពីក្លិបមហិទ្ធិរិទ្ធមេសថ្ងក ព្រំ សំណាង។ ប្រកួតដំបូង សំណាង បានយកឈ្នះកីឡាករ ថូម៉ាស់ ខាផេនថឺ មកពីអង់គ្លេសដោយវាយឱ្យសន្លប់ក្នុងទឹក១ នៅក្នុងការប្រកួតថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៣ នាសង្វៀន Thai Fight ក្នុងកម្មវិធី King Of Thai Fight នៅប្រទេសថៃ។
 
កីឡាករ ព្រំ សំណាង មានវ័យ ៣៨ឆ្នាំ កម្ពស់ ១៨៥សង់ទីម៉ែត្រ ប្រកួតលើសង្វៀន ១២១លើក ឈ្នះ១០៩ ចាញ់១២ មិនដែលស្មើ ធ្លាប់ផ្តួលគូប្រកួតឱ្យសន្លប់លើសង្វៀន ៧១លើក ប្រកួតចុងក្រោយឈ្នះកីឡាករថៃ ស៊ីងនុម ដោយវាយឱ្យសន្លប់នៅទឹកទី២ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ TVK Fighter។ ចំណែកកីឡាកររុស្ស៊ី Firdavszhov Naiimov មានវ័យ២១ឆ្នាំ កម្ពស់ ១៧៩សង់ទីម៉ែត្រ ប្រវត្តិប្រកួត ៦៣លើកឈ្នះ ៣០លើកចាញ់ និងស្មើ២លើក រូបគេមិនដែលវាយគូប្រកួតឱ្យសន្លប់នៅលើសង្វៀនឡើយ។
 
គួបញ្ជាក់ថា ការប្រកួតរវាងកីឡាករគុនខ្មែរ ព្រំ សំណាង និងកីឡាកររុស្ស៊ី Firdavszhov Naiimov ធ្វើឡើងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសង្វៀន Thai Fight ក្នុងខេត្ត Pathum Thani ប្រទេសថៃ ចាប់ពីម៉ោង៧ល្ងាចតទៅ៕
 
 

Tag:
 កីឡាប្រដាល់គុនខ្មែរ
 ព្រំ សំណាង
  Firdavszhov
© រក្សាសិទ្ធិដោយ thmeythmey.com