កីឡាអន្តរជាតិ
អន្តរជាតិ
លោក Potter រងការគំរាមសម្លាប់ទាំងគ្រួសារ ក្រោយដឹកនាំ Chelsea មិនបានល្អ
25, Feb 2023 , 2:59 pm        
រូបភាព
លោក Graham Potter អ្នកចាត់ការទូទៅ Chelsea និងក្រុមគ្រួសារបានទទួលការគំរាមសម្លាប់ពីជនអនាមិក ក្រោយដឹកនាំក្រុមទទួលលទ្ធផលមិនល្អក្នុងការប្រកួត Premier League។ លោក Potter បានប្រាប់អ្នកយកព័ត៌មានដូច្នេះ នៅថ្ងៃទី២៤​ ខែកុម្ភៈ។



ក្រុមតោខៀវ Chelsea បច្ចុប្បន្នឈរនៅលេខរៀងទី១០ ក្នុងតារាងលីគកំពូលអង់គ្លេស ដោយរកបានជ័យជម្នះ ២ លើកប៉ុណ្ណោះ ក្នុងការប្រកួត១៤លើកចុងក្រោយ និងរកគ្រាប់បញ្ចូលទីបានតែ១គ្រាប់គត់ គិតចាប់តាំងពីឆ្នាំថ្មី ២០២៣មក។
 
Chelsea ធ្វើមិនបានល្អទេ ក្រោមការដឹកនាំរបស់លោក Potter ទោះម្ចាស់ក្លិបថ្មី បញ្ចេញខ្ទង់ចំណាយយ៉ាងច្រើន ដើម្បីទិញចូលកីឡាករទៅពង្រឹងក្រុម។ ដឹកនាំមិនល្អ មិនត្រឹមទទួលសម្ពាពពីក្លិបប៉ុណ្ណោះទេ អ្នកចាត់ការសញ្ជាតិអង់គ្លេសថែមទាំងត្រូវទទួលការគំរាមសម្លាប់ទៀតផង។
 
«ស្របពេលខ្ញុំមានការគាំទ្រ ខ្ញុំក៏ទទួលបានអ៊ីមែលមិនល្អមួយចំនួនដែលជនអនាមិកបង្ហាញចេតនាចង់ឱ្យខ្ញុំស្លាប់ និងក្រុមគ្រួសាររបស់ខ្ញុំស្លាប់ផងដែរ។ នេះជាការអះអាងរបស់អតីតអ្នកចាត់ការ Brighton & Hove Albion ។ 
 
អ្នកចាត់ការវ័យ៤៧ឆ្នាំរូបនេះ បន្ថែមថានៅពេលអ្នកឈានឡើងកាន់តែខ្ពស់ សម្ពាធអ្នកកើនកាន់តែច្រើនពីគ្រប់ទិសទី។ យ៉ាងណាលោក Potter នៅតែបង្ហាញថាខ្លួននៅតែចង់ជោគជ័យជាមួយ Chelsea និងប្រឹងប្រែងកែសម្រួលក្រុមឱ្យប្រសើរឡើងវិញ។
 
ចាប់តាំងពី Potter ចូលកាន់តំណែងក្នុងខែកញ្ញាឆ្នាំ២០២២ ដែលត្រូវជំនួសលោក Thomas Tuchel ក្រោយត្រូវបញ្ចប់តំណែងមក Chelsea ឈ្នះ៩ប្រកួត ក្នុងចំណោម ២៥ ប្រកួតរបស់ពួកគេ។ ជំនួប Premier League សប្តាហ៍នេះ និងជាសប្តាហ៍ទី២៤ Chelsea ត្រូវធ្វើដំណើរទៅជួប Tottenham Hotspur នៅថ្ងៃទី២៦ ខែកុម្ភៈ វេលាម៉ោង ៨:៣០នាទីយប់៕
 
 
 

Tag:
 Premier League
© រក្សាសិទ្ធិដោយ thmeythmey.com