ជាតិ
កំពង់ស្ពឺ៖ ពលរដ្ឋនៅឃុំជង្រុក ស្នើឱ្យមានវិធានការករណីក្លិនស្អុយជូរសាយភាយចេញពីរោងចក្រមួយ
25, Feb 2023 , 3:59 pm        
រូបភាព
ផ្លែស្វាយ នៅក្នុងរោងចក្រដំណាប់ស្វាយ ត្រូវបានរៀបចំកែច្នៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា
ផ្លែស្វាយ នៅក្នុងរោងចក្រដំណាប់ស្វាយ ត្រូវបានរៀបចំកែច្នៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា
កំពង់ស្ពឺ៖ រោងចក្រដំណាប់ស្វាយមួយ ស្ថិតនៅឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានភាយចេញក្លិនស្អុយ ទៅកាន់ភូមិជាច្រើន និងប៉ះពាល់ដល់ការសិក្សារបស់សិស្សផងដែរ។ ពលរដ្ឋជាច្រើន ពិបាករស់នៅទាំងថ្ងៃ និងយប់ ដោយសារក្លិនស្អុយនេះ។

 
លោក យ៉ុង អើ អតីតកម្មកររោងចក្រដំណាប់ស្វាយនេះ បានប្រាប់សារព័ត៌មានថ្មីៗនៅថ្ងៃទី២៤ ខែកុម្ភៈនេះ ថា ខាងក្នុងរោងចក្រនេះ មិនសូវមានក្លិនស្អុយខ្លាំងនោះទេ ប៉ុន្តែខាងក្រៅរោងចក្រ គឺស្អុយខ្លាំង។ អតីតកម្មកររោងចក្រនេះ បានបម្រើការងារតែមួយខែប៉ុណ្ណោះ។ 
 
កម្មករវ័យ១៨រូបនេះ​ បានប្រាប់ថ្មីៗនៅជិតរោងចក្រនេះផ្ទាល់ដូច្នេះ៖ «ខ្ញុំធ្វើការបានតែ១ខែទេ ក៏ឈប់វិញ។ (ខ្ញុំ) បានប្រាក់ខែតិចដែរ ហើយពិបាកទ្រាំក្លិនស្អុយ នៅជុំវិញរោងចក្រហ្នឹង។ នៅខាងក្នុង មិនសូវមានក្លិនស្អុយនោះទេ​ ប៉ុន្តែខាងក្រៅ រោងចក្រ គឺស្អុយខ្លាំងណាស់»។ 
 
អាជីវករម្នាក់ ដែលកំពុងលក់ដូររបស់ប្រើប្រាស់លើរម៉កម៉ូតូនៅខាងលិចរបងរោងចក្រនេះ បានអះអាងថា កន្លងមក មន្រ្តី និងនគរបាល បានចុះមករោងចក្រនេះជាញឹកញាប់។ ស្រ្តីលក់ដូររូបនេះ មិនដឹងថា ភាគីរោងចក្រ​ និងមន្រ្តីជំនាញ មានដំណោះស្រាយយ៉ាងណានោះទេ។ 
 
អ្នកលក់សុំមិនបញ្ចេញឈ្មោះរូបនេះ បានប្រាប់ថ្មីៗនៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈនេះ ដូច្នេះ៖ «មន្រ្តីអី ធ្លាប់ចុះមករហូតដែរ។ រោងចក្រស្វាយនេះ ទើបប្រើរបស់ស្កុកកាកសំណល់ថ្មីដែរ តែមិនដឹងយ៉ាងដូចម្ដេច បានជាវានៅតែមានក្លិនស្អយ»។ 


ទឹកដក់នៅជាប់របងរោងចក្រដំណាប់ស្វាយ ដែលស្ថិតនៅឃុំ ជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ នាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា
នៅខាងក្រោមបណ្ដោយខ្យល់នៃរោងចក្រនេះ តែងតែមានក្លិនស្អុយ។ អ្នកដំណើរតាមបណ្ដោយផ្លូវជាតិលេខ៣ ត្រង់ចំណុចគីឡូម៉ែត្រលេខ ៣៥ ដល់៤០ ប្រាកដជា បានស្រូបក្លិនស្អុយនេះ។ ជាពិសេសប៉ុន្មានខែនេះ ក្លិនស្អុយ តែងតែភាយតាមខ្យល់ចេញពីរោងចក្រនេះ។ 
 
វិទ្យាល័យសុខ អាន ត្រាំខ្នារ ក៏ស្ថិតនៅខាងក្រោមបណ្ដោយខ្យល់នៃក្លិនស្អុយនេះដែរ។ អ្នកសារព័ត៌មាន បានសាកសួរសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។ សិស្សានុសិស្សទាំងនោះ សុំមិនបញ្ចេញឈ្មោះ នោះទេ។ ពួកគេភាគច្រើន និយាយថា៖ «ស្អុយណាស់»។ 
 
លោក ពិន្យ ប៉ុនថង ជាគ្រូបង្រៀនរូបវិទ្យា នៃវិទ្យាល័យសុខ អាន ត្រាំខ្នារ។ លោក ប៉ុនថង បានថ្លែងថា ក្លិននេះ ស្អុយខ្លាំងណាស់។ វាបង្ក និងបំពុលដល់បរិយាកាស នៅសហគមន៍ជុំវិញនេះ។ 
 
«វាស្អុយខ្លាំងណាស់! សិស្ស ពិបាករៀនណាស់។ វាជាកត្តាប្រឈមមុខមួយរបស់សហគមន៍។ ពលរដ្ឋ នៅជុំវិញនេះ ក៏ពិបាករស់នៅដែរ។ ខ្ញុំ ក៏ពិបាករស់នៅដែរ។ ប៉ុន្តែវាស្អុយ ចាប់ពីម៉ោងប្រមាណ១១ព្រឹក ដល់យប់»។ 
 
លោកគ្រូរូបវិទ្យារូបនេះ បានពន្យល់ថា ថ្លៃខ្លះ ក្លិនស្អុយនោះ ស្អុយខ្លាំង រហូតដល់ សិស្ស រៀនមិនកើត។ ក្លិនស្អុយនេះ បានប៉ះពាល់ខ្លាំងដល់អារម្មណ៍របស់សិស្ស។ លោក ប៉ុនថង មើលឃើញថា សិស្ស មិនអាចផ្ចង់អារម្មណ៍រៀនបានល្អនោះទេ។ 
 
«សាលាត្រូវការភាពស្រស់ស្អាត និងធម្មជាតិ! សិស្សានុសិស្ស និងគ្រូ មិនអាចទ្រាំបាន នឹងក្លិនស្អុយនោះទេ។ ពេលខ្លះ លោកគ្រូ អ្នកគ្រូ ដែលមានបញ្ហាច្រមុះ មិនអាចបង្រៀនបាន រហូតផ្អាកថ្នាក់រៀន ១ម៉ោង ឬ២ម៉ោង»។ លោកគ្រូ​ ពឹន ប៉ុនថង ថ្លែងប្រាប់អ្នកសារព័ត៌មានថ្មីៗ ដោយបន្ថែមថា៖ «ឥឡូវនេះ កំពុងភាយក្លិនស្អុយហ្នឹងទៀតហើយ»។ 


ផ្លែស្វាយ នៅក្នុងរោងចក្រដំណាប់ស្វាយ ត្រូវបានរៀបចំកែច្នៃ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបថត៖ សែម វណ្ណា 

នៅលើបណ្ដាញសង្គម ពលរដ្ឋមួយចំនួន បាននាំគ្នាបង្ហោះ ពីក្លិនស្អុយនេះ។ ក្នុងនោះ គណនេយ្យហ្វេសប៊ុកឈ្មោះ Phen Phoeun (ផែន ភឿន) បានបង្ហោះសារកាលពីថ្ងៃទី២១ ខែកុម្ភៈ ដូច្នេះ៖ «ស្អុយ រាល់ថ្ងៃ តើគួរទ្រាំដល់ពេលណា? អាសូរគេខ្លះផង»។ 
 
លោក ផែន ភឿន ជាពលរដ្ឋរស់នៅភូមិសំរោង ឃុំសូភី ស្រុកបាទី ខេត្តតាកែវ។ ភូមិសាស្រ្តនេះ ស្ថិតនៅខាងក្រោមបណ្ដោយខ្យល់ នៃរោងចក្រនេះ។ ដូច្នេះ ក្លិនស្អុយនោះ បានសាយភាយប្រមាណ២គីឡូម៉ែត្រ។ បុរសរូបនេះ ត្អូញត្អែរលើបណ្ដាញសង្គម​ ជារៀងរាល់ថ្ងៃ។ 
 
«ដល់ម៉ោង៨៖៣០នាទី រៀងរាល់យប់ ក្លិនស្អុយជូរសាយភាយពេញ តើអ្នកភូមិសំរោង មានក្លិនស្អុយ ដូចខ្ញុំទេ?»។ លោក ផែន ភឿន បានបង្ហោះសារកាលពីយប់ថ្ងៃទី២៣ និងបន្ដចែករំលែកឡើងវិញ នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ នេះ។ 
 
នៅច្រកចូលរោងចក្រនេះ មិនមានឈ្មោះក្រុមហ៊ុន នោះទេ។ នាព្រឹកថ្ងៃទី២៤ វេលាម៉ោង៩៖០០ រោងចក្រនេះ មិនមានមនុស្សនៅខាងមុខរោងចក្រនោះទេ។ អ្នកសារព័ត៌មាន បានពិនិត្យនៅជុំវិញរោងចក្រ និងឃើញទឹកស្អុយខ្លះនៅសងខាងរោងចក្រ។ អ្នកសារព័ត៌មាន មិនឃើញទឹកស្អុយទាំងនោះ ហូរចូលប្រឡាយទឹកនៅខាងក្រោយរោងចក្រនោះទេ។ ប៉ុន្តែនៅខាងក្រោយរោងចក្រនេះ ពិតមានជាក្លិនស្អុយ ពិបាកទ្រាំ ពិតមែន។ 
 
គ្រូបង្រៀន និងពលរដ្ឋ សង្ឃឹមថា អាជ្ញាធរ នឹងមានដំណោះស្រាយឆាប់ចំពោះ បញ្ហាក្លិនស្អុយនេះ។ 
 
លោក ថោង ផាត មេឃុំជង្រុក បានប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទថា កន្លងមក ពលរដ្ឋ មិនដែលដាក់ពាក្យបណ្ដឹងពីការសាយភាយក្លិនស្អុយនេះទេ។ ប៉ុន្តែលោកបានចាត់មន្រ្តីចុះពិនិត្យចំនួនពីរដងនៅរោងចក្រដំណាប់ស្វាយ ដែលស្ថិតនៅមូលដ្ឋានរបស់លោកនេះ។ 
 
លោកមេឃុំជង្រុក ថ្លែងដូច្នេះ៖ «មិនមានពលរដ្ឋដាក់ពាក្យបណ្ដឹងទេ! ខ្ញុំឱ្យមន្រ្តីចុះទៅមើលពីរ២ដងហើយ គឺចុះទៅ​ខ្លួនឯង។ ខ្ញុំ នឹងធ្វើរបាយការណ៍ជូនមន្រ្តីជំនាញខាងលើ មកពិនិត្យតាមបច្ចេកទេសបន្តទៀត»។ 
 
ជាមួយគ្នានេះ លោក ឱម ម៉ាក់ធារី ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ មិនដឹងពីបញ្ហាក្លិនស្អុយចេញពីរោងចក្រដំណាប់ស្វាយមួយនៅឃុំជង្រុកនេះទេ។ លោក ម៉ាក់ធារី មិនទាន់ទទួលបានព័ត៌មានអ្វីទាំងអស់ ពីបញ្ហាក្លិនស្អុយនេះ។ 
 
«ដាក់ពាក្យបណ្ដឹងមក! រោងចក្រណា នៅកន្លែងណា មន្រ្តីជំនាញ នឹងចុះពិនិត្យ។ បើពិនិត្យឃើញ មន្រ្តីជំនាញ នឹងធ្វើការតាមនីតិវិធីរបស់យើង»។ នេះជាការបញ្ជាក់របស់លោក ឱម ម៉ាក់ធារី ជាមួយអ្នកសារព័ត៌មានថ្មីៗតាមទូរសព្ទ។ 
 

Tag:
 ក្លិនស្អុយ
  រោងចក្រស្វាយ
  បរិស្ថាន
© រក្សាសិទ្ធិដោយ thmeythmey.com