កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ថន សុម៉ាវត្តី មានមោទកភាពបានជាប់ជម្រើសជាតិកីឡាកម្រិតអូឡាំពិកទ្រីយ៉ាត្លុង និងជំរុញស្ដ្រីចូលរួមឱ្យច្រើន
26, Feb 2023 , 9:59 am        
រូបភាព
កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងនៅឆ្នេរកែប
កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងនៅឆ្នេរកែប
ទោះការហ្វឹកហាត់លំបាក តែកញ្ញា ថន សុម៉ាវត្តី កីឡាការិនីទ្រីយ៉ាត្លុងជម្រើសជាតិកម្ពុជា នៅតែជម្នះព្រោះស្រឡាញ់វិស័យកីឡានេះផង និងចង់ឲ្យមានកីឡាការិនីច្រើនចូលរួមក្នុងវិស័យកីឡាផង ពិសេសទ្រីយ៉ាត្លុងនេះ។ កីឡាការិនីវ័យ ២០ឆ្នាំ បញ្ជាក់ថាខ្លួនពិតជាសប្បាយចិត្តព្រោះមានឱកាសហ្វឹកហាត់កីឡាស្ដង់ដារអូឡាំពិកនេះ រហូតបានក្លាយជាកីឡាការិនីជម្រើសជាតិកម្ពុជា  ហើយក៏នឹងត្រូវត្រៀមប្រកួតស៊ីហ្គេម តំណាងឲ្យកម្ពុជា ផង។



កញ្ញា ថន សុម៉ាវត្តី យល់ឃើញថា ស្ដ្រី ដែលជាកីឡាការិនី មិនទាន់មានច្រើនប៉ុន្មានទេ បើទោះជាមានការចូលរួមជាបន្ដបន្ទាប់ក៏ដោយ។ ប៉ុន្ដែ ស្ដ្រីទាំងអស់នោះ នឹងបង្ហាញពីភាពរីកចម្រើនក្នុងវិស័យកីឡានៅកម្ពុជា នាថ្ងៃអនាគត ព្រោះការខិតខំប្រឹងប្រែងរបស់ពួកគេ។ ម្យ៉ាងវិញទៀត កញ្ញា សុម៉ាវត្តី ក៏ចង់ឲ្យមានស្ដ្រីចូលរួមហ្វឹកហាត់កីឡាទ្រីយ៉ាត្លុងឲ្យកាន់តែច្រើនឡើងៗ ផងដែរ។
  

កីឡាការិនី ថន សុម៉ាវត្តី នៅចំកណ្ដាល ផ្ដល់បទសម្ភាសមកសារព័ត៌មានថ្មីៗ អំឡុងពេលកំពុងហ្វឹកហាត់
 
កីឡាការិនីជម្រើសជាតិរូបនេះ បាននិយាយដូច្នេះថា៖«ខ្ញុំ ចូលមកហាត់កីឡាទ្រីយ៉ាត្លុងនេះ គឺទី១ ចិត្តនាងខ្ញុំស្រឡាញ់ផង ហើយម្យ៉ាងវិញទៀត ប្រភេទវិញ្ញាសានេះ គឺជាប្រភេទវិញ្ញាសាអូឡាំពិក។ ខ្ញុំ គិតថាវាពិបាក ហើយនៅកម្ពុជាយើង អត់ទាន់មានកីឡាការិនីច្រើន។ អ៊ីចឹងខ្ញុំ ក៏សម្រេចចិត្តថាខ្ញុំ ជម្នះខ្លួនឯង រហូតមកដល់ខ្ញុំខ្លាយជាជម្រើសជាតិ។»។
 
ជាជាក់ស្ដែង កីឡាទ្រីយ៉ាត្លុង ដែលមាន ហែលទឹក, ជិះកង់ និងរត់ រួមបញ្ចូលគ្នានេះ ត្រូវហ្វឹកហាត់បច្ចេកទេស និងកាយសម្បទាខ្លាំង។ ប៉ុន្ដែ កញ្ញា សុម៉ាវត្តី នៅតែមិនបោះបង់ចោលនូវគោលជំហរក្នុងការហ្វឹកហាត់ ព្រោះមានគ្រូបង្វឹក និងអ្នកគាំទ្រ ផ្តល់ជាស្មារតីដល់កញ្ញា។
  

កីឡាការិនី ថន សុម៉ាវត្តី អំឡុងពេលកំពុងហ្វឹកហាត់ធាក់កង់
 
«សម្រាប់កីឡានេះដែរ បច្ចេកទេស ត្រូវការខ្លាំង ហើយបើនិយាយពីកម្លាំងកាយ គឺត្រូវ​ការរឹតតែខ្លាំង។ ប៉ុន្ដែសម្រាប់ខ្ញុំ អត់លំបាកទេ ដោយសារមានលោកគ្រូ អ្នកគ្រូ ណែនាំពីអាហារូបត្ថម្ភត្រឹមត្រូវដែលយើង ញ៉ាំទៅជួយយើងច្រើន ហើយសម្រាប់កាយសម្បទា គឺត្រូវការខ្លាំងមែនទែន ដោយសាវិញ្ញាសា មានហែលទឹក ជិះកង់ និងរត់។ ដោយសារវិញ្ញាសា ៣ចូលគ្នា ដូច្នេះយើងមិនអាចប្រហែសបានទេ។»។ កីឡាការិនីវ័យ ២០ឆ្នាំរូបនេះ រៀបរាប់អំឡុងពេលហ្វឹកហាត់រត់ដូច្នេះ។
 
បើទោះជាការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កីឡាការិនីរូបនេះ មិនអាចនាំយកជោគជ័យមកកម្ពុជាបាន ប៉ុន្ដែ កញ្ញា សុម៉ាវត្តី ទទួលបានបទពិសោធន៍នៃការប្រកួត ដើម្បីត្រៀមសម្រាប់ស៊ីហ្គេម នៅកម្ពុជា។ កញ្ញា សុម៉ាវត្តី បញ្ចាក់ថា ម្ចាស់ផ្ទះ វៀតណាម​ បានដាក់ការប្រកួតយ៉ាងស្ដង់ដារ ដោយមានវិញ្ញាសា ហែលទឹក ១.៥គីឡូម៉ែត្រ និងជិះកង់ ៤០គីឡូម៉ែត្រ។ កីឡាការិនីវ័យ ២០ឆ្នាំរូបនេះ បានប្រាប់ថា៖«ខ្ញុំបានបទពិសោធន៍ពីការហែលទឹកច្រើន ដោយសារចង្ងាយឆ្ងាយ ហើយខ្ញុំមិនដែលបានប្រកួតពេញបែបនេះទេ។ សម្រាប់វិញ្ញាសានេះ គឺជាកម្រិតបែបពិភពលោក ហើយឆ្ងាយបែបស្ដង់ដារទៀត។»។
 
សម្រាប់ការប្រកួតស៊ីហ្គេមនៅកម្ពុជា កញ្ញា ថន សុម៉ាវត្តី ជឿជាក់ថាបទពិសោធន៍ បូករួមជាមួយនិងការប្រឹងប្រែងហ្វឹកហាត់ រូបខ្លួន នឹងអាចយកជ័យលាភីមេដាយណាមួយជូនដល់ជាតិ៕


 អត្ដពលិកកីឡាទ្រីយ៉ាត្លុង ហ្វឹកហាត់
 

Tag:
 ទ្រីយ៉ាត្លុង
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com