ជាតិ
សង្គមជាតិ
សម្ដេច​ ហ៊ុន សែន ផ្ដល់អាហារូបករណ៍ដល់និស្សិតចំនួន១០០នាក់ លើជំនាញបច្ចេកវិទ្យាឌីជីថលនានា
26, Feb 2023 , 10:59 pm        
រូបភាព
តាមសេចក្ដីជូនដំណឹងរបស់គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងផ្ដល់អាហារូបករណ៍ចំនួន១០០កន្លែងដល់សិស្ស-និស្សិត ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំសិក្សា២០២១-២០២២។ អាហារូបករណ៍នេះ ផ្ដល់ជូនសម្រាប់និស្សិតសិក្សាថ្នាក់បរិញ្ញាបត្ររយៈពេល៤ឆ្នាំ លើជំនាញបច្ចេកវិទ្យាឌីជីថលនានា នៅសាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ (AUPP)។



សេចក្ដីជូនដំណឹងដដែលបញ្ជាក់ថា អាហារូបករណ៍នេះផ្ដល់ជូនសម្រាប់មុខជំនាញចំនួន៦មាន ជំនាញបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន (Information and Communications Technology),សន្តិសុខសាយប័រ (Cybersecurity),ការអភិវឌ្ឍសុសវែរ (Software Development),​បច្ចេកវិទ្យាក្លោដ (Cloud Computing),គ្រប់គ្រងព័ត៌មាន (Information Technology Management) និងវិទ្យាសាស្រ្តកុំព្យូទ័រ (Computer Science)។
 
ចំពោះលក្ខខណ្ឌក្នុងការប្រឡងជ្រើសរើស ត្រូវជាសិស្ស-និស្សិតប្រឡងសញ្ញា​​បត្រមធ្យមសិក្សាទុតិយភូមិក្នុងសម័យប្រឡងឆ្នាំ២០២២ និងជាសិស្សប្រឡងជាប់និទ្ទេសA,B និងC។ ចំពោះសិស្សនិទ្ទេស A ត្រូវឆ្លងកាត់ការប្រឡងមុខវិជ្ជាភាសាអង់គ្លេស រយៈពេល៣ម៉ោង និងសិស្សនិទ្ទេសB,C ត្រូវប្រឡង៤មុខវិជ្ជាមាន ភាសាអង់គ្លេសរយៈពេល៣ម៉ោង,គណិតវិទ្យា,រូបវិទ្យា និងគីមីវិទ្យារយៈពេល១ម៉ោងដូចៗគ្នា។
 
ដោយឡែកសិស្ស-និស្សិតដែលមានឯកសារបញ្ជាក់សមត្ថភាពប្រឡងភាសាអង់គ្លេស (IELTS) ចាប់ពី៦.០ នឹងត្រូវពិចារណាលើកលែងការប្រឡងភាសាអង់គ្លេស។ សម្រាប់សិស្ស-និស្សិតដែលមានចំណាប់អារម្មណ៍អាចដាក់ពាក្យស្នើសុំប្រឡងអាហារូបករណ៍ ចាប់ពីពេលជូនដំណឹងនេះរហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ នៅការិយាល័យផ្ដល់អាហារូបករណ៍ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
 
គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ ផ្ដល់អាទិភាពឱ្យសិស្ស-និស្សិតចូលរួមប្រឡងអាហារូបករណ៍នេះ ចំនួន៥០០នាក់។ សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងតាមរយៈលេខទូរសព្ទ ០៨៥ ៥៥៥ ៩១២ និង០៦០ ៧០៣ ៦១៥៕
 

Tag:
 អាហារូបករណ៍
 សាកលវិទ្យាល័យអាមេរិកកាំងភ្នំពេញ
 AUPP
© រក្សាសិទ្ធិដោយ thmeythmey.com