អន្តរជាតិ
តួកគីឃាត់ខ្លួនមនុស្សរាប់រយ​នាក់លើករណីសំណង់អគារដែលងាយបាក់រលំដោយគ្រោះរញ្ជួយដី
26, Feb 2023 , 9:29 pm        
រូបភាព
ក្រុមអ្នកជួយសង្រ្គោះ បានស្វះស្វែងជួយមនុស្ស នៅក្នុងប្រទេសតួកគី។ រូប AFP
ក្រុមអ្នកជួយសង្រ្គោះ បានស្វះស្វែងជួយមនុស្ស នៅក្នុងប្រទេសតួកគី។ រូប AFP
ដោយ: ធីតា
អគារជាង១៦០០០ បាន​បាក់​រលំ និង​ខូចខាតយ៉ាងធ្ងន់ធ្ងរ​ដោយសារគ្រោះរញ្ជួយ​ដី​ កាលពីថ្ងៃទី៦ ខែកុម្ភៈ នៅ​ក្នុង​ប្រទេសតួកគី។ យោងតាម​ការផ្សាយ​របស់ CNN រដ្ឋាភិបាល​បាន​បើក​ការស៊ើបអង្កេតលើ​មនុស្ស​ជាង៦០០នាក់ ទាក់ទង​នឹង​គុណភាព​ដ៏អន់​របស់អគារ​ដែល​រួម​ចំណែក​បំផ្លាញជីវិតមនុស្ស​ជាច្រើននាក់។

 
រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌តួកគី លោក Bekir Bozdag បាន​និយាយកាលពីថ្ងៃសៅរ៍ថា ជន​សង្ស័យ​១៨៤នាក់ ក្នុងនោះ​រួមមាន​ម្ចាស់អគារ និងម្ចាស់​ក្រុមហ៊ុន​សាងសង់ ត្រូវបាន​ឃាត់​ខ្លួន រួចទៅហើយ។
 
របាយការណ៍​បាន​បង្ហាញថា អ្នក​ស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត​៧,៨រិចទ័រ នៅតួកគី និងស៊ីរី មាន​ប្រមាណ​៥ម៉ឺននាក់។ ករណី​ស្លាប់ ក៏បាន​មកពីអសុវត្ថិភាព​នៃសំណង់​អគារ​ផងដែរ ដោយ​អស់រយៈពេល​ជាច្រើន​ឆ្នាំ ក្រុមអ្នកជំនាញបាន​ព្រមាន​ពី​ការ​ពុក​រលួយ​ពាក់ព័ន្ធ​នឹង​សំណង់អគារថ្មីៗ។
 
បើតាម​លោក Bekir Bozdag ការ​ស៊ើបអង្កេត​បាន​ចាប់ផ្តើម​តាំងពី​ពីរសប្តាហ៍មុន ដោយអាជ្ញាធរ​បាន​ចេញដីកា​ឃាត់ខ្លួន​មនុស្ស​១១៣នាក់ ដែល​ក្នុងនោះ​មាន​ម្នាក់ជាអភិបាល​ក្រុង នៅក្រុងមួយ​ដែល​រងការវាយប្រហារ​ដោយគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរ។
 
ការ​បាក់រលំអគារជាង​១៦០០០ នៅតួកគី ក្រោយគ្រោះរញ្ជួយ​ដី ទទួល​រង​នូវការ​រិះគន់ជាច្រើន ដែល​ករណីនេះ បង្ហាញថា ទង្វើរបស់មនុស្សរួម​ចំណែក​បំផ្លាញជីវិតមនុស្ស និងទ្រព្យ​សម្បត្តិផ្សេងៗ ពី​លើ​គ្រោះ​មហន្តរាយ​ធម្ម​ជាតិ។ ក្រុម​គណបក្ស​ប្រឆាំង ក៏បាន​រិះគន់​គោលនយោបាយ​របស់​លោក​ប្រធានាធិបតី Recep Tayyip Erdogan ផងដែរ។
 
ខណៈក្រុម​គណបក្ស​ប្រឆាំងទាមទារឱ្យមាន​ការដាក់ទោសទណ្ឌចំពោះម្ចាស់អគារ ក៏ដូចជាក្រុម​ហ៊ុន​សំណង់ ដែលមិន​គោរព​តាម​ច្បាប់សំណង់​ត្រឹមត្រូវ លោក Erdogan បាន​លើ​កឡើងពីការខំ​ប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ស្តារប្រទេស ក្រោយគ្រោះមហន្តរាយ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com