ជាតិ
សង្គមជាតិ
កម្ពុជា លែងស្ថិតក្នុងក្រុមប្រទេស ដែលលាងលុយកខ្វក់ទៀតហើយ
27, Feb 2023 , 10:29 am        
រូបភាព
អង្គការហ្វាត បើកកិច្ចប្រជុំរយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់អង្គការហ្វាត
អង្គការហ្វាត បើកកិច្ចប្រជុំរយៈពេល៣ថ្ងៃ ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ រូបពីហ្វេសប៊ុករបស់អង្គការហ្វាត
ដោយ៖ ទេពញាណ 

អង្គការអន្តរជាតិដ៏ធំ ដែលធ្វើការផ្នែកការស៊ើបអង្កេតលើបទល្មើសសម្អាតប្រាក់កខ្វក់តាមប្រទេសនានា គឺអង្គការហ្វាត (FATF) បានសម្រេចជាផ្លូវការ តាមរយៈកិច្ចប្រជុំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ដកកម្ពុជាចេញពីបញ្ជីប្រផេះនៃក្រុមប្រទេស ដែលមានករណីលួចសម្អាតប្រាក់កខ្វក់ដោយឧក្រិដ្ឋជន។



សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងការសម្អាតប្រាក់ បានយកសេចក្តីសម្រេចរបស់អង្គការហ្វាត ស្តីពីការដកកម្ពុជាចេញពីបញ្ជីប្រផេះ ទៅបង្ហោះលើទំព័រហ្វេសប៊ុក ដើម្បីជូនដំណឹងដល់ប្រជាជនកម្ពុជា។ សេចក្តីសម្រចរបស់អង្គការហ្វាត ដែលបង្ហោះលើគេហទំព័ររបស់ខ្លួនបានសរសេរដូច្នេះថា៖«ប្រទេសម៉ារ៉ុក និងប្រទេសកម្ពុជា លែងក្លាយជាកម្មវត្ថុ ដែលអង្គការហ្វាត ត្រូវត្រួតពិនិត្យ [លើករណីសម្អាតប្រាក់កខ្វក់] ទៀតហើយ»។ 
 
យ៉ាងណា កម្ពុជា និងម៉ារ៉ុក នៅតែត្រូវបន្តធ្វើការងារជាមួយក្រុមការងាររបស់អង្គការហ្វាតប្រចាំតាមតំបន់ (ជុំវិញការទប់ស្តាត់ការសម្អាតប្រាក់កខ្វក់)។ នេះបើផ្អែកតាមសេចក្តីសម្រេចរបស់អង្គការអន្តរជាតិ ដែលមានមូលដ្ឋាននៅប្រទេសបារាំងមួយនេះ។ 
 
ក្នុងសន្និបាតស្តីពីលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេច ស ខេង ដាស់តឿនមន្រ្តី កុំឲ្យមានមោទនភាពជ្រុលរហូតដល់ភ្លេចខ្លួន ក្នុងការទប់ស្កាត់អំពើសម្អាតប្រាក់កខ្វក់ ពេលកម្ពុជា បានរួចផុតពីបញ្ជីប្រផេះ។ សម្តេចរដ្ឋមន្រ្តី ជំរុញឲ្យមន្រ្តីពាក់ព័ន្ធគ្រប់ថ្នាក់ ត្រូវខិតខំ និងសាមគ្គីគ្នា ក្នុងការការពារកុំឲ្យកម្ពុជាវិលទៅចូលក្នុងបញ្ជីប្រផេះវិញ។ សម្តេច មានប្រសាសន៍ដូច្នេះថា៖«យើង នឹងដាក់ចេញទិសដៅការងារគន្លឹះៗ ជាបន្តទៀត ដើម្បីការពារលទ្ធលនេះឲ្យបានជារៀងរហូត»។ 
 
មុននឹងដកកម្ពុជាចេញពីបញ្ជីប្រផេះ ក្រុមការងាររបស់អង្គការហ្វាត បានចុះមកកម្ពុជា ដើម្បីពិនិត្យមើលដោយផ្ទាល់ ថាតើកម្ពុជា ពិតជាបានប្រឹងប្រែងកម្ចាត់បទល្មើសសម្អាតប្រាក់ ដូចរបាយការណ៍ ដែលកម្ពុជា បានដាក់ជូនអង្គការហ្វាតដែរឬទេ។ ក្រុមការងារនេះ បានមកកម្ពុជា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ដោយបានជួបសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេចឧបនាយករដ្ឋមន្រ្តី ស ខេង និងភាគីពាក់ព័ន្ធផ្សេងទៀត។ 
 
គួរដឹងថា ប្រទេសណា ដែលស្ថិតក្នុងបញ្ជីប្រផេះនៃការលួចសម្អាតប្រាក់កខ្វក់ ធនាគារក្នុងប្រទេសនោះ អាចប្រឈមនឹងជួបឧបសគ្គក្នុងការធ្វើប្រតិបត្តិការ៕ 
 

Tag:
 FATF
  កម្ពុជា
  បទល្មើសសម្អាតប្រាក់
© រក្សាសិទ្ធិដោយ thmeythmey.com