កីឡាជាតិ
ជាតិ
លីគខាប់៖ Marcus Haber ស៊ុតHart Trick ជួយព្រះខ័នរាជស្វាយរៀង ឈ្នះអង្គរថាយហ្គឺរ ៥-០
27, Feb 2023 , 4:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Marcus Haber និងមិត្តរួមក្រុមអបអរក្រោយរកគ្រាប់បាល់ Hart Trick លើម្ចាស់ផ្ទះអង្គរថាយហ្គឺរ។ រូបពី CPL
ខ្សែប្រយុទ្ធ Marcus Haber និងមិត្តរួមក្រុមអបអរក្រោយរកគ្រាប់បាល់ Hart Trick លើម្ចាស់ផ្ទះអង្គរថាយហ្គឺរ។ រូបពី CPL
ដោយ:
Marcus Haber ម្ចាស់ស្បែកជើងមាសខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ ជួយឱ្យក្រុមព្រះខ័នរាជស្វាយរៀង ដណ្តើមបាន៣ពិន្ទុ ពីក្រុមម្ចាស់ផ្ទះ អង្គរថាយហ្គឺរ បញ្ចប់ក្នុងលទ្ធផល ៥-០ ក្នុងការប្រកួតពានរង្វាន់ ខេមបូឌានលីគខាប់ នៅថ្ងៃទី២៦ ខែកុម្ភៈ នាកីឡដ្ឋានហនុមាន។

 
នៅក្នុងវគ្គទី១ ក្រុមម្ចាស់ផ្ទះអង្គរថាយហ្គឺរ និងភ្ញៀវព្រះខ័នរាជស្វាយរៀង មិនមានសំណាងក្នុងការទម្លាយសំណាញ់ទីគ្នាឡើយ។ ចូលដល់វគ្គទី២ ខ្សែប្រយុទ្ធព្រះខ័នរាជស្វាយរៀង Marcus Haber ទម្លាយសំណាញ់ទីម្ចាស់ផ្ទះ១គ្រាប់នៅនាទី៥២ និង៤នាទីក្រោយ ខ្សែបម្រើប្រាក់ មុន្នីឧត្តម បន្ថែមគ្រាប់ទី២ នៅនាទី៥៦ ដោយការស៊ុតបាល់ពិន័យ (Free Kick)។ លុះដល់នាទី៦២ ខ្សែប្រយុទ្ធ Marcus Haber បន្ថែមគ្រាប់ទី២ របស់ខ្លួន ក្រោយទទួលបាល់ពីមិត្តរួមក្រុម ខ្សែបម្រើ Gabreal។


ការប្រជែងបាល់រវាងកីឡាករ នគរបាលជាតិ(អាវស) និងអាយ អេស អាយ ដង្កោសែនជ័យ(ខៀវ)។ រូបពី CPL
 
នៅនាទី៦៣ ខ្សែបម្រើកូនកាត់ខ្មែរ-អាម៉េរិក នីកូឡាស់ ថេឡរឌឿង ប្តូរចូលជំនួសកីឡាករ ប្រាក់ មុន្នីឧត្តម ហើយក៏បានបន្ថែមគ្រាប់ទី៤ ឱ្យក្រុមព្រះខ័នរាជស្វាយរៀងនៅនាទី៦៩ ដោយបាល់បញ្ជូនចេញពីខ្សែបម្រើ IAGO និងគ្រាប់ទី៥ សម្រាប់ក្រុមភ្ញៀវ ហើយក៏ជាគ្រាប់បាល់ទី៣ របស់ខ្សែប្រយុទ្ធ Marcus Haber ដែលសម្រេចទីនៅនាទី៧២ ដោយការលោតតែត ក្រោយទទួលបាល់ពីខ្សែបម្រើ Gabreal។
 
ក្នុងពេលជាមួយគ្នានោះក្រុមភ្ញៀវ អាយ អេស អាយ ដង្កោសែនជ័យ យកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះនគរបាលជាតិ ដោយលទ្ធផល ៣-១ នាកីឡដ្ឋាន អាយ.អេស.អាយ ខេអឹមអេចផាក។ អាយ អេស អាយ សម្រេចទីគ្រាប់ដំបូងដោយកីឡាករ Yanagidate Kazu នៅនាទី៨ និង២គ្រាប់ទៀតស៊ុតបញ្ចូលទីដោយកីឡាករ សារី តៃម៉ូ នៅនាទី៧៩ និងនាទី៨១ ។ ចំណែកឯក្រុមម្ចាស់ផ្ទះរកបាន១គ្រាប់ដោយកីឡាករ សំ វណ្ណនិត នៅនាទី៤៩។
 
រីឯកីឡដ្ឋានកំពង់ស្ពឺ ឯណោះវិញ ក្រុមម្ចាស់ផ្ទះណាហ្គាវើលដ៍ លត់ក្រុមភ្ញៀវសូលទីឡូអង្គរ បញ្ចប់ក្នុងលទ្ធផល ៦-០។ ខ្សែបម្រើ Olivera Marcio រកបាន២គ្រាប់ម្នាក់ឯង ពោលនៅនាទី១៧ និង៤៤ ខណៈខ្សែបម្រើ Kikuchi Yuta សម្រេចទីបាន១គ្រាប់នៅនាទី២៦ និង២នាទីក្រោយខ្សែបម្រើ សុះ ស៊ូហាណា បន្ថែមគ្រាប់ទី៤ ជូនក្រុមនៅនាទី២៨។ នៅនាទី៣៦ ខ្សែបម្រើ Cristian Dos Santos ទម្លាយសំណាញ់ទី១គ្រាប់ និងខ្សែប្រយុទ្ធ សេង សារ៉ាវុទ្ធី រកបានគ្រាប់ទី៦ នៅនាទី៧៥ មុនការប្រកួតបញ្ចប់ត្រឹម៩០ នាទី ។ 
 
បញ្ចប់ការប្រកួតពូលB គិតត្រឹមសប្តាហ៍ទី៣ ណាហ្គាវើលដ៍ ឈរលេខ១ មាន៩ពិន្ទុ នាំមុខភ្នំពេញក្រោន មាន៦ពិន្ទុ ឈរលេខ២ ,អាយ អេស អាយ ដង្កោសែនជ័យ ឈរលេខ៣ មាន៦ពិន្ទុ ,លេខ៤ ព្រះខ័នរាជស្វាយរៀង មាន៣ពិន្ទុ ,អង្គរថាយហ្គឺរ ឈរលេខ៥ មាន១ពិន្ទុ ,សូលទីឡូអង្គរ មាន១ពិន្ទុ ឈរលេខ៦ និងនគរបាលជាតិពុំទទួលបានពិន្ទុឡើយ ក្នុង២ប្រកួតរបស់គេ៕
 
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានលីគខាប់
© រក្សាសិទ្ធិដោយ thmeythmey.com