អន្តរជាតិ
លោកពូទីនថា អង្គការណាតូ កំពុងចូលរួមជម្លោះនៅអ៊ុយក្រែនតាមរយៈការផ្តល់អាវុធ
27, Feb 2023 , 9:29 pm        
រូបភាព
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី។ រូបភាព AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានព្រមានថា សមាជិកសម្ព័ន្ធយោធាណាតូមួយចំនួន កំពុងចូលរួមក្នុងជម្លោះនៅអ៊ុយក្រែន តាមរយៈការផ្តល់អាវុធជាច្រើនពាន់លានដុល្លារឱ្យរដ្ឋាភិបាលក្រុងកៀវ។ លោកពូទីន ក៏បានចោទលោកខាងលិចចង់ហែករុស្ស៊ីផង។



 
ក្នុងកិច្ចសម្ភាសជាមួយទូរទស្សន៍  Rossiya-1 ដែលត្រូវបានចាក់ផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានបញ្ជាក់ជាថ្មីពីការផ្តល់ជំនួយរបស់ប្រទេសលោកខាងលិចដ៏ច្រើនសន្ធឹកទៅអ៊ុយក្រែន និងការចូលរួមក្នុងជម្លោះរបស់ប្រទេសទាំងនោះ។ 
 
«ពួកគេ កំពុងបញ្ជូនអាវុធក្នុងទំហំ១០ពាន់លានដុល្លារទៅអ៊ុយក្រែន។ នេះជាការចូលរួមពិតប្រាកដ»។ លោក ពូទីន បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា វាមានន័យថា ពួកគេបានរួមចំណែកនៅក្នុងឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តដោយរដ្ឋាភិបាលក្រុងកៀវ។ 
 
ត្រង់ចំណុចនេះ មេដឹកនាំរុស្ស៊ីបានយល់ឃើញថា ប្រទេសលោកខាងលិចមានបំណងតែមួយគត់ គឺហែកអតីតសហភាពសូវៀត និងរុស្ស៊ី។ ជុំវិញបញ្ហានេះ ប្រធានាធិបតីរុស្ស៊ី បានអំពាវនាវរកពិភពលោកបែបពហុភាគីនិយម។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។ 
 
មុនចូលខួបរុស្ស៊ីឈ្លានពានអ៊ុយក្រែន១ឆ្នាំ អាម៉េរិក និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀត បានប្រកាសផ្តល់ជំនួយក្រាក់ៗទៅឱ្យរដ្ឋាភិបាលក្រុងកៀវ ទប់នឹងក្រុងមូស្គូ។ នេះមិនមែនជាលើកទីមួយឡើយ ដែលលោកពូទីនបញ្ជាក់ពីការចូលរួមរបស់ប្រទេសលោកខាងលិច ទាក់ទិនការផ្តល់ជំនួយទាំងនោះ។ 
 
ដោយមានការដាក់សម្ពាធពីប្រទេសលោកខាងលិច រុស្ស៊ីកំពុងរៀបចំគោលនយោបាយការបរទេសថ្មី។ កន្លងមក រដ្ឋមន្រ្តីការបរទេសរុស្ស៊ី​ លោកលោក ស៊ែហ្គេយ៍ ឡាវរ៉ូវ យល់ថា កិច្ចការអន្តរជាតិ មិនគួរកំណត់ ដោយផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ប្រទេសលោកខាងលិចនោះទេ ប៉ុន្តែត្រូវផ្អែកលើមូលដ្ឋានសកលនៃតុល្យភាពផលប្រយោជន៍ ដែលមានចែងក្នុង ធម្មនុញ្ញអង្គការសហប្រជាជាតិ (UN)។
 
គោលនយោបាយការបរទេសរុស្ស៊ីថ្មី នឹងផ្តោតលើលើការបញ្ចប់អនុត្តរភាពរបស់លោកខាងលិច នៅក្នុងកិច្ចការអន្តរជាតិ។ 
 
គួររំពឹកថា ខណៈសង្រ្គាមឈានចូលរយៈពេល ១ឆ្នាំ សហភាពអឺរ៉ុបបានប្រកាសទណ្ឌកម្មលើកទី១០ប្រឆាំងរុស្ស៊ី និងបុគ្គលគាំទ្រសង្រ្គាមនៅអ៊ុយក្រែន រួមទាំងការហាមឃាត់ការនាំចេញពីរុស្ស៊ី ក្នុងទំហំជាង ១១,៦ពាន់លានដុល្លារ។ មិនតែប៉ុណ្ណោះ ក្រុមប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ (G7) កំពុងរៀបចំដាក់ទណ្ឌកម្មបន្ថែមលើរុស្ស៊ីផង។ ទណ្ឌកម្មថ្មី នឹងផ្តោតលើវិស័យសេដ្ឋកិច្ចសំខាន់ៗរបស់រុស្ស៊ី និង​អង្គការផ្សេងទៀតដែលជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ទីក្រុងមូស្គូ៕
 

Tag:
 រុស្ស៊ី
  ណាតូ
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com