ជាតិ
សម្តេច ហ៊ុន សែន បញ្ជាថ្នាក់ដឹកនាំក្រសួងកសិកម្មយកក្ងោកទៅឱ្យម្ចាស់ដើមវិញជាបន្ទាន់
28, Feb 2023 , 12:27 pm        
រូបភាព
សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន តាមរយៈសារសំឡេងពិសេសនាថ្ងៃទៅ២៨ ខែកុម្ភៈនេះ បានបញ្ជាឱ្យមន្ត្រីពាក់ព័ន្ធក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ ដឹកជញ្ជូនសត្វក្ងោក យកទៅជូនម្ចាស់ដើមវិញជាបន្ទាន់។



កាលពីថ្ងៃទី១៦ ខែកុម្ភៈ រដ្ឋបាលព្រៃឈើ បានដកហូតសត្វក្ងោក៦ក្បាលពីផ្ទះរបស់ក្រុមគ្រួសារមួយនៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ តាមលិខិតចុះថ្ងៃទី២៣ ខែកុម្ភៈ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុរដ្ឋបាលព្រៃឈើ តម្រូវឱ្យលោក យឹម សំអឿន ចូលបំភ្លឺនៅថ្ងៃទី៣ ខែមិនា ទាក់ទងនឹង «ការយកធ្វើជាកម្មសិទ្ធិចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។
 
កន្លងមក ក្រុមការងារបង្គ្រាបបទល្មើសសត្វព្រៃកម្ពុជា បានបញ្ជាក់ប្រាប់ ThmeyThmey25ថា ករណីចុះបង្ក្រាបសត្វក្ងោកពូជខ្មែរចំនួន៦ក្បាល និងពូជក្ងោកឥណ្ឌាចំនួន១៤ក្បាលនោះ ក្រុមការងារអនុវត្ដតាមច្បាប់ព្រៃឈើប៉ុណ្ណោះ។ 
 
ចំពោះក្ងោកបៃតងរបស់ខ្មែរចំនួន៦ក្បាលនោះ ស្ថិតក្រោមវិសាលភាពនៃច្បាប់ព្រៃឈើ ដូច្នេះក្រុមការងារ កំពុងដំណើរការបន្ត ដើម្បីដោះស្រាយជាមួយម្ចាស់សាមី។ ក្រៅពីនេះ ចំពោះក្ងោកឥណ្ឌា១៤ក្បាលវិញ ក្រុមការងារបានសុំឱ្យម្ចាស់ប្រគល់ ឱ្យបណ្ដោះអាសន្ន និងយកទៅរក្សានៅភ្នំតាម៉ៅ ដើម្បីចាត់វិធានការបន្ដ។

«ប្រជាពលរដ្ឋបានស្រែករកខ្ញុំឱ្យជួយទៅលើបញ្ហានេះ ខ្ញុំក៏មិនដឹងច្បាស់ថា អស់លោកចាប់ដោយមូលហេតុអ្វីនោះទេ ប៉ុន្តែរឿងរ៉ាវទាំងឡាយគឺខ្ញុំទុកមួយឡែក តែខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សុំឱ្យអ្នកទទួលខុសត្រូវដែលបានយកសត្វចេញពីផ្ទះរបស់ក្រុមគ្រួសារដែលបានចិញ្ចឹមសត្វនេះ យកទៅជូនដល់ផ្ទះវិញ។ ខ្ញុំមិនយល់ស្របទៅនឹងទង្វើបែបនេះទេ»។ សម្តេច ហ៊ុន សែន បានប្រតិកម្មយ៉ាងដូច្នេះ។
 
សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា គួរមានការលើកទឹកចិត្តឱ្យប្រជាជនចិញ្ចឹមសត្វ ដែលជិតផុតពូជ ជាជាងការចាប់យកសត្វដែលប្រជាជនខំចិញ្ចឹម។ សម្តេចក៏ធ្លាប់ចិញ្ចឹមសត្វក្ងោកផងដែរ ប៉ុន្តែដោយសារការបារម្ភទៅលើបញ្ហាចៅៗ សម្តេចយកសត្វក្ងោកទៅទុកនៅផ្ទះកូនប្រុសរបស់សម្តេចវិញ។
 
«គ្មានហេតុផលណាមួយដែលនឹងត្រូវទៅចាប់យកសត្វក្ងោកដែលប្រជាជនចិញ្ចឹមយកមកទុកនៅកន្លែងចិញ្ចឹមសត្វ ហើយចាត់ទុកថា ជាអំពើខុសច្បាប់។ ក្នុងករណីដែលច្បាប់មានចែង ខ្ញុំក៏សូមស្នើឱ្យអ្នកច្បាប់ ធ្វើការជាបន្ទាន់ដើម្បីធ្វើវិសោធនកម្មច្បាប់ លុបចោលនូវកថាខណ្ឌណាដែលទាក់ទងនឹងការចាប់យកសត្វចិញ្ចឹមរបស់ប្រជាពលរដ្ឋដែលយើងគួរតែត្រូវលើកទឹកចិត្ត»៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com