ជាតិ
ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា កើនសមាជិកជាង៣ម៉ឺននាក់ ដើម្បីចុះជួយដល់វិស័យអប់រំ
28, Feb 2023 , 6:59 pm        
រូបភាព
រូបភាពដោយ៖ ឡាយ ឡុង
រូបភាពដោយ៖ ឡាយ ឡុង
ភ្នំពេញ៖ រយៈពេលជិត២ឆ្នាំ នៃការបង្កើតចលនាយុវជនស្មគ្រចិត្ត ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ) នៃសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) កើនសមាជិកបានជាង៣ម៉ឺននាក់​ ដើម្បីអនុវត្តការងារស្មគ្រចិត្តផ្សេងៗក្នុងវិស័យអប់រំ។



«គិតត្រឹមបំណាច់ឆ្នាំ២០២២ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (ក.យ.គ) បានបញ្ចូលសមាជិកតាម​ UYFC App សរុប៣៣ ៩៣៤នាក់»។ នេះជាការលើកឡើងរបស់លោក ស សុខា ប្រធានក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២​ នាព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ។
  

រូបភាពដោយ៖ ឡាយ ឡុង

លោក បន្តថា ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សាបង្កើតឡើងក្នុងគោលដៅ​ កៀរគរកម្លាំងយុវជនជានិស្សិត ឱ្យចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តសង្គមនានា និងប្ដេជ្ញាបន្តអនុវត្តសកម្មភាពខ្លួន ក្នុងក្របខណ្ឌគ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន ដើម្បីចូលរួមលើកកម្ពស់ និងពង្រឹងវិស័យអប់រំនៅកម្ពុជា។
 
លោក ស សុខា បានបញ្ជាក់ទៀតថា ជាង១ឆ្នាំមកនេះ ក.យ.គ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីក្រសួងពាក់ព័ន្ធនានា សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ក្រុមប្រឹក្សាសាកលវិទ្យា-ធិការនៃកម្ពុជា សមាគមសហព័ន្ធសិស្ស-និស្សិតអប់រំបណ្តុះបណ្តាល​បច្ចេក​ទេស​ ​និ​ងវិជ្ជាជីវៈ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជន និងគ្រឹះស្ថានសិក្សាផ្នែកគរុកោសល្យសរុប១១៥ផងដែរ។ 
 
កាលពីឆ្នាំ២០២២ ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា បានធ្វើកិច្ចសហការល្អជាមួយគ្រឹះស្ថានឧត្តមសិក្សានានា ដើម្បីអភិវឌ្ឍសមត្ថភាព​ដល់យុវជន តាមរយៈការរៀបចំសិក្ខាសាលាចំនួន ១៧២លើក បាឋកថាចែករំលែកបទពិសោធ៧៦លើក   និងបើកវគ្គបណ្តុះបណ្តាលនានាចំនួន៨៩វគ្គ។ លើសពីនេះ ក.យ.គ. បានទទួលអាហារូបករណ៍ពី២៩គ្រឹះស្ថានឧត្តមសិក្សា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បរិញ្ញាបត្រ និងបរិញ្ញាបត្ររង សរុបចំនួន ៩៥០កន្លែង សម្រាប់ផ្ដល់ឱ្យសិស្ស-និស្សិតផងដែរ៕


 រូបភាពដោយ៖ ឡាយ ឡុង

Tag:
 ក្រុមប្រឹក្សាយុវជនគ្រឹះស្ថានឧត្តមសិក្សា
 កយគ
© រក្សាសិទ្ធិដោយ thmeythmey.com