កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
លោក អ៊ួ តារា៖ ទាហានជាង១ពាន់នាក់​ នឹងសម្តែងគុនល្បុក្កតោ ក្នុងពិធីបើកស៊ីហ្គេម-ប៉ារ៉ាហ្គេម ឆ្នាំ២០២៣
01, Mar 2023 , 9:29 am        
រូបភាព
ពិធីបើកវគ្គហ្វឹកហ្វឺនត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ រូបពី CAMSOC
ពិធីបើកវគ្គហ្វឹកហ្វឺនត្រៀមសម្តែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។ រូបពី CAMSOC
ដោយ:
លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បញ្ជាក់ថាក្នុងពិធីបើកកីឡាស៊ីហ្គេមលើកទី៣២ និងប៉ារ៉ាហ្គេមលើកទី១២ នឹងមានកម្លាំងទាហាន ១២០០នាក់ចូលរួមសម្តែងគុនល្បុក្កតោ។ ក្នុងនោះក៏មានសម្តែងទស្សនីយភាពទ័ពសម័យអង្គ នៅក្នុងផែនទស្សនីយភាព «រុងរឿងនៃអង្គរ» និងល្បុក្កតោសម័យទំនើប ដែលធ្វើទំនើបកម្មកីឡាគុនល្បុក្កតោ ទៅជាចង្វាក់ភ្លេង និងទស្សនីយភាពបែសម័យក្នុងទស្សនីយភាព «ភាពរុងរឿងនៃកម្ពុជា»។

 
នាពិធីបើកវគ្គហ្វឹកហ្វឺនទម្រង់ល្បុក្កតោអបអរសាទរកម្មវិធីបើក-បិទ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅបរិវេណគណៈបញ្ជាការដ្ឋានអង្គរក្ស ក្នុងខេត្តកណ្តាល ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក អ៊ួ តារា អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ជឿជាក់ថាបន្ទាប់ពីកម្លាំងទាហានទទួលបានការហ្វឹកហ្វឺនហើយនឹងសម្តែងទស្សនីយភាពបានល្អក្នុងកម្មវិធីបើកស៊ីហ្គេមលើកទី៣២។
 
«យើងសង្ឃឹមថា តាមរយៈការហាត់សមនេះនឹងបង្ហាញចេញនូវទស្សនីយភាពដ៏អស្ចារ្យ ក្នុងពិធីបើកស៊ីហ្គេម»។ លោក អ៊ួ តារា បន្ថែមថាថ្វីដ្បិតចំនួន ១២០០នាក់នេះតិចជាងការសម្តែងក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ក៏ពិតមែនតែមានគុណភាព និងអស្ចារ្យ ដែលសហព័ន្ធព្យាយាមធ្វើឱ្យបានល្អតាមគោលដៅដែលចង់បាន។
 
ចំណែកឯការសម្តែងក្នុងកម្មវិធីបិទកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ វិញក៏នឹងមានទស្សនីយភាពដ៏អាស្ចារ្យផងដែរ។ មន្រ្តីសហព័ន្ធដដែលបានសង្កត់ធ្ងន់ថា៖«ក្នុងកម្មវិធីបិទស៊ីហ្គេមនឹងមានកម្លាំង ៦០០នាក់សម្តែងទស្សនីយភាពមួយដ៏អស្ចារ្យ ដែលបង្ហាញពីមហាព្រលឹងគុនល្បុក្កតោ»។
ម្ចាស់ផ្ទះកម្ពុជា នឹងប្រារព្ធពិធីបើកព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅថ្ងៃទី៥ ខែឧសភា និងជាថ្ងៃចាប់ផ្តើមការប្រកួតផ្លូវការផងដែរ៕
 

Tag:
 កីឡាគុនល្បុក្កតោ
 អ៊ួ តារា
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com