អន្តរជាតិ
ប្រធានាធិបតីរុស្ស៊ី ចុះហត្ថលេខាលើច្បាប់ព្យួរសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរជាមួយអាម៉េរិក
01, Mar 2023 , 12:09 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព TASS
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព TASS
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់ព្យួរការចូលរួមរបស់រុស្ស៊ី នៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ  New START ដែលមានតែមួយគត់ជាមួយអាម៉េរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Tass នៅថ្ងៃទី២៨ ខែកុម្ភៈ។

 
​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នៅ​ថ្ងៃទី​២១ ខែកុម្ភៈ បានប្រកាស​ព្យួរ​សន្ធិសញ្ញាអាវុធ​នុយក្លេអ៊ែរ New START ដែល​សល់ តែមួយគត់​ជាមួយ​អាម៉េរិក​។ ក្រោយការប្រកាសនេះ សំណើច្បាប់ស្តីពីការព្យួរការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញា New START ត្រូវបានអនុម័តជាឯកច្ឆន្ទដោយសភារុស្ស៊ី និងក្រុមប្រឹក្សាសហព័ន្ធ។ 
 
ពេលនេះ រុស្ស៊ីបានព្យួរការចូលរួមរបស់ខ្លួនក្នុងសន្ធិសញ្ញា New START ជាផ្លូវការ ក្រោយការចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ និងត្រូវបានចុះហត្ថលេខាប្រកាសដោយប្រធានាធិបតីរុស្ស៊ី លោកពូទីន។ 
 
«ការសម្រេចក្នុងការចាប់ផ្តើមការចូលរួមរបស់រុស្ស៊ីក្នុងសន្ធិសញ្ញាឡើងវិញ អាចត្រូវបានធ្វើដោយប្រមុខរដ្ឋ»។​ ច្បាប់ស្តីពីការព្យួរការចូលរួមរបស់រុស្ស៊ីនៅក្នុងសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែរ  New START បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ច្បាប់ដដែលនេះ នឹងចូលជាធរមានភ្លាមៗ ក្រោយការចេញផ្សាយ។ 
 
ច្បាប់សហព័ន្ធរុស្ស៊ីលើសន្ធិសញ្ញាអន្តរជាតិ បានចែងថា ប្រធានាធិបតីមានអំណាច ក្នុងការផ្អាកប្រតិបត្តិការលើសន្ធិសញ្ញាអន្តរជាតិណាមួយ ដែលត្រូវបានទទួលស្គាល់ដោយច្បាប់សហព័ន្ធ។ ត្រង់ចំណុចនេះ វាមានន័យថា លោកវ្ល៉ាឌីមៀ ពូទីន ប្រមុខរដ្ឋរុស្ស៊ី មានអំណាចក្នុងការផ្អាកសន្ធិសញ្ញាអន្តរជាតិទាំងនោះ ក្នុងករណីមានស្ថានភាពចាំបាច់។ 
 
ការព្យួរសន្ធិសញ្ញា New START របស់រុស្ស៊ី មិនមែនជាការដើរចេញឡើយ ប៉ុន្តែអាម៉េរិក អាចនឹងបាត់បង់សិទ្ធិក្នុងការត្រួតពិនិត្យទីតាំងស្តុកអាវុធនុយក្លេអ៊ែរទាំង១៨ របស់រុស្ស៊ី។ ក្រោមសន្ធិសញ្ញា New START ប្រទេសទាំងពីរ មិនត្រូវអនុញ្ញាតឱ្យពង្រាយក្បាលគ្រាប់នុយក្លេអ៊ែរលើសពី ១៥៥០ និងមានគ្រាប់បែក រួមទាំងមីស៊ីលចម្ងាយត្រឹម ៧០០គ្រាប់។ សន្ធិសញ្ញាដដែល បានកំណត់ឱ្យប្រទេសទាំងពីរពង្រាយមីស៊ីលអន្តរទ្វីបត្រឹម ៨០០គ្រាប់ប៉ុណ្ណោះ។
 
 
សូមបញ្ជាក់ថា សន្ធិសញ្ញា New Start ត្រូវបាន​ចុះ​ហត្ថ​ដោយ​ប្រធានាធិបតី​អាម៉េរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា និង​សម​ភាគី​រុស្ស៊ី Dmitry Medvedev នៅក្នុង​ឆ្នាំ​២០១០​។ សន្ធិសញ្ញា​នេះ បាន​ចូល​ជា​ធរមាន​នៅក្នុង​ឆ្នាំ​២០១១​។ នៅក្នុង​ឆ្នាំ​២០២១ អាម៉េរិក​បាន​បន្ត​សន្ធិ​សញ្ញា​នេះ​រយៈពេល ៥​ឆ្នាំ​បន្ថែមទៀត ក្រោយ​លោក ចូ បៃ​ឌិន ប្រធានាធិបតី​អាម៉េរិក ឡើងកាន់តំណែង​៕ 
 

Tag:
 រុស្ស៊ី
  អាម៉េរិក
  នុយក្លេអ៊ែរ
© រក្សាសិទ្ធិដោយ thmeythmey.com