កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ម្ចាស់ផ្ទះកម្ពុជា ដាក់គោលដៅយកមេដាយមាស៩ ពីកីឡាវ៉ូវីណាម
01, Mar 2023 , 2:10 pm        
រូបភាព
លោក យ៉ាំ ថៃសាន(ស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម។
លោក យ៉ាំ ថៃសាន(ស្តាំ) អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាម។
ដោយ:
លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដាក់គោលដៅយកឱ្យបានមេដាយមាសចំនួន៩ ពីកីឡាស៊ីហ្គេមឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ស៊ីហ្គេមលើកទី៣២ កីឡាវ៉ូវីណាមាន៣០ប្រភេទវិញ្ញា ពោលគឺលើសពាក់កណ្តាលបើធៀបនៅស៊ីហ្គេមលើកទី៣១ នៅវៀតណាមដែលមានត្រឹម១៥វិញ្ញាសា។

 
«ក្នុងនាមយើងជាម្ចាស់ផ្ទះ ធ្វើយ៉ាងណាដណ្តើមមេដាយមាសតិចបំផុតឱ្យបាន៩»។ លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អះអាងដូច្នេះ ក្នុងបទសម្ភាសផ្ទាល់ជាមួយសារព័ត៌មានថ្មីៗ នាទីលានហ្វឹកហ្វឺនកីឡាជាតិ ក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។


ការហ្វឹកហាត់របស់អត្តពលិកកីឡាវ៉ូវីណាមកម្ពុជា។
 
ជំនឿទុកចិត្តក្នុងការកំណត់គោលដៅមេដាយមាសដ៏ច្រើននេះ ដោយសារមន្រ្តីសហព័ន្ធមើលឃើញថា ការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម កម្ពុជាធ្វើបានយ៉ាងល្អដោយប្រជែងបានមេដាយមាស៣ ប្រាក់២ និងសំរឹទ្ធ៩ ដែលការប្រកួតនោះមានត្រឹម ១៥វិញ្ញាសាប៉ុណ្ណោះ។ ដោយឡែកស៊ីហ្គេមលើកទី៣២នៅកម្ពុជា មាន៣០ប្រភេទវិញ្ញាសាឯណោះ ក្នុងកីឡាវ៉ូវីណាម។
 
លោក យ៉ាំ ថៃសាន និយាយទាំងជឿកជាក់ថា៖«សម្រាប់យើងជាម្ចាស់ផ្ទះ យើងត្រៀមខ្លួនរួចរាល់ហើយ បានន័យថាយើងបានត្រៀមពីចម្ងាយ ខណៈកីឡាករ-កីឡាការិនីកាន់តែមានទឹកចិត្តមានសន្ទស្សន៍ក្នុងការហ្វឹកហាត់ មានមហិច្ឆតាក្នុងនាមម្ចាស់ផ្ទះ។ អត្តពលិកប្តេជ្ញាព្យាយាមឱ្យអស់ពីលទ្ធភាពធ្វើយ៉ាងណាដណ្តើមមេដាយឱ្យបានច្រើន»។
 
ការត្រៀមរួចរាល់នេះដែរ សហព័ន្ធក៏បានចម្រាញ់យកកីឡាករ-កីឡាការិនីដែលមានកម្រិតសមត្ថភាព មានគុណផលខ្ពស់ ដើម្បីប្រាកដថាពួកគធ្វើបានក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។  ម្ចាស់ផ្ទះកម្ពុជា នឹងចាប់ផ្តើមការប្រកួតកីឡាតំបន់អាស៊ានផ្លូវការ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។
 
«ជាក់ស្តែងយើងមានការប្រមូលផ្តុំកីឡាករ-កីឡាការិនីជម្រើសជាតិរបស់យើងចំនួន៣៤នាក់ ប៉ុន្តែយើងនឹងមានការចម្រាញ់ជំរុះ ដើម្បីយក២៤នាក់ត្រៀមចូលរួមប្រកួតស៊ីហ្គេមលើកទី៣២»។ លោក ថៃសាន បញ្ជាក់ដូច្នេះ។
 
កីឡាវ៉ូវីណាម មាន៣០វិញ្ញាសាសម្រាប់ការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ក្នុងនោះវិញ្ញាសាប្រយុទ្ធមាន៨(បុរស៤ និងនារី៤) និងវិញ្ញាសាមេគុនសម្តែងចំនួន២២៕
 

Tag:
 កីឡាវ៉ូវីណាម
 យ៉ាំ ថៃសាន
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com