កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកគាំទ្រ Besiktas បោះតុក្កតារាប់ម៉ឺនចូលទីលាន ដើម្បីបរិច្ចាគទៅកុមាររងគ្រោះរញ្ជួយដី
01, Mar 2023 , 4:12 pm        
រូបភាព
អ្នកគាំទ្រក្រុម Besiktas បានបោះតុក្កតារាប់ម៉ឺនចូលក្នុងទីលានប្រកួតអំឡុងការប្រកួតរវាង Besiktas ទល់ Antalyaspor នៃជំនួបលីគកំពូលតួកគី ដើម្បីបង្ហាញសាមគ្គីភាព និងបរិច្ចាគទៅកាន់កុមារដែលរងគ្រោះដោយសារគ្រោះរញ្ជួយដីក្នុងប្រទេសតួកគី។



នាការប្រកួតរវាង ​Besiktas និង Antalyaspor បានផ្អាកត្រឹម៤នាទី និង១៧វិនាទី ដំបូងនៃវគ្គទី១ ដែលជានាទីដំណាងឱ្យការកើតមានគ្រោះរញ្ជួយដីក្នុងប្រទេសតួកគីនៅវេលាម៉ោង ៤:១៧ នាថ្ងៃទី៦ ខែកុម្ភៈ។​ អ្នកគាំទ្រដែលចូលរួមទស្សនាការប្រកួតបានបោះតុក្កតាក៏ដូចជាប្រដាប់ប្រដាក្មេងលេងចូលក្នុងបរិវេណទីលានប្រកួតនោះ ដើម្បីជាការបរិច្ចាគទៅកាន់កុមារក្នុងប្រទេសតួកគី និងស៊ីរ៊ី ដែលរងគ្រោះដោយរញ្ជួយដីកម្រិត ៧,៨រិចទ័រ។
  


«អ្នកគាំទ្ររបស់យើងបានបោះកន្សែង ខោអាវ និងតុក្កតាប្រដាប់ប្រដាក្មេងលេងដ៏ច្រើនសន្ធឹកសន្ធាប់ចូលក្នុងទីលានប្រកួត ​Vodafone Park ដើម្បីធ្វើជាអំណោយដល់កុមារក្នុងតំបន់រងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងដើម្បីលើកទឹកចិត្តដល់ពួកគេ។»។ ក្លិប Besiktas បានប្រកាសក្នុងសេចក្តីថ្លែងការណ៍មួយទាក់ទងនឹងការចោលសម្ភារៈទាំងនេះ។
 
បើតាមការអះអាងពីសំណាក់ក្លិប Besiktas ​អ្នកគាំទ្រខ្លួនបានរៀបចំកម្មវិធីដ៏មានន័យនេះឡើង ដោយដាក់ឈ្មោះថា«ប្រដាប់ប្រដាក្មេងលេងជាមិត្តរបស់ខ្ញុំ (​​This toy is my friend)» ដើម្បីជាការផ្តល់ក្តីស្រលាញ់ សាមគ្គីភាពដល់កុមារដែលរងគ្រោះ។
 
ការចោលតុកត្តាទាំងអស់នោះត្រូវបានលាយឡំជាមួយនឹងសំឡេងស្រែកដែលប្រឆាំងទៅនឹងរដ្ឋភិបាលតួកគីផងដែរពីសំណាក់ក្រុមអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ។ គិតមកដល់ត្រឹមពេលនេះមានមនុស្សជាង ៥ម៉ឺននាក់ហើយបានស្លាប់ដោយសារតែគ្រោះរញ្ជួយដីនេះទាំងនៅតួកគី និងស៊ីរី។
  


អំឡុងពេលកីឡាករ Besiktas ហ្វឹកហាត់កម្តៅសាច់ដុំមុនការប្រកួត ពួកគេក៏បានពាក់អាវមានឈ្មោះទីក្រុងភាគខាងត្បូង ​ដែលរងប៉ះពាល់ពីគ្រោះរញ្ជួយដី មុនពេលការប្រកួតបានចាប់ផ្តើមផងដែរ។ ទង្វើកីឡាករក្រុម Besiktas ទទួលការគាំទ្រខ្លាំងពីសំណាក់អ្នកគាំទ្រក៏ដូចជាក្រុមជួយសង្គ្រោះដែលកំពុងបន្តបំពេញភារកិច្ច និងមន្ត្រីជួយសង្គ្រោះមួយចំនួនដែលមានវត្តមានក្នុងកីឡដ្ឋាន Vodafone Park។
 
ទាក់ទងការរៀបចំកម្មវិធីបរិច្ចាកនេះ ខ្សែការពារ ​Tayyib Sanuc បាននិយាយដូច្នេះថា ៖«វាមានរឿងដ៏សំខាន់ជាច្រើនជាជាងបាល់ទាត់ យើងបានឆ្លងកាត់ពេលវេលាដ៏អាក្រក់ក្នុងនាមជាប្រទេសមួយ មានតែការរួមគ្នាទើបអាចព្យាបាលរឿងនេះបាន។ អ្នកគាំទ្ររបស់យើងបានរៀបចំកម្មវិធីដ៏មានន័យបំផុត វាធ្វើឱ្យខ្ញុំរំភើបខ្លាំង ខ្ញុំរំពឹងថាយើងនឹងមិនជួបគ្រោះមហន្តរាយដូចនេះម្តងទៀតទេ។»។
 
ការប្រកួតរវាងក្រុម Besiktas ទល់នឹង Antalyaspor បានបញ្ចប់ទៅក្នុងលទ្ធផលត្រឹមស្មើ ០-០ ប៉ុណ្ណោះ។ 
 
ផលប៉ះពាល់ពីគ្រោះរញ្ជួយដីនេះ ក៏បានធ្វើឱ្យក្លិបបាល់ទាត់ចំនួន ២ បានដកខ្លួនចេញពីការប្រកួតក្របខណ្ឌ Turkish Super lig រដូវកាលនេះផងដែរ។ កីឡាករ Christian Atsu របស់ក្រុម Hatayspor ក៏ស្ថិតក្នុងចំណោមជនរងគ្រោះដែលបាត់បង់ជីវិតទាំងអស់នោះផងដែរ៕









Tag:
 Basiktas
© រក្សាសិទ្ធិដោយ thmeythmey.com