កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ឈុតស៊ីហ្គេមកម្ពុជាទៅបោះជុំរំនៅថៃ ដើម្បីកីឡាករផ្តោតអារម្មណ៍លើការហាត់ និងប្តូរបរិយាកាសថ្មី
01, Mar 2023 , 9:59 pm        
រូបភាព
លោក Keisuke Honda និងកូនក្រុមកីឡាករកម្ពុជាកំពុងហ្វឹកហាត់នៅកោះសាមុយ។ រូបពី FFC
លោក Keisuke Honda និងកូនក្រុមកីឡាករកម្ពុជាកំពុងហ្វឹកហាត់នៅកោះសាមុយ។ រូបពី FFC
លោក ភា សុភ័ក្ដ្រា គ្រូជំនួយក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា ប្រាប់ពីមូលហេតុដែលក្រុមកម្ពុជាទៅបោះជំរំហ្វឹកហាត់នៅកោះសាមុយ ប្រទេសថៃថា ដើម្បីចង់ឲ្យកីឡាករ អាចប្រមូលផ្ដុំអារម្មណ៍ហ្វឹកហាត់ពេញលេញ និងទទួលយកបរិយាកាសថ្មី។ គ្រូជំនួយរូបនេះ ក៏បានបញ្ជាក់ផងដែរថា ចំពោះកីឡាករ ៣០នាក់ ដែលបានចេញទៅហ្វឹកហាត់នៅទីនោះ នឹងត្រូវគ្រូបង្វឹកលោក Keisuke Honda វាយតម្លៃ ដើម្បីជម្រុះយកសមាជិកចុងក្រោយចូលរួមប្រជែងមេដាយស៊ីហ្គេមលើកទី៣២ នៅកម្ពុជា។



យោងទៅលើវីឌីអូផ្សាយរបស់សហព័ន្ធបាល់ទាត់កម្ពុជា លោក ភា សុ ភ័ក្ដ្រា បានបញ្ជាក់ពីផែនការ ដែលសម្រេចទៅហ្វឹកហាត់នៅកោះសាមុយ នៃប្រទេសថៃ ថានេះគឺ បានរៀបចំ និងមានគម្រោងយ៉ាងល្អិតល្អន់ ដោយផ្អែកលើកត្ដាសំខាន់ៗ។ នោះ គឺចង់ឲ្យកីឡាករ មានការងាយស្រួលក្នុងការប្រមូលអារម្មណ៍ហ្វឹកហាត់ ជាមួយនិងបរិយាកាសនៅទីនោះ។ ម្យ៉ាងវិញទៀត ការហ្វឹកហាត់នៅទីនោះ ក៏អាចឲ្យក្រុមជម្រើសជាតិស្វែងយល់ពីទម្រង់ និងស្ថាភាពហ្វឹកហាត់នៅប្រទេសថៃ ដោយនឹងរៀបចំឲ្យមានការប្រកួតតេស្ដសាកល្បង (Training Games) ជាមួយក្រុមថៃនៅទីនោះផងដែរ។
  


ក្រុមជម្រើសជាតិកម្ពុជា ក៏នៅតែផ្ដោតសំខាន់ទៅលើការហ្វឹកហាត់កាយសម្បទា ហើយនេះ ជាការហ្វឹកហាត់ ដែលមានរយៈពេលវែងសម្រាប់កីឡាករបាល់ទាត់កម្ពុជាទាំងនោះ។ 
 
«យើង ដឹងហើយថា កីឡាករកម្ពុជា មិនធ្លាប់មានការប្រមូលផ្ដុំហ្វឹកហាត់រយៈពេលវែងទេ។ អ៊ីចឹងយើងស្វែងរកកន្លែង ដើម្បីស្រួលដល់កីឡាករ មានការប្រមូលអារម្មណ៍ ហើយទម្លាប់ឲ្យមានការត្រៀមខ្លួន ក្នុងការប្រកួតផងដែរ។ មួយវិញទៀត ផ្អែកទៅលើកម្មវិធី នៃការហ្វឹកហាត់ ការប្រមូលផ្ដុំលើកទី១នេះ ផ្ដោតខ្លាំង ទៅលើការហ្វឹកហាត់ផ្នែកកម្លាំងកាយសម្បទាតែម្តង»។ នេះជាការបញ្ជាក់របស់លោក ភ័ក្ត្រា។
 
គ្រូជំនួយរូបនេះ បន្ថែមថា៖« អ៊ីចឹង យើងត្រូវការកន្លែង ដែលមានគ្រប់គ្រាន់នូវសម្ភារៈ ហ្វឹកហាត់ទំនើប តាមតម្រូវការរបស់ក្រុមជម្រើសជាតិ។ បន្ថែមទៅលើការហ្វឹកហាត់ផ្នែកកាយសម្បទា កីឡាករ ត្រូវការហ្វឹកហាត់ខ្លាំង ដូចជាសាច់ដុំ រាងកាយ។ យើង ក៏បានសិក្សាពីស្ថានភាព ទម្រង់ហ្វឹកហាត់នៅប្រទេសថៃផងដែរ ដើម្បីរកក្រុមប្រកួតតេស្ដសាកល្បង ដើម្បីឲ្យកីឡាករយើង យល់ច្បាស់ និងបានបង្ហាញសមត្ថភាពខ្លះ ដើម្បីវិនិច្ឆ័យ និងវាយតម្លៃ ក្នុងការជម្រុះកីឡាករ។»។



លោក ភា សុភ័ក្ត្រា ជឿថាកីឡាករ នឹងទទួលបានអ្វីថ្មីពីការហ្វឹកហាត់រយៈពេលវែងនៅក្រៅផ្ទះលើកនេះ។ ដោយសារនេះ ជាការបោះជំរំហ្វឹកហាត់រយៈពេលវែង កីឡាករ អាចប្រមូលអារម្មណ៍ហ្វឹកហាត់ជាក្រុមបានល្អ។ ម្យ៉ាងវិញទៀត អ្នកទាំងនោះ នឹងប្រឹងហ្វឹកហាត់ និងបង្ហាញពីភាពរីកចម្រើនរបស់ពួកគេ  ព្រោះលោក Keisuke Honda បង្វឹកកីឡាករកម្ពុជា នឹងវាយតម្លៃអ្នកទាំងនោះ ដើម្បីជម្រុះយកកីឡាករល្អ ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍ស៊ីហ្គេម។
 
«ខ្ញុំ គិតថា កីឡាករ នឹងទទួលបានអ្វីដែលថ្មី ព្រោះពួកគាត់ ប្រមូលអារម្មណ៍ខ្ពស់ ជាមួយនិងការហ្វឹកហាត់ បើទោះជាយើងឃ្លាតឆ្ងាយពីគ្រួសារមែន ប៉ុន្ដែពួកគេ ប្រមូលអារម្មណ៍ជាមួយការងារជាក្រុម។ អ៊ីចឹងកីឡាករ អាចទទួលបាន ចំណុចច្រើននូវ ការត្រៀមខ្លួន ការប្រមូលផ្ដុំ ទម្លាប់នៃការហ្វឹកហាត់ជាក្រុម។ ម្យ៉ាងវិញទៀត ពួកគេ នឹងប្រជែងគ្នាដើម្បីឲ្យក្រុមការងារ គ្រូបង្វឹក វាយតម្លៃព្រោះ លើកនេះយើងទៅ ៣០នាក់ យើងត្រូវហ្វឹកហាត់ ហើយពិនិត្យមើល ដើម្បីឲ្យគ្រូមានការវាយតម្លៃ ជម្រុះកីឡាករមួយចំនួនផងដែរ។»។ លោក ភា សុភ័ក្ដ្រា បាននិយាយដូច្នេះ។ យ៉ាងណាក៏ដោយ គ្រូជំនួយរូបនេះ មិនបានបញ្ជាក់ថា នឹងជម្រុះប៉ុន្មានលើក ហើយចុងក្រោយយកប៉ុន្មាននាក់ទៅស៊ីហ្គេមនោះទេ។
 
គួរបញ្ជាក់ផងដែរថា ក្រុមជម្រើសជាតិកម្ពុជា បានចេញទៅហ្វឹកហាត់នៅកោះសាមុយ នៃប្រទេសថៃកាលពីថ្ងៃទី២៧ ខែមករា ហើយនឹងវិលត្រឡប់មកកម្ពុជាវិញ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២៣។ ចំណែកព្រឹត្តិការណ៍ស៊ីហ្គេម នឹងចាប់ផ្ដើមជាផ្លូវការណ៍ នៅថ្ងៃទី៥ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 បាល់ទាត់
 ​ ភា សុភ័ក្ត្រា
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com