កីឡាអន្តរជាតិ
អន្តរជាតិ
លីគបាល់ទាត់ឥណ្ឌូណេស៊ី ពន្យារពេលប្រកួតរវាងក្រុមដែលបង្កឲ្យអ្នកគាំទ្រស្លាប់១៣៥នាក់
03, Mar 2023 , 10:59 am        
រូបភាព
ក្រុមអ្នកគាំទ្រចាំ ចូលក្នុងទីលានបាល់ទាត់ នៅកីឡដ្ឋាន Kanjuruhan រូបពី BBC
ក្រុមអ្នកគាំទ្រចាំ ចូលក្នុងទីលានបាល់ទាត់ នៅកីឡដ្ឋាន Kanjuruhan រូបពី BBC
ការប្រកួតរវាងក្រុម Persebaya Surabaya និង Arema FC នាថ្ងៃទី៥ ខែមិនា ក្នុងក្របខណ្ឌលីគកំពូលឥណ្ឌូណេស៊ី Liga 1 នឹងត្រូវពន្យារពេល ព្រោះការប្រកួតជើងទីមួយនៅកីឡដ្ឋាន Kanjuruhan បានធ្វើឲ្យអ្នកគាំទ្រក្រុមទាំងពីរស្លាប់ ចំនួន១៣៥នាក់។



យោងទៅលើការផ្សាយរបស់កាសែត Channel News Asia ការប្រកួតជើងទី២ រវាង Persebaya Surabaya និង Arema FC នឹងត្រូវពន្យារពេលបន្ថែមទៀត ដោយសាររឿងដ៏តក់ស្លុតនៃការស្លាប់របស់អ្នកគាំទ្រដ៏ច្រើន នៅតែដិតដាមជាប់ក្នុងចិត្តអ្នកគាំទ្រផ្សេងទៀតរបស់ក្រុមទាំង២នៅឡើយ។


លោកស្រី Rink Hanifah កាន់រូបថតកូនប្រុសខ្លួន  Agus Riansyah ដែលស្លាប់ក្នុងសោកនាដកម្ម Kanjuruhan រូបពី The Jarkata Post
 
លោក Dirmanto អ្នកនាំពាក្យរបស់ប៉ូលីស East Java បាននិយាយដូច្នេះថា៖«វាត្រូវបានចាត់ទុកថាមានហានិភ័យខ្ពស់ដោយសារតែក្លិបនានា មានប្រវត្តិនៃការប្រកួតប្រជែង បែបនេះ។»។ 
 
ម្យ៉ាងវិញទៀត លោក Yahya Alkatiri អ្នកចាត់ការទូទៅក្រុម Persebaya Surabaya ក៏អះអាងដែលថាការប្រកួតនេះ មិនអាចសុំការអនុញ្ញាតពីប៉ូលីសបានទេ ក្នុងការលេងនៅក្នុងកីឡដ្ឋាន Surabaya ដោយក្រោមហេតុផលកីឡដ្ឋានកំពុងសាងសង់បន្ថែម ដើម្បីត្រៀមរៀបចំការប្រកួត Under-20 World Cup នាអំឡុងខែឧសភា។ អ្នកចាត់ការរូបនេះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ដូច្នេះថា៖«នេះ គឺជាការប្រកួត ដែលពោពេញទៅដោយហានិភ័យខ្ពស់។ ដូច្នេះ ការប៉ះទង្គិចគ្នា អាចកើតឡើងនៅខាងក្រៅកីឡដ្ឋាន។»។
 
ក្រុមអ្នកស៊ើបអង្កេតបានសន្និដ្ឋានថា បញ្ហាចម្បងដែលបណ្ដាលឲ្យអ្នកគាំទ្រ ១៣៥នាក់ស្លាប់ក្នុងឧប្បត្តិវហេតុ រត់ចូលទីលាននោះ ដោយសារការប្រើប្រាស់ឧស្ម័នបង្ហូទឹកភ្នែក។ មធ្យោបាយក្នុងការគ្រប់គ្រងស្ថានការ នៃការប្រកួតបែបនេះ ត្រូវបាន FIFA ហាមប្រាមមិនឲ្យអនុវត្តទៀតនោះទេ។
 
គួរបញ្ជាក់ថា រឿងដ៏គួរឲ្យរន្ធត់បំផុតក្នុងវិស័យបាល់ទាត់នេះ កើតឡើង បន្ទាប់ពីក្រុមម្ចាស់ផ្ទះ Arema ចាញ់ក្រុមភ្ញៀវ Persebaya លទ្ធផល ៣-២ នៅកីឡដ្ឋាន Kanjuruhan កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ លទ្ធផលនេះ ធ្វើឲ្យអ្នកគាំទ្រក្រុមម្ចាស់ផ្ទះ ប្រមាណជិត ៣០០០នាក់រត់ចូលទៅក្នុងទីលានទាំងខឹងសម្បារ។ ប៉ូលីសក្នុងហេតុការណ៍ បាននិយាយថាអ្នកគាំទ្របានបង្ករបួសស្នាម ដល់កីឡាករ និងមន្ដ្រីបច្ចេកទេសនៅក្នុងទីលាន។ ហេតុការណ៍ដដែរនេះ បានធ្វើឲ្យមនុស្ស ១៣៥នាក់ស្លាប់ និង៥៨៣នាក់ រងរបួស៕
 

Tag:
 បាល់ទាត់
  ឥណ្ឌូណេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com