កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ ទឹកកខ្វក់ហូរចូលសមុទ្រ, Jelly-Fish និងចរាចរណ៍ ជាឧបសគ្គក្នុងការហ្វឹកហាត់កីឡាទ្រីយ៉ាត្លុង
03, Mar 2023 , 5:39 pm        
រូបភាព
Jellyfish ដែលអ្នកនេសាទ រកបានរូបពី Raw Street Capture
Jellyfish ដែលអ្នកនេសាទ រកបានរូបពី Raw Street Capture
លោកស្រី សូ រ៉ាន់ដេត គ្រូជម្រើសជាតិកីឡាទ្រីយ៉ាត្លុង ជឿជាក់ថា អត្ដពលិកកីឡាទ្រីយ៉ាត្លុងកម្ពុជា មានសមត្ថភាពគ្រប់គ្រាន់ក្នុងការដណ្ដើមយកមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។ ប៉ុន្ដែគ្រូបង្វឹករូបនេះ បង្ហាញក្តីបារម្ភអំពីការហ្វឹកហាត់របស់អត្តពលិក ព្រោះជួបឧបសគ្គមួយចំនួន ដូចជាបញ្ហាបរិស្ថានទឹកសមុទ្រមិនល្អ, Jelly-Fish និងបញ្ហាចរាចរណ៍។


ក្នុងបទសម្ភាសមកកាន់សារព័ត៌មានថ្មីៗ លោកស្រី សូ រ៉ាន់ដេត ថា គ្រូបង្វឹក កីឡាករ-កីឡាការិនី រួមទាំងមន្ដ្រីបច្ចេកទេស សហព័ន្ធកីឡាទ្រីយ៉ាត្លុងកម្ពុជា មានឆន្ទៈខ្ពស់ក្នុងការប្រឹងប្រែងដណ្ដើមមេដាយនៅព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២។ គ្រូជម្រើសជាតិកីឡានេះ មានជំនឿចិត្តជាខ្លាំងទៅលើកូនក្រុមខ្លួន ថានឹងអាចប្រជែងយកមេដាយ ព្រោះតែការប្រឹងហ្វឹកហាត់ជាប្រចាំរបស់អ្នកទាំងនោះ ដែលមិនគិតពីឧបសគ្គធ្ងន់ ស្រាល។
  

លោកស្រី សូរ៉ាន់ដេត ផ្ដល់បទសម្ភាស មកសារព័ត៌មានថ្មីៗ
 
«ជឿថាអត្ដពលិកកីឡានេះ អាចដណ្ដើមបានមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នៅកម្ពុជា ព្រោះពួកគេ ប្រឹងប្រែងហាត់ខ្លាំង។ ដោយសារការប្រឹងហ្វឹកហាត់ ខ្ញុំ សង្ឃឹមថា ទ្រីយ៉ាត្លុង នឹងទទួលបានមេដាយមាស។»។ គ្រូជម្រើសជាតិរូបនេះ បាននិយាយប្រាប់បែបនេះ។
 
ជាមួយនិងការរំពឹងទុកខ្ពស់បែបនេះ លោកស្រី រ៉ាន់ដេត ក៏បានប្រាប់ទាំងដកដង្ហើមធំៗថា ស្របពេលខិតកាន់តែជិតព្រឹត្តិការណ៍ស៊ីហ្គេម អត្ដពលិកទ្រីយ៉ាត្លុងកម្ពុជា ក៏ជួបឧសគ្គជាច្រើន ក្នុងការហ្វឹកហាត់ ដូចជា បញ្ហាបរិស្ថានទឹកសមុទ្រ, សត្វ Jelly-Fish និងបញ្ហាចរាចរណ៍។ កន្លែងហ្វឹកហាត់ក្នុងសមុទ្រ មានទឹកកខ្ចក់បង្ហូរចូល ដែលធ្វើឲ្យរមាស់ដល់អត្ដពលិក ពេលហាត់ហែលទឹក។ ចំពោះបញ្ហាទឹកកខ្វក់ហូរចូលសមុទ្រនេះ លោកស្រី ពុំបានដឹងថាមានប្រភពមកពីណានោះទេ។ ស្របពេលគ្នានេះដែ លោកស្រី រ៉ាន់ដេត ក៏សុំសំណូមពរឲ្យប្រជាពលរដ្ឋ ដែលលក់ដូរនៅតាមឆ្នេរកែប ចូលរួមថែរក្សាបរិស្ថានទឹកសមុទ្រទាំងអស់គ្នា។ 
 
បញ្ហា ដែលអត្ដពលិកប្រឈមអំឡុងពេលហ្វឹកហាត់ក្នុងសមុទ្រមួយទៀតនោះ គឺបញ្ហាសត្វត្រី Jelly-fish។ សត្វសមុទ្រមួយនេះ អាចបង្ករឲ្យមានគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងដល់កីឡាករ-និងកីឡាការិនី ដោយសារពិសរបស់វា។ ពេលខ្លះ អ្នករងគ្រោះទាំងនោះ អាចឈានទៅដល់ការសង្គ្រោះបន្ទាន់ទៀតផង។ បទពិសោធន៍ កន្លងមក មានកីឡាករ និងកីឡាការិនី ២រូបហើយ ដែលបានត្រូវពិសរបស់សត្វនេះ ហើយបានទៅសង្គ្រោះបន្ទាន់។
 
«អ្វី ដែលជាឧបសគ្គ ដើម្បីដណ្ដើមយកមេដាយ គឺបញ្ហាទាក់ទងនិងសម្ភារៈ ដូចជាកង់មានកំណត់ ហើយបញ្ហាផ្ទៃទឹក។ បញ្ហាផ្ទៃទឹក គឺជាសត្វសមុទ្រ ដូចជា Jelly-fish និងបញ្ហាទឹកសមុទ្រមិនអំណោយផលទាំងស្រុង ដែលធ្វើឲ្យរមាស់។ យើង ជួបជាមួយការរមាស់ និង Jelly-Fish។»។ គ្រូបង្វឹករូបនេះ បានពន្យល់ដូច្នេះ។
  

សត្វ Jellyfish រូបពី National Geography
 
រីឯការហ្វឹកហាត់ជិះកង់លើដងវិថី ពេលខ្លះអត្ដពលិក រងរបួសដោយសារឆ្កែប្រជាពលរដ្ឋខាំ ឬរត់ចូលកង់អត្ដពលិកដោយមិនដឹងខ្លួនដែលធ្វើឲ្យពួកគេខកខាន់ហ្វឹកហាត់ចន្លោះពី ១-២ សប្ដាហ៍។ ម្យ៉ាងវិញទៀត សហព័ន្ធកីឡាទ្រីយ៉ាត្លុង មិនទាន់មានទីលានស្ងាត់ដើម្បីហ្វឹកហាត់ការជិះកងនោះទេ ដូចនេះហើយ ត្រូវប្រើប្រាស់ផ្លូវសាធារណៈ។ ការប្រើប្រាស់ផ្លូវសារធារណៈ ប្រាកដណាស់ថា ត្រូវប្រុងប្រយ័ត្នឡានម៉ូតូប្រជាពលរដ្ឋ។ ដូច្នេះ ហើយ អ្នកគ្រូ រ៉ាន់ដេត ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋមានការអនុគ្រោះ ដល់ការហ្វឹកហាត់របស់អត្ដពលិក ហើយសូមឲ្យអ្នកទាំងនោះ បន្ថែមការប្រុងប្រយ័ត្នលើការបើកបរតាមដងដែលមានអត្តលិកហ្វឹកហាត់។ 
 
លោកស្រី សូ រ៉ាន់ដេត បានពន្យល់ដូច្នេះថា«ឧបសគ្គមួយទៀត គឺពេលដែលអត្ដពលិកយើង ហាត់លើគោក ពាក់ព័ន្ធជាមួយរឿងកង់ ប្រជាពលរដ្ឋយើងខ្លះ គាត់មិនទាន់យល់ មិនផ្ដល់ឱកាសដល់ទីលាន។ យើង មិនមានទីធ្លាណាមួយ ដែលស្ងាត់ សម្រាប់ហាត់កង់ ដូច្នេះ មានតែហាត់លើផ្លូវជាតិ ផ្លូវសារធារណៈ យើងមានបញ្ហាប្រឈមរឿងចរាចរណ៍ ប្រជាពលរដ្ឋ ធ្វើដំណើរតាមផ្លូវ ដែរ។ ម្យ៉ាងវិញទៀត នៅក្នុងខេត្តកែប សម្បូរច្រើនជាងគេ គឺសត្វឆ្កែ របស់ប្រជាពលរដ្ឋ វាអាចងបង្ករគ្រោះថ្នាក់។ កន្លងមក យើងហ្វឹកហាត់ យើងធ្លាប់ជួបហើយ។ ពេលខ្លះកំពុងហ្វឹកហាត់ ឆ្កែពលរដ្ឋរត់ខាំ ដែលបណ្តាលឱ្យជួបគ្រោះថ្នាក់ នឹងត្រូវសម្រាក ខានហាត់រហូតដល់១អាទិត្យ អីក៏មាន។​»៕
 
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាទទួលសិទ្ធិរៀបចំលើកដំបូងក្នុងប្រវត្តិសាស្ត្រ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣៕
 

Tag:
 ទ្រីយ៉ាត្លុង
  សូ រ៉ាន់ដេត
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com