ជាតិ
បេក្ខជនជ័យលាភីលេខ១ ស្នើឱ្យរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលផ្ដាច់បារីអេឡិចត្រូនិក
05, Mar 2023 , 10:40 am        
រូបភាព
ដោយ:
ភ្នំពេញ៖ បេក្ខជន-បេក្ខនារី ដែលបានជាប់ជ័យលាភីលេខ១ ក្នុងកម្មវិធីប្រកួតវោហារស័ព្ទ ក្រោមប្រធានបទ «ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTPs ដើម្បីលើកកម្ពស់សុខភាពសិក្សា » បានសំណូមពរឱ្យរដ្ឋាភិបាល បង្កើតមជ្ឈមណ្ឌលផ្ដាច់បារី និងដាក់បញ្ចូលមេរៀនស្ដីពីផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិកនៅគ្រប់គ្រឹះស្ថានសិក្សា។



យុវតី ផូ ម៉ារី ជាសិស្សមកពីសាកលវិទ្យាល័យស្វាយរៀង បានលើកឡើងថា​ បារីអេឡិចត្រូនិកមិនមែនជាផលិតផលផ្ដាច់បារីធម្មតា ហើយក៏មិនមែនជាសម្ភារៈ ដែលធ្វើឱ្យឡូយឆាយ អស្ចារ្យ ឬសង្ហានោះទេ តែវាជាវត្ថុម៉្យាង ដែលបង្កឱ្យមានផលប៉ះពាល់ដល់សុខភាព សរីរាង្គបរិស្ថាន និងអនាគតយុវជនជំនាន់ក្រោយ។ 
  

បេក្ខនារី សមាជិកក្រុមទី៣ កញ្ញា ផូ ម៉ារី និស្សិតមកពីសាកលវិទ្យាល័យស្វាយរៀង។

និស្សិតសាកលវិទ្យាល័យស្វាយរៀងរូបនេះ ស្នើឱ្យរដ្ឋាភិបាលបង្កើតមជ្ឈមណ្ឌលផ្ដាច់បារីនៅកម្ពុជា ដើម្បីជាស្ពានមួយ សម្រាប់ជួយសង្រ្គោះដល់អ្នកមានបំណងចង់ផ្ដាច់បារីអេឡិចត្រូនិក និងផលិតផល HTPs។ 
 
យុវតីដែលមានអាយុ ២០ឆ្នាំរូបនេះ ក៏បានស្នើទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យដាក់បញ្ជូលមេរៀនស្ដីពីផលប៉ះពាល់របស់បារីអេឡិចត្រូនិក និងផលិតផល HTPs នៅគ្រប់កម្មវិធីសិក្សា ចាប់ពីកម្រិតបឋមសិក្សាឡើងទៅ។ 
 
ផូ ម៉ារី ជាបេក្ខនារីដែលចូលរួមប្រកួត ក្នុងកកម្មវិធីវោហាស័ព្ទ នៅថ្ងៃទី១ ខែមីនានេះ បានបញ្ជាក់ថា៖ «ខ្ញុំចូលរួមកម្មវិធីវោហាស័ព្ទនេះ ដើម្បីប្រើសំឡេងរបស់ពួកខ្ញុំ ប្រាប់ទៅយុវជនមួយដែលប្រើប្រាស់ សូមឈប់ប្រើវាទៀត ព្រោះបារីអេឡិចត្រូនិក វាផ្ដល់ផលប៉ះពាល់ដល់សុខភាព និងអ្នកនៅជុំវិញខ្លួន ព្រោះបារីនេះមានផ្សេងខ្លាំង និងមានជាតិ នីកូទីន ធ្វើឱ្យអ្នកប្រើញៀនពិបាកផ្ដាច់»។
 

បេក្ខជន សមាជិកក្រុមទី៣ លោក អ៊ាន សាវន និស្សិតមកពីសាកលវិទ្យាល័យស្វាយរៀង

ម៉ារី និងសមាជិកក្រុមរបស់គេ ២រូបទៀត សង្ឃឹមថា សំឡេងរបស់ពួកគេអាចជួយដាស់ស្មារតីរបស់យុវជន ឬក្មេងជំនាន់ក្រោយ យល់ដឹងពីផលអវិជ្ជមានរបស់បារីអេឡិចត្រូនិក ហើយបញ្ឈប់ការប្រើប្រាស់ និងងាកមកព្រួយបារម្ភពីសុខភាពរបស់ខ្លួនវិញ។
 
លោកស្រី សឿ សុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា អ្នកដែលញៀនបារីអេឡិចត្រូនិក មានបំណងផ្ដាច់ គឺអាចទៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀនបាន ដែលមាន១១កន្លែងនៅកម្ពុជា ដោយមិនចាំបាច់បង្កើតមជ្ឈមណ្ឌល ផ្ដោតតែលើការព្យាបាលបារីអេឡិចត្រូនិកនោះទេ ព្រោះនាំឱ្យចំណាយថវិការដ្ឋច្រើន។ លោកស្រី សុជាតា បានបន្តថា ការបង្កើតមជ្ឈមណ្ឌលមួយ ត្រូវមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធ ហើយត្រូវមានការជ្រើសរើសបុគ្គលិកច្រើនទៀត។
 


រដ្ឋលេខាធិការរូបនេះ បានបញ្ជាក់ថា៖«បើយើងចេះតែបង្កើតៗ គឺមិនបានប្រយោជន៍ទេ ព្រោះវាជាផ្នែកមួយរបស់គ្រឿងញៀន ដូច្នេះបើបង្កើតមជ្ឈមណ្ឌលគ្រឿងញៀន ហើយគេបែងចែកដាក់បាន ពីកម្រិតធ្ងន់ និងកម្រិតស្រាល គឺអាចព្យាបាលបានដូចគ្នា មិនចាំបាច់បង្កើតឱ្យមានរចនាសម័្ពន្ធធំមួយ ផ្ដោតតែលើបារីអេឡិចត្រូនិកនោះទេ»។
 
ការផ្ដាច់បារីអេឡិចត្រូនិកនេះ មានលក្ខណៈតូចជាងការផ្ដាច់គ្រឿងញៀន ហើយគេមានថ្នាំដើម្បីផ្ដាច់បារីនោះបាន តែបើពួកគេឈានដល់ការញៀនដូចគ្រឿងញៀន ពួកគេអាចទៅព្យាបាលនៅមជ្ឈមណ្ឌលបន្សាបគ្រឿងញៀន។ នេះបើតាមលោកស្រី សឿ សុជាតា ដោយបន្តថា លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងអាជ្ញាធរពាក់ព័ន្ធ ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយពីផលប៉ះពាល់ និងបំរាមចរាចរណ៍ នៃការលក់បារីអេឡិចត្រូនិកឱ្យបានច្រើន ទើបការប្រើប្រាស់បារីអេឡិចត្រូនិកមានការថយចុះ។
 
នៅក្នុងការធ្វើបទបង្ហាញ ក្រោមប្រធានបទ “ការលុបបំបាត់ការប្រើប្រាស់បារីអេឡិចត្រូនិក និងផលិតផល HTPs ដើម្បីលើកកម្ពស់សុខភាពសិក្សា” ម៉ារី និងសមាជិកក្រុមរបស់គេ បានបញ្ចេញសារជុំវិញបញ្ហាប្រឈម និងផលប៉ះពាល់ នៃការប្រើប្រាស់បារីអេឡិចត្រូនិក។ បារីអេឡិចត្រូនិក បានផ្ដល់ផលប៉ះពាល់ខ្លាំងដូចជា ជំងឺបេះដូង ខូចសួត និងមានជំងឺមហារីកជាដើម។
 
ទឹកមុខ និងភាពស្វាហាប់របស់សមាជិកក្រុម ផូ ម៉ារី បានធ្វើឱ្យអ្នកគ្រាំទ្រ និងទស្សនិកជន ប្រឹងសញ្ជឹងស្ដាប់យ៉ាងស្លុងអារម្មណ៍។ ក្រោយបញ្ចប់ការអត្ថាធិប្បាយ ពួកគេបានលឺស្នូរទះដៃអបអរសាទរពីអ្នកគាំទ្រផងដែរ។ ម៉ារី បានប្រាប់ពីគន្លឹះមួយចំនួន ពីលទ្ធផលនៃការទទួលបានជ័យលាភីយ៉ាងដូច្នេះ៖« ពួកខ្ញុំសង្ឃឹម ១រយភាគរយ នឹងទទួលបានលេខ១ ព្រោះខ្ញុំសហការគ្នាបានល្អ ក្នុងការធ្វើការងារជាក្រុម និងបានសិក្សាស្រាវជ្រាវទាក់ទងនឹងបារីអេឡិចត្រូនិកហ្នឹង ពួកខ្ញុំត្រៀមច្រើនដែរ។ ពួកខ្ញុំនៅវិទ្យាល័យ ចាប់ពីម៉ោង៧ គឺពួកខ្ញុំតែងតែហាត់សម និងស្រាវជ្រាវ រកឯកសារដែលពាក់ព័ន្ធ(បារីអេឡិចត្រូនិក)។ សកម្មភាពពួកខ្ញុំបង្ហាញពីការសាមគ្គីគ្នា ហើយការសាមគ្គីគ្នានឹងបានភាពជោគជ័យ»។
 
ផូ ម៉ារី ជាតំណាងក្រុមទី៣ បានសំណូមពរទៅកាន់គ្រឹះស្ថានសិក្សានៅទូទាំងប្រទេស ជួយសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច និងលោកគ្រូ-អ្នកគ្រូ តាមដានរាល់សកម្មភាពសិស្ស និស្សិតទាំងអស់ ដើម្បីចូលរួមក្នុងការសង្កេតមើលសិស្សដែលប្រើប្រាស់ក្នុងគ្រឹះស្ថានសិក្សា ជួយចុះអន្តរាគមន៍ និងណែនាំពួកគេបញ្ឈប់ការប្រើប្រាស់បារីអេឡិចត្រូនិកបន្តទៀត។
 
 យោងតាមមជ្ឈមណ្ឌលប្រយុទ្ធប្រឆាំងជំងឺ របស់សហរដ្ឋអាមេរិក(CDC) មានអ្នករងរបួសសួតចំនួនប្រមាណ ២៨០០ករណី និងស្លាប់ ៦៨នាក់ នៅសហរដ្ឋអាមេរិក ត្រឹមឆ្នាំ ២០២០។
 
សូមជម្រាបថា បេក្ខជនដែលជាប់ជ័យលាភីលេខ១ ទទួលបាន មេដាយមាស អមជាមួយថវិកា ៣លានរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, ក្រុមជ័យលាភីលេខ២ ទទួលបាន មេដាយប្រាក់ ថវិកា ២លាន៤០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី, ក្រុមជ័យលាភីលេខ៣ ទទួលបាន មេដាយសំរឹទ្ធ ថវិកា ១លាន៨០ម៉ឺនរៀល និងវិញ្ញាបនបត្របញ្ជាក់ជ័យលាភី និងរង្វាន់លើកទឹកចិត្ត ទទួលបាន ថវិកា ៨០ម៉ឺនរៀល និង វិញ្ញាបនបត្របញ្ជាក់ការចូលរួម៕

Tag:
 (ជាតិ
  សុខភាព
  អេឡិចត្រូនិក
  HTPs)
© រក្សាសិទ្ធិដោយ thmeythmey.com