ជាតិ
ហេតុអ្វី ព្រះបាទរាជេន្ទ្រវម៌្មទី២ សង់ប្រាសាទមេបុណ្យខាងកើត ក្នុងបារាយណ៍យសោធរតដាក?
21, Oct 2023 , 6:19 pm        
រូបភាព
ស្រុកបន្ទាយស្រី ខេត្តសៀមរាប៖ ប្រាសាទមេបុណ្យខាងកើត ជាស្ថាព្រះហសរបស់ព្រះបាទរាជេន្ទ្រវម៌្មទី២ ដើម្បីឧទ្ទិសថ្វាយដល់អទិទេពក្នុងព្រហ្មញ្ញសាសនាសម្រាប់ជាបុណ្យកុសលដល់បុព្វការីជនរបស់ព្រះអង្គ នាគ្រិស្តសករាជ ៩៥២។ ប្រាសាទដ៏ស្រស់ស្អាតនេះ បានកសាងក្នុងបារាយណ៍យសោធរតដាក ដែលមានបណ្ដោយ ៧គីឡូម៉ែត្រ និងទទឹង ២គីឡូម៉ែត្រ ក្នុងរជ្ជកាលព្រះបាទយសោវម៌្មទី១។

 
 
ដើម្បីជ្រាបច្បាស់ សូមទស្សនាបទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មាន នៃសារព័ត៌មានឌីជីថលថ្មីៗ និងលោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា ដូចខាងក្រោម៖

 
លោក សួម សុភា បុរាណវិទូ នៃអាជ្ញាធរជាតិអប្សរា បានប្រាប់ ThmeyThmey25 ថា បុព្វបុរស សាងសង់ប្រាសាទកណ្ដាលបារាយណ៍នេះ ដោយសារជំនឿផ្នែកសាសនា។  នៅសម័យអង្គរ «ទឹក និងភ្នំ»  ជាការតំណាងឲ្យមហាសមុទ្រ និងភ្នំ។ បារាយណ៍ តំណាងឱ្យមហាសមុទ្រ និងប្រាសាទ តំណាងឱ្យភ្នំ។ 
 
សំណង់ប្រាសាទភាគច្រើន មានគូទឹកព័ទ្ធជុំវិញ ប៉ុន្តែក៏មានការកសាងប្រាសាទនៅក្នុងបារាយណ៍។ ការសាងសង់បែបនេះ ដោយចាត់ទុកបារាយណ៍ ដែលមានស្រាប់ ប្រៀបបានជាមហាសមុទ្រ។ អ្នកសាងសង់ មិនចាំបាច់ជីកកសិន្ទុព័ទ្ធជុំវិញទៀតឡើយ។
 
នៅក្នុងរមណីយដ្ឋានអង្គរ ប្រាសាទ ដែលនៅកណ្ដាលបារាយណ៍ មានច្រើនណាស់។ ប្រាសាទមេបុណ្យខាងលិច ស្ថិតនៅក្នុងបារាយណ៍ខាងលិច ក្នុងរជ្ជកាលព្រះបាទឧទ័យទិត្យវរ្ម័នទី២។ ប្រាសាទលលៃ ស្ថិតនៅក្នុងបារាយណ៍បារាយឥន្ទ្រតដាក ឬ បារាយណ៍លលៃ ក្នុងរជ្ជកាលព្រះបាទឥន្ទ្រវរ្ម័នទី១ ។ ប្រាសាទនាគព័ន្ធ ស្ថិតនៅក្នុងបារាយណ៍ជយតដាក ក្នុងរដ្ជកាលព្រះបាទជ័យវរ្ម័នទី៧។ 
 

ក្នុងរាជព្រះបាទរាជេន្ទ្រវម៌្មទី២ ព្រះអង្គ បានកសាងប្រាសាទមួយចំនួន បន្ទាប់ពីព្រះអង្គបានយាងត្រឡប់ពីរាជធានីកោះកេរ មករាជធានី យសោធរៈបុរៈ វិញនៅឆ្នាំ៩៤៤។ ស្នាព្រះហស្ថរបស់ព្រះបាទរាជេន្ទ្រវម៌្មទី២  មានដូចជា ប្រាសាទមេបុណ្យខាងកើត, ប្រាសាទប្រែរូប និងប្រាសាទបាតជុំ។ 
 
តាមរយៈស្ថាបត្យកម្ម ព្រះបាទរាជេន្ទ្រវម៌្មទី២ សង់ប្រាសាទអំពីឥដ្ឋ ដែលមានទម្រង់ជាប្រាសាទភ្នំ។ ប៉ុន្តែ ថ្មបាយក្រៀម និងថ្មភក់ ក៏ត្រូវបានប្រើប្រាស់ដើម្បីធ្វើជា កំពែង ខឿន សសរពេជ្រ ស៊ុមទ្វារ និងផ្ដែរ។ ប្រាសាទក្នុងរាជរបស់ព្រះអង្គរ មានសម្រស់ស្រស់ត្រកាលណាស់។ ប្រាសាទមេបុណ្យខាងកើត និងប្រាសាទប្រែរូប ជាសំណង់ឥដ្ឋដ៏វិសេសវិសុទ្ធបំផុតនាសម័យអង្គរ។ 
 
ប្រាសាទមេបុណ្យខាងកើត ក៏ជាសំណង់ដែលសង់អំពីឥដ្ឋលាយថ្មភក់ និងថ្មបាយក្រៀម។ ក្រៅពីប្រាង្គសំខាន់ៗទាំង៥ ក៏មានអគាររណបដែលមានទម្រង់ទ្រវែងៗសង់ព័ទ្ធស្ទើរជុំវិញ រួមទាំងប្រាង្គរណប ដែលសង់អំពីថ្មបាយក្រៀម និងអំពីឥដ្ឋជាច្រើនផ្សេងទៀត៕

Tag:
 (ប្រាសាទមេបុណ្យខាងកើត
  បារាយណ៍)
© រក្សាសិទ្ធិដោយ thmeythmey.com