កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ស៊ីហ្គេម៖ បង្កើតដំបូងឆ្នាំ១៩៥៩ មាន៧ប្រភេទកីឡាប៉ុណ្ណោះ ស្ថិតគ្រប់ព្រឹត្តិការណ៍ទាំង៣១លើក
05, Mar 2023 , 11:00 pm        
រូបភាព
ព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (SEAP Games) សព្វថ្ងៃស៊ីហ្គេម (SEA Games) ឆ្នាំ១៩៥៩ ក្នុងក្រុងបាងកក ប្រទេសថៃ
ព្រឹត្តិការណ៍កីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (SEAP Games) សព្វថ្ងៃស៊ីហ្គេម (SEA Games) ឆ្នាំ១៩៥៩ ក្នុងក្រុងបាងកក ប្រទេសថៃ
ចាប់តាំងពីបង្កើតកីឡាស៊ីហ្គមេ (SEA Games) នៅឆ្នាំ១៩៥៩មក មានតែប្រភេទកីឡាចំនួន៧ប៉ុណ្ណោះដែលមានវត្តមានគ្រប់ព្រឹត្តិការណ៍ទាំង៣១លើក។ ៧ប្រភេទកីឡានោះរួមមាន កីឡាអត្តពលកម្ម វាយសី ប្រដាល់សកល បាល់ទាត់ បាញ់កាំភ្លើង ហែលទឹក និងកីឡាវាយកូនឃ្លីលើតុ។ ប៉ុន្តែ ចំណោម៧ប្រភេទកីឡានេះ មានមួយប្រភេទដែលម្ចាស់ផ្ទះកម្ពុជាមិនបានដាក់បញ្ចូលសម្រាប់ការរៀបចំលើកដំបូងរបស់ខ្លួន។


ការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថាស៊ីហ្គេម ជាព្រឹត្តិការណ៍កីឡាពហុជាតិសាសន៍​នៃបណ្ដាប្រទេស​នៅអាស៊ីអាគ្នេយ៍ទាំង១១។ ស៊ីហ្គេម ត្រូវបានប្រារព្ឋធ្វើឡើងរៀងរាល់២ឆ្នាំម្ដង​ ដោយប្រទេសជាសមាជិកផ្លាស់ប្ដូរវេនគ្នាធ្វើជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍នេះរៀបចំឡើងដោយ​ សហព័ន្ឋកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ (SAGF) ក្រោមការត្រួតពិនិត្យពី គណកម្មការអូឡាំពិកអន្តរជាតិ (IOC ) និង ក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA)។
 
ស៊ីហ្គេម ប្រារព្ធធ្វើឡើងលើកដំបូងនៅថ្ងៃទី១២ ដល់១៧ ខែធ្នូ ឆ្នាំ១៩៥៩ ក្នុងក្រុងបាងកក ប្រទេសថៃ ដែលកាលនោះនៅមានឈ្មោះជាកីឡាឧបទ្វីបអាស៊ីអាគ្នេយ៍ (SEAP Games) នៅឡើយ មុនប្តូរឈ្មោះទៅស៊ីហ្គេមឆ្នាំ១៩៧៧។ ប្រទេសចូលរួមប្រកួតប្រជែងមានចំនួន៦ រួមមាន មីយ៉ាន់ម៉ា (ភូមា) ឡាវ ម៉ាឡេស៊ី (ម៉ាឡាយ៉ា) វៀតណាម (វៀតណាមខាងត្បូង) សិង្ហបុរី និងម្ចាស់ផ្ទះថៃ ដោយឡែកកម្ពុជាដែលជាប្រទេសសហស្ថានិកទាំង៦ មិនបានចូលរួមនៅព្រឹត្តិការណ៍ដំបូងនេះឡើយ។
 
ស៊ីហ្គេមលើកដំបូងឆ្នាំ១៩៥៩  មានអត្តពលិកលើសពី៥២៧នាក់ចូលរួមប្រកួតប្រជែង ក្នុង១២ប្រភេទកីឡា។ ១២ប្រភេទកីឡានោះរួមមាន កីឡាអត្តពលកម្ម វាយសី ប្រដាល់សកល បាល់ទាត់ បាញ់កាំភ្លើង ហែលទឹក វាយកូនឃ្លីលើតុ ជិះកង់ លើកទម្ងន់ បាល់ទះ វាយកូនបាល់ និងទូកក្កោង។
 
ក្នុងចំណោម១២ប្រភេទកីឡានេះ មានតែ៧ប្រភេទកីឡាប៉ុណ្ណោះដែលមានឈ្មោះគ្រប់ការប្រកួតកីឡាស៊ីហ្គេមទាំង៣១លើកកន្លងមក។ កីឡាទាំង៧ប្រភេទដែលបណ្តាម្ចាស់ផ្ទះដាក់បញ្ចូលមិនដែលខានរួមមាន កីឡាអត្តពលកម្ម វាយសី ប្រដាល់សកល បាល់ទាត់ បាញ់កាំភ្លើង ហែលទឹក និងវាយកូនឃ្លីលើតុ។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ម្ចាស់ផ្ទះកម្ពុជា មិនបានបញ្ចូលប្រភេទកីឡាបាញ់កាំភ្លើង ក្នុងប្រភេទកីឡាទាំង៣៧ ដើម្បីប្រកួតប្រជែងនៅឆ្នាំ២០២៣នោះឡើយ៕ 

Tag:
 (ស៊ីហ្គេម២០២៣)
© រក្សាសិទ្ធិដោយ thmeythmey.com